ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច​ប្រគល់​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ប្រគល់​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ទៅ​ដាក់​គណៈ​ទី​៦ និង​ទី​៤​នៃ​រដ្ឋសភា​សិក្សា​រួច​ដាក់​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ មុន​នឹង​ដាក់​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ។ លោក ឈាង វុន ប្រធាន​គណៈ​ទី​៥​នៃ​រដ្ឋសភា…

រាជធានី​ភ្នំពេញ ៖ គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​ប្រគល់​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ទៅ​ដាក់​គណៈ​ទី​៦ និង​ទី​៤​នៃ​រដ្ឋសភា​សិក្សា​រួច​ដាក់​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ មុន​នឹង​ដាក់​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ។

លោក ឈាង វុន ប្រធាន​គណៈ​ទី​៥​នៃ​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​អចិន្ត្រៃយ៍​នា​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ​ថា អចិន្ត្រៃយ៍​បាន​ប្រគល់​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទូ​ន​) ទៅ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា (​គ​៦) ដោយ​សហការ​ជាមួយ​គណៈកម្មការ​មហាផ្ទៃ​ការពារ​ជាតិ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា (​គ​៤) ធ្វើការ​ពិនិត្យ និង​សិក្សា ហើយ​សិក្សា​ធ្វើ​របាយ​ណ៍​ដូច​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។ លោក ឈាង វុន បាន​បន្ត​ថា ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​បាន​ធ្វើ​វិសោធនកម្ម​ច្រើន លើក​មក​ហើយ ហើយ​ការ​ធ្វើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) ដើម្បី​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត និង ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ជាប់ពិរុទ្ធ បើសិន​តុលាការ​កំពូល​បាន​សម្រេច​កាត់សេចក្តី​ដល់ អ្នកនយោបាយ​កំពូល​របស់​គណបក្ស​នយោបាយ​ណា​ក៏​ដោយ ឬ​តាម​ការ​ប្តឹង​របស់​ក្រសួងមហាផ្ទៃ ឬ​តាម​ការ​ប្តឹង​គណបក្ស​នយោបាយ​ផ្សេង​ៗ​ទៀត​ក៏​បាន ។

លោក​បាន​បញ្ជាក់​ថា «​នៅ​ពេល​តុលាការ​កំពូល​កាត់សេចក្តី​ឲ្យ​ជាប់ពិរុទ្ធ​យើង​ចាំបាច់​លើកទឹកចិត្ត​ដល់​គាត់​នៅ​ពេល​ខិតខំ​ប្រឹងប្រែង​កែខ្លួន ។ អ្នក​នៅ​តែ​ខូចខិល​មិន​កែប្រែ​ខ្លួន​ក៏​យើង​មិន​បាន​លើកលែង​ឲ្យ​ដែរ ។ អី​ញ្ចឹ​ង​កន្លង​មកនេះ​យើង​ដឹង​ថា កន្លង​មកនេះ​អ្នកនយោបាយ​មួយ​ចំនួន​ដែល​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ក៏​ចូល​ផ្លូវ​នឹង​ដែរ​ព្រោះថា មាន​អ្នក​អនុវត្ត​ច្បាប់ និង​អ្នក​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល​អី​ញ្ចឹ​ង​លើកទឹកចិត្ត​ចំពោះ​អ្នក​អនុវត្ត​សាលក្រម​របស់​តុលាការ​» ។
លោក​ក៏​បាន​លើក​ឡើង​ថា ច្បាប់​គណបក្ស​នយោបាយ​នៅ​ពេល​កន្លង​មក​មិន​បាន​ចែង​ថា ការ​លើកលែង​ដល់​អ្នកនយោបាយ​ដែល​អនុវត្ត​សាលក្រម​ហើយ​ត្រូវ​បាន​លើកលែង ឬ​ផ្តល់​នីតិសម្បទា​វិញ តាម​ដំណើរ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទៅ​នាយក​រដ្ឋមន្ត្រី ហើយ​នាយក​រដ្ឋមន្ត្រី ថ្វាយ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ផ្តល់​នីតិសម្បទា​ជូន ។ លោក​ថា​«​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មានការ​ប្រែប្រួល​អី​ញ្ចឹ​ង​យើង​ត្រូវ​កែសម្រួល ដើម្បី​ឲ្យ​ស្រប​តាម​តម្រូវការ​អី​ញ្ចឹ​ង​យើង​បាន​ជូន​ទៅ​គណៈកម្មការ​ទី​៦ និង​គណៈ កម្ម​ការ​ទី​៤​ពិនិត្យ និង​សិក្សា​សំ​ពោះ​សំណើ​របស់​ម្ចាស់​ហត្ថលេខី​ជាង​៨០​នាក់​នេះ​ធ្វើ​វិ​សោ​ន​ធ​កម្ម​ច្បាប់​នេះ​» ។

សម្រាប់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ដែរ ត្រូវ​បាន​លោក ឈាង វុន​បាន​អះអាង​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កែស​ម្រូ​ល​សភាពការណ៍​នៅ​ក្នុង​សង្គម​មួយ​ផ្នែក ទោះបីជា​មិន​បាន​ទាំងមូល​ក៏​ដោយ ។ លោក​ថា​«​បើ​យើង​ធ្វើការ​បង្រួបបង្រួម​ជាតិ​ទាំងមូល​មិន​បាន​ទាំងអស់​ទេ​បាន​មួយ​ចំនួន​ក៏​បាន​ដែរ​! ឲ្យ​តែ​បាន​ក៏​វា​ធូរស្រាល​សភាពការណ៍​សង្គម​នៅ​កម្ពុជា​យើង​ដែរ ។ ហើយ​អ្វី​ដែល​យើង​ចង់បាន​នោះ គឺ​ចង់បាន​ទាំងអស់​យើង​មិន​ចង់​ផាត់​ប្រជាពលរដ្ឋ​ណាមួយ​ទេ ក្នុង​ន័យ​នយោបាយ​យើង​ចង់​ឲ្យ​មានការ​ចូលរួម​ចំណែក​ទាំងអស់​គ្នា​» ។ លោក ឈាង វុន ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ ពិសេស​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​រំលាយ​នោះ​ទេ ។ គឺ​ពាក់ព័ន្ធ​តែ​បុគ្គល និង​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​រំលាយ​ទៅ​តែ​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ថា «​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន យើង​មិន​ដែល​ដាក់ខ្លួន​យើង​ទទួល​សម្ពាធ​ពី​បរទេស​ទេ យើង​តែងតែ​គិត​ពី​អធិបតេយ្យភាព​របស់​ជាតិ​ឯករាជ្យ​អធិបតេយ្យ​ជាតិ​យើង​ដែល​ប្រជាជន​កម្ពុជា​គួរតែ​ប្រកាន់​ភ្ជាប់​» ។ តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​រដ្ឋសភា​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​អ្នកនយោបាយ មួយ​ចំនួន​ត្រូវ​បាន​ផ្តល់​នី​ត​សម្បទា​ឲ្យ​ធ្វើ​នយោបាយ​ឡើង​វិញ មិន​អាច​យកឈ្មោះ​គណបក្ស ដែល​តុលាការ​រំលាយ​រួច​ហើយ​មក​ធ្វើ​នយោបាយ​បាន​ឡើយ ។

សូម​ជម្រាប​ថា​សូម​ជម្រាប​ថា​សេចក្តី​ស្នើ​វិសោធន៍​ច្បាប់​ស្តី​គណបក្ស​នយោបាយ​នេះ​ត្រូវ​បាន​សម្តេច ស​ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ធ្លាប់​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដើម្បី​បើកផ្លូវ​ឲ្យ​មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​អនុវត្ត​សាលក្រម​តុលាការ​កំពូល ដើម្បី​ផ្តល់​នីតិសម្បទា​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ​តាម​រយៈ​សំណើរ​របស់​រដ្ឋមន្ត្រី​ទៅ​នាយក​រដ្ឋមន្ត្រី ដើម្បី​ថ្វាយ​ព្រះ​មហា​ក្ស​ក្រ​ផ្តល់​នីតិសម្បទា​ដ ល់​អ្នកនយោបាយ​ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ទោះបីជា​យ៉ាងណា​ក្តី​នៅ​ក្នុង​បម្រាម​អ្នកនយោបាយ​១១៨​នាក់ មាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មិន​គោរព​តាម​សាលក្រម​តុលាការ​កំពូល​តែ​មួយ​ចំនួន​ភាគី​ច្រើន​គេ​គោរព ។ សម្តេច​បញ្ជាក់​ថា «​នេះ​ក៏​យើង​ទទួលស្គាល់​ការ​ពិត​លើកលែងតែ​ថា​ទាំងនេះ​ទាល់តែ​៥​ឆ្នាំ​បាន​ផុត​ទោះបីជា​អ្នក​គោរព ឬ​មិន​គោរព​ដ៏​ដោយ ឬ​ក៏​គាត់​គិត​បែប​នឹង ។ ប៉ុន្តែ​សាលា​ក្រម​តុលាការ​កំពូល​បាន​ដាក់​បម្រាម​អ្នក​១១៨​នាក់​នឹង គឺ​បិទផ្លូវ​តវ៉ា​មិន​មាន​ច្រកចេញ​បាន​ទេ​អីចឹង ដើម្បី​ដោះស្រាយ​បញ្ហា នេះ​មាន​តែ​ធ្វើ​វិ​សោ​ន​កម្ម​ច្បាប់​នេះ ដើម្បី​ជា​ច្រកចេញ​» ។

សម្តេច ស ខេ​ង បាន​ឲ្យ​ដឹង​ថា រដ្ឋសភា​បាន​កំពុង​ធ្វើ​សេចក្តី​ស្នើ​ច្បាប់ (​ច្បាប់​មាន​សេចក្តីព្រាងច្បាប់ និង​សេចក្តី​ស្នើ​ច្បាប់​) សេចក្តីព្រាងច្បាប់ គឺ​ច្បាប់​ដែល​ព្រាង​ពី​រាជរដ្ឋាភិបាល ឯ​សេចក្តី​ស្នើ​ច្បាប់ គឺ​តំណាងរាស្ត្រ​មាន​សិទ្ធិ​ធ្វើ​សេចក្តី​ស្នើ​ច្បាប់ ។ សម្តេច​គូសបញ្ជាក់​ថា​« សេចក្តី​ស្នើ​ច្បាប់​នេះ គឺ​ដើម្បី​ផ្តល់​និ​តី​សម្បទា​ដល់​អ្នក​គោរព​សាលក្រម​ហ្នឹង ដើម្បី​លទ្ធភាព​ដល់​អ្នក​គោរព​សាលក្រម​មាន​លទ្ធភាព​ដក​ចេញ​នូវ​បម្រាម​ហាមឃាត់​ធ្វើ​នយោបាយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ