ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ ធី និង សាន សៅ​យ៉ា​ន់ ត្រូវ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ប្រកាស​បញ្ឈរជើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា កន្លង​មកនេះ បាន​ចេញ​សេច​ក្ដី​សម្រេច​ជា​ផ្លូវការ​ដោយ​ប្រកាស​បញ្ឈរជើង​លោក សាន សៅ​យ៉ា​ន់ ប្រធាន​ក្លិប​និង​ជា​គ្រូបង្វឹក​ក្លិប​សាន​សៅ​​យ៉ា​ន់​នាគា​ខេត្តបន្ទាយមានជ័យ តាម​រយៈ​ការ​ផ្អាក​ការងារ​ជា​ចៅក្រម…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា កន្លង​មកនេះ បាន​ចេញ​សេច​ក្ដី​សម្រេច​ជា​ផ្លូវការ​ដោយ​ប្រកាស​បញ្ឈរជើង​លោក សាន សៅ​យ៉ា​ន់ ប្រធាន​ក្លិប​និង​ជា​គ្រូបង្វឹក​ក្លិប​សាន​សៅ​​យ៉ា​ន់​នាគា​ខេត្តបន្ទាយមានជ័យ តាម​រយៈ​ការ​ផ្អាក​ការងារ​ជា​ចៅក្រម និង​អាជ្ញាកណ្ដាល​រយៈពេល​៦​ខែ​។​ចំណែក​កីឡាករ សុខ ធី វិញ​ក៏​ត្រូវ​បាន​ប្រកាស​លែងឱ្យ​ឡើង​សង្វៀន​ប្រកួត​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​រយៈពេល​៦​ខែ​ដូច​គ្នា​។

លោក រាជ សុ​ផែន មន្ត្រី​គណៈកម្មការ​វិន័យ របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ប្រាប់​កោះសន្តិភាព​ថា ការ​ចេញ​សេចក្ដីសម្រេច​បញ្ឈរជើង​ទាំង​គ្រូ​និង​សិស្ស​របស់​ក្លិប​សាន​សៅ​យ៉ា​ន់​នាគា​ទាំង​ពីរ​រូប​នេះ ដោយ​សារ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​ខុស​ទៅ​នឹង​បទបញ្ជា​បច្ចេកទេស​នៃ​ការ​ប្រកួត ។

ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​នេះ លោក សាន សៅ​យ៉ា​ន់ និង​កីឡាករ សុខ ធី បាន​រួមគំនិត​គ្នា​ធ្វើ​ឱ្យ​ខូច​កម្មវិធី​ប្រកួត​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​អន្តរជាតិ ISI ទោះបី​សហព័ន្ធ​ក៏​ដូច​ជា​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី ខិតខំ​ប្រឹងប្រែង​ស្វែងរក​ដំណោះ​ស្រាយ​កណ្ដាល​មួយ ថែម​ទាំង​ជួយ​សម្រួល​ការងារ​ច្រើន​បែប​ណា​ក៏​ដោយ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ សុខ ធី បាន​មក​ប្រកួត​វិញ ក៏​ពួក​គេ​មិន​យល់ព្រម​ដែរ ។

ហេតុ​ដូច្នេះ​ហើយ​បានជា​សហព័ន្ធ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ បាន​ចេញ​សេចក្ដីសម្រេច​ជា​ផ្លូវការ​ដក​លោក សាន សៅ​យ៉ា​ន់ ចេញពី​ការងារ​ជា​មន្ត្រី​ចៅក្រម និង​អាជ្ញាកណ្ដាល​ប៉ុស្តិ៍​បាយ័ន​រយៈពេល​៦​ខែ ។ ចំណែក​កីឡាករ សុខ ធី​មិន​ត្រឹមតែ​បញ្ឈរជើង​លែងឱ្យ​ឡើង​ប្រកួត​លើ​សង្វៀន​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រកាស​លែងឱ្យ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ទៀត​ផង​។

ទន្ទឹម​គ្នា​នេះ​ដែរ លោក ម៉ា ស៊ី​ថេ​ត​ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រដាល់​CBS( CTN CNC MYTV)​ក៏​បាន​ធ្វើ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​មួយ​ជូន​ដល់​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ថា ក្រុមហ៊ុន​របស់​លោក​ក៏​បាន​ឯកភាព​គ្នា​ជាមួយ​ក្រុមហ៊ុន ISI STEEL​សម្រេច​ដក​កីឡាករ​សុខ ធី ចេញពី​កម្មវិធី​ប្រកួត​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក រដូវ​កាល​ទី​៣​ជា​ផ្លូវការដែរ ។

ការ​សម្រេច​បែប​នេះ​ដោយសារ​តែ​លោក សាន សៅ​យ៉ា​ន់ និង​កីឡាករ សុខ ធី​នៅ​តែ​មានះ រឹងរូស ថែម​ទាំង​ប្រាប់​ដោយ​ផ្ទាល់មាត់ ថា លោក​មិន​ព្រម​ចូលរួម​នៅ​ក្នុង​កម្មវិធី​ប្រកួត​ខាងលើ​នេះ​ទៀត​ទេ ដោយសារ​សហព័ន្ធ​មិន​ព្រម​ឯកភាព​តាម​សំណូមពរ​របស់​គេ ។

លោក ម៉ា ស៊ី​ថេ​ត បាន​លើក​ឡើង​ទៀត​ថា ខាង​ក្រុមហ៊ុន​CBS​សម្រេចចិត្ត​ដក​បុគ្គល​ទាំង​ពីរ​រូប​នេះ​ចេញពី​កម្មវិធី​ប្រកួត ដោយសារ​មើលឃើញ​ថា ពួក​គេ​មិន​គោរព​តាម​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀង​គ្នា និង​បទ​បញ្ជា​បច្ចេកទេស​នៃ​ការ​ប្រកួត ។ ម្យ៉ាងវិញទៀត លោក​ក៏​បាន​ទាក់ទង​ទៅ​ភាគី​ថៃ និង​One FC​រួច​ហើយ​ថា ករណី​ដែល​ពួក​គេ​មិន​ទាន់​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដាច់ខាត​មិន​អនុញ្ញាត​ឱ្យទៅ​ប្រកួត​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ