ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​គ្រាន់តែ​«ផោម»ឱ្យមហាជន​ហិត​​តែ​ប៉ុណ្ណោះ…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​អាជ្ញាធរ​ខេត្តនិងសមត្ថកិច្ច​ដែល​អះអាង​ថា នឹង​បញ្ជា​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចុះ​ទៅ​សួរនាំ​អំពី​ផ្លូវច្បាប់នៃ​ការ​បើកឱ្យ​មាន​ល្បែងស៊ីសង​យ៉ាង​វក់វី ជ្រក​​ក្រោម​កន្ទុយ​កាស៊ីណូនៅ​ជាប់​ព្រំដែន​ខ្មែរ​-ថៃ ក្នុង​ស្រុក​សំពៅ​លូន​នោះ រហូត​មក​ដល់​ពេល​នេះ ​នៅ​តែ​ស្ងាត់ឈឹង​ដដែល មិន​ទ​ទូល​បាន​លទ្ធផល​ឡើយ ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​ថា…

ខេត្តបាត់ដំបង ៖ ​អាជ្ញាធរ​ខេត្តនិងសមត្ថកិច្ច​ដែល​អះអាង​ថា នឹង​បញ្ជា​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចុះ​ទៅ​សួរនាំ​អំពី​ផ្លូវច្បាប់នៃ​ការ​បើកឱ្យ​មាន​ល្បែងស៊ីសង​យ៉ាង​វក់វី ជ្រក​​ក្រោម​កន្ទុយ​កាស៊ីណូនៅ​ជាប់​ព្រំដែន​ខ្មែរ​-ថៃ ក្នុង​ស្រុក​សំពៅ​លូន​នោះ រហូត​មក​ដល់​ពេល​នេះ ​នៅ​តែ​ស្ងាត់ឈឹង​ដដែល មិន​ទ​ទូល​បាន​លទ្ធផល​ឡើយ ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​ថា សមត្ថកិច្ច​ដែល​មាន​អំណាច​មួយ​ចំនួន​អាច​ស្ថិត​នៅ​ពីក្រោយ នៃ​បន​ល្បែង​ទាំងនេះ ហើយ​ការ​អះអាង​របស់​សមត្ថកិច្ច​ដែល​ថា នឹង​ចុះ​ស្រាវជ្រាវ​សួរនាំ​អំពី​ផ្លូវច្បាប់​នោះ គឺ​គ្រាន់តែ​ជា​ការ​ផ្ដល់​ដំណឹង​បែប​ «​ប្រជា​ភិ​ថុ​ត»ឬផោមឱ្យគេហិត​​តែ​ប៉ុណ្ណោះ​ ។

មន្ត្រី​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្តក៏​ដូច​ជា​ស្នងការដ្ឋាន​ខេត្ត ឬ​ស្ថាប័ន​ដទៃ​ទៀត​ដែរ គឺ​គ្មាន​ផែន​ការ​ចុះ​ស្រាវជ្រាវ​រក​ច្បាប់ទម្លាប់នៃ​បន​ល្បែង​សំងំ​​ក្រោម​ស្លាក​កាស៊ីណូ​ «​ប៉ា​រី​ស​» ​នៅ​ស្រុក​សំពៅ​លូននេះ​
ទេ​ ។ នេះ​គ្រាន់តែ​ជា​ការ​ផ្ដល់​ដំណឹង​បែប ​«​ប្រជា​ភិ​ថុ​ត ​ឬ​ភូត​កុហក់​» តែ​ប៉ុណ្ណោះ ក្នុង​បំណង​ឱ្យ​ស្រាល​សភាព​ការណ៍​​ ។ រហូត​មក​ដល់​ពេល​នេះ ទីតាំង​ល្បែង​នេះ​ នៅ​តែ​បើកទ្វារ​ចំហរ​ទ​ទូល​អតិថិជន​យ៉ាង​គគ្រឹក​គគ្រេង​រាល់ថ្ងៃ​ដដែល ដោយ​គ្មាន​ការ​រំខាន​ពី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ឡើយ​ ។ ប៉ុន្តែ​ស្ថិត​ក្នុង​ក្រោម​ការ​យាមកាម​យ៉ាង​តឹងតែង​ពី​ឆ្មាំ​សន្តិសុខ​ស្រី-ប្រុស សូ​ម្បី​ថតរូប​ពី​ខាងក្រៅ​ក៏​ត្រូវ​ឆ្មាំ​ទ្វារ​ចេញ​មក​រារាំង​យ៉ាង​ខ្លាំងក្លា​ដែរ​។

មន្ត្រី​រូប​នេះ​​បាន​ប្រាប់​ថា កាស៊ីណូ​ «PARIS» នេះ​ មាន​ច្រកចូល​២​កន្លែង​។ ច្រក​ខាង​មុខ​ដែល​មាន​រៀបចំ​ស្អាត មាន​យីហោ​ត្រឹម​​ត្រូវ គឺ​បើក​ទ​ទូល​ភ្ញៀវ​ដែល​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ជា​ធម្មតា ។ រីឯ​ច្រក​មួយ​កន្លែង​ទៀត​ គេ​បើក​នៅ​ចំហៀង​ផ្នែក​ខាងក្រោយ​ សម្រាប់​ទ​ទូល​ភ្ញៀវ​ចូល​​លេងល្បែង​ខុសច្បាប់​ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ភ្ញៀវ​ជនជាតិ​ខ្មែរ​​ដែល​ចូល​លេងល្បែង​ខុសច្បាប់ នៅ​កន្ទុយ​កាស៊ីណូ​នេះ មាន​ឆ្មាំទ្វារ​ប្រុស​-ស្រី​យាមកាម​យ៉ាង​តឹងតែង​។

ក្រុម​ឆ្មាំ​ទាំងនេះ​ ជា​អ្នក​ត្រូ​ត​ពិនិត្យ​រាល់​ការ​ចេញចូល​របស់​ភ្ញៀវ និង​ចាំ​រារាំង​ដល់​អ្នក​សារ​ព័​ត៌​​មាន ​ដែល​ព្យា​យាម​ថតរូប​ភាព​ពី​ខាងក្រៅ​ ។ ល្បែង​ដែល​ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​នេះ មាន​សង្វៀន​ជល់​មាន់ ល្បែង​អាប៉ោង បៀរ និង​មាន​ល្បែង​ហ្គេ​ម​បាញ់​ត្រី​ផង​ដែរ​ ។ ប្រភព​បាន​ប្រាប់​ថា អ្នក​ដែល​ចូល​លេងល្បែង​នេះ ស្ទើរ​៩០% ជា​ប្រជា​កសិករ​ខ្មែរ​ ។ ពេល​នេះ​ ពួក​គេ​កំពុង​សម្រុក​យ៉ាង​ខ្លាំង ខណៈ​ពេល​នេះ​ជា​រដូវ​ប្រមូល​កសិផល​លក់​បាន​ប្រាក់​ផង​។

​កាលពី​ចុងខែ​វិច្ឆិកា​កន្លង​​ទៅ​នេះ លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​ប្រាប់​កោះសន្តិភាព​ថា ក្រោយ​ពី​បែកធ្លាយ​នូវ​បន​ល្បែង​ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​ខាងលើ​នេះ លោកស្នងការ​ខេត្ត​បាន​ចេញ​បញ្ជា​​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​សួរនាំ​អំពី​ច្បាប់ទម្លាប់​ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ហាក់​គ្មាន​ការ​ស៊ើបអង្កេត​ណាមួយ​ ត្រូវ​បាន​ធ្វើ​ឡើង​ឡើយ​ ។

ផ្ទុយ​ទៅ​វិញ បន​ល្បែង​ទាំងនោះ​ នៅ​តែ​បើកទ្វារ​ដំណើ​ការ​យ៉ាង​រលូន ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ​ឬ​លោកស្នងការ​ខេត្ត​ឡើយ​។ ជាមួយ​គ្នា​នេះ​ មតិ​នានា ក៏​បាន​លើក​ឡើង​ដែរ​ថា បន​ល្បែង​ដែល​ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​ខាងលើ​នេះ​ គ្មាន​ឈ្មោះ​នៅ​ក្នុង​អាជ្ញាប័ណ្ណ​របស់​កាស៊ីណូ​ទេ​ ។ ល្បែង​ទាំងនេះ​គ្រាន់តែ​បន្លំ​ខ្លួន សម្ងំ​ជ្រោក​ក្រោម​កន្ទុយ​កាស៊ីណូ​តែ​ប៉ុណ្ណោះ​ ។ មាន​មន្ត្រី​ខិលខូច​មួយ​ចំនួន​ក៏​កំពុង​ធ្វើ​ជា​បង្អែក នៃ​បទល្មើស​នេះ​ដែរ​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី មិន​បាន​បកស្រាយ​យ៉ាងណា​ទៀត​​ទេ ជុំវិញ​បន​ល្បែងស៊ីសង​គ្មាន​ច្បាប់ ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​ «PARIS» នេះ​ ។ លោក​គ្រាន់តែ​បញ្ជាក់​ជា​ថ្មី​ថា «​មិន​ទាន់​មានការ​សួរនាំ​អ្វី​នៅឡើយ​ទេ​»​។ ប៉ុន្តែ​លោក​បាន​ប្រាប់​ថា «​បើ​តាម​ព័​ត៌​មាន​ខ្លះ​ៗ បន​ល្បែងនេះ ​ទំនង​គ្មាន​ច្បាប់​មែន​»​ ។

ដោយឡែក ​ពាក់ព័ន្ធ​នឹង​កាស៊ីណូ​នេះ កំពុង​ធ្វើ​ចរាចរ​ណ៍​​ប្រាក់​រៀល​បំពាន​ច្បាប់​​នោះ លោក​ជេ​ត វណ្ណ​នី បាន​មាន​ប្រសា​ស​ន៍​ដែរ​​ថា «​ខ្ញុំ​ក៏​បាន​ទ​ទូល​ព័​ត៌​​មាន​នេះ​ដែរ តែ​ពេល​នេះ​ ខ្ញុំ​កំពុង​រក​វិធីសាស្ត្រ​ ដើម្បី​ធ្វើ​ការងារ​នេះ​​ហើយ​» ប៉ុន្តែ​លោក​មិន​បាន​និយាយ​អំពី​វិធានការ​បង្ក្រាប​បន​ល្បែង​ខុសច្បាប់​នេះ​ទេ​ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅកាសែតកោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ