ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​អាច​រង​ផល​ប៉ះពាល់​ពី​កត្តា​មួយ​ចំនួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ហានិភ័យ​នានា​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ នឹង​បន្ត​កើនឡើង​ដែល​ពាក់ព័ន្ធ​ច្រើន​ទៅ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ ខណៈ​ហានិភ័យ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​រួម​មាន សក្តានុពល​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​សម្រាប់​កម្ពុជា និង​ផល​ប៉ះពាល់​ដែល​មិន​អាច​ព្យាករណ៍​ទុក​បាន​ដែល​កើត​ចេញពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន…

រាជធានី​ភ្នំពេញ ៖ ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ហានិភ័យ​នានា​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ នឹង​បន្ត​កើនឡើង​ដែល​ពាក់ព័ន្ធ​ច្រើន​ទៅ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ ខណៈ​ហានិភ័យ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​រួម​មាន សក្តានុពល​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​សម្រាប់​កម្ពុជា និង​ផល​ប៉ះពាល់​ដែល​មិន​អាច​ព្យាករណ៍​ទុក​បាន​ដែល​កើត​ចេញពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ។

អ្នក​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា លោក លី សុ​ដេ​ត ត្រូវ​បាន​ស្រង់​សម្ដី​នៅ​ក្នុង​របាយការណ៍​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា ការ​ការពារ​វិស័យ​ហិរញ្ញវត្ថុ​ឲ្យ​បាន​ល្អ គឺជា​ចំណុច​អាទិភាព​មួយ​សម្រាប់​កម្ពុជា ខណៈ​ដែល​ប្រទេស​នេះ​កំពុង​តែ​កសាង​ធនធាន​បម្រុង ពង្រឹង​ភាព​ប្រកួតប្រជែង និង​ទប់ស្កាត់​កំណើន​នៃ​អត្រា​ប្តូរ​ប្រាក់​ពិត ដែល​បណ្តាល​មក​ពី​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ការ​នាំ​ចូល​ទំនិញ​នា​ពេល​ថ្មី​ៗ ។

ទាក់ទង​នឹង​ង​ការ​លើក​ឡើង​របស់​ធនាគារពិភពលោក បើ​តាម​លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) យល់​ស្រប​នឹង​ការ​លើក​ឡើង​ក្នុង​របាយការណ៍​នេះ ដោយសារ​បច្ចុប្បន្ន ទឹកប្រាក់​ជា​ច្រើន​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នេះ ពិសេស​ការ​ត្រួតពិនិត្យ​មិន​គ្រប់​ជ្រុងជ្រោយ​ពាក់ព័ន្ធ​នឹង​ការ​ទិញ​អចលនទ្រព្យ​បង់​រំលស់​នៅ​ក្នុង​វិស័យ​ឯកជន ។

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖« ខ្ញុំ​អត់​មាន​អ្វី​ជំទាស់​ទេ​ចំពោះ​ការ​លើក​ឡើង​នេះ ព្រោះ​លុយ​បាន​ចាក់​ចូល​ទៅ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​ទំហំ​ធំ ហើយ​មួយ​ចំនួន​ទៀត​មិន​បាន​ធ្វើការ​វាស់វែង តាម​រយៈ​ក្រុម​អ្នក​អភិវឌ្ឍន៍​ឡើយ​ដូច​ជា បុរី​គេ​មាន​ផ្តល់​ការ​បង់​រំលស់​ខ្លួនឯង​ជាដើម ។ អីចឹង​ក៏​ជា​ផ្នែក​មួយ​បង្ក​ហានិភ័យ ដោយសារ​អត់​បាន​ត្រួតពិនិត្យ​គ្រប់​ជ្រុងជ្រោយ ។ ម្យ៉ាងទៀត ការ​កសាង​លំនៅ​ឋាន ឬ​លំនៅ​ឋាន​ដែល​មាន​តម្លៃ​មធ្យម​និង​ខ្ពស់ វា​ហាក់ដូច​ចូលរួម​ខ្លាំង អីចឹង​វា​អាច​មាន​វិបត្តិ​ដែរ ព្រោះ​មាន​ពលរដ្ឋ​ខ្លះ​ទិញ​ផ្ទះ​ពីរ​បី​សម្រាប់​ដាក់​ជួល តែ​អត់​មាន​អ្នក​ជួល​ជាដើម »​។

ទោះជា​យ៉ាងនេះ​ក្ដី លោក​បន្ដ​ថា ៖« វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​មិន​ទាន់​ដល់​កម្រិត​ធ្ងន់ធ្ងរ​ពេក​នោះ​ទេ ។ តាម​ពិត​គ្រាន់តែ​វា​មិន​អាច​បង្ក​ធ្វើ​ឱ្យ​ល្បឿន​នៃ​ការ​រីក​លូតលាស់​លឿន​ដូច​ពេល​បច្ចុប្បន្ន និង​ពេល​កន្លង​មក​ប៉ុណ្ណោះ »​។ លោក​ថា ៖« ល្បឿន​វា​អាច​ថយ ឬ​ឈប់​មាន​កំណើន តែ​ឱ្យ​មាន​វិបត្តិ​ធំ​តែ​ម្តង យើង​អត់​ទាន់​ស្មាន​ដឹង​នោះ​ទេ គឺ​អាស្រ័យ​ទៅ​លើ​ចំណាត់ការ​ខាងក្រៅ ដែល​ទាក់ទង​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA »​។

បើ​តាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Fortuna Investment យល់​ឃើញ​ថា ជា​ធម្មតា ហានិភ័យ​ជៀស​មិន​ផុត​នោះ​ទេ ទោះបី​នៅ​ក្នុង​ការ​លៈ​ទេសៈណា​ក៏​ដោយ គ្រាន់តែ​មាន​តិច ឬ​ច្រើន ។
លោក វ៉ា វី​រៈ អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ដែល​ទទួលស្គាល់​ពី​អន្តរជាតិ បាន​មាន ប្រសាសន៍​ថា ៖« តាម​ការ​យល់​ឃើញ​របស់ខ្ញុំ​ទាក់ទង​នឹង​រឿង​EBA​នេះ រាជរដ្ឋាភិបាល​លោក​អាច​មាន​វិធានការ​ឬ​វិធី​ខ្លះ​ៗ​ក្នុង​ការ​ដោះស្រាយ​រឿង តែ​វិធានការ​យ៉ាងណា​នោះ យើង​នៅ​មិនដឹង​នៅឡើយ ដោយ​រង់ចាំ​មើល​ស្ថានភាព​ជាក់ស្តែង »​។ លោក​យល់​ថា ៖« លទ្ធភាព​នៃ​ការ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញពី​កម្ពុជា គឺ​មាន​ច្រើន គេ​អាច​ចរចា​ដើម្បី​ផលប្រយោជន៍​រួម​ទាំង​សហគមន៍​អឺរ៉ុប​និង​កម្ពុជា ។ ដូច្នេះ​ខ្ញុំ​គិត​ថា​អ្នក​ទាំងអស់​គ្នា​អាច​មាន​វិធានការ​ដោះស្រាយ »​។

លោក​បន្ត​ថា ចំពោះ​បញ្ហា​ហានិភ័យ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ដែល​មិន​អាច​មើលឃើញ​នេះ យើង​ក៏​មិន​អាច​ទាយ​ទុក​ថា​នឹង​មាន​អ្វី​កើតឡើង​ដែរ​។ អីចឹង បើសិន​កើត​មាន​បញ្ហា​នេះ​មែន វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចិន​ដែល​មក​វិនិយោគ​នៅ​ខាងក្រៅ ដូច​ជា​កម្ពុជា​យើង​ជាដើម »​។ យ៉ាងណា​ក្ដី លោក​វ៉ា វី​រៈ យល់​ថា ៖« ទាំង​សហរដ្ឋអាមេរិក និង​ចិន ពួក​គេ​សុទ្ធតែ​ជា​អ្នក​ឆ្លាត ដើម្បី​ឈ្នះ​=​ឈ្នះ​ទាំងអស់​គ្នា ។ ដូចនេះ​ករណី​ទាំង​ពីរ​ខាងលើ ខ្ញុំ​នៅ​តែ​មើលឃើញ​ក្នុង​លក្ខណៈ​ជា​វិជ្ជមាន​ថា នឹង​មាន​ដំណោះស្រាយ ទាំង​រឿង EBA​ក៏​ដូច​ជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក »​។
អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​ឲ្យ​ដឹង​ដែរ​ថា ប្រសិនជា​សហគមន៍​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញពី​កម្ពុជា អាច​នឹង​មានការ​កាត់​បន្ថយ​បុគ្គលិក​មួយ​ចំនួន ហើយ​ប្រសិនបើ​ពួក​គេ​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បំណុល​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ នឹង​ធ្វើ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​រង់​ផល​ប៉ះពាល់ ឬ​មាន​ហានិភ័យ ។

លោក​បណ្ឌិត​ថ្លែង​ថា ៖« ដោយសារ​ពួក​គេ​មានការ​ងារ​ធ្វើ គេ​បាន​ខ្ចី​លុយ​មក​សង់ផ្ទះ​, ទិញ​ផ្ទះ​បង់​រំលស់ ឬ​ទិញ​មធ្យោបាយ​យានយន្ដ​ធ្វើ​ដំណើរ​ជាដើម ហើយ​នៅ​ពេល​បាត់បង់​ការងារ ពួក​គេ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​សង​ត្រឡប់​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ »​។ លោក​បណ្ឌិត​ថា ៖« ខ្ញុំ​ធ្លាប់​សម្ភាសន៍​ជាមួយ​ពលរដ្ឋ​មួយ​ចំនួន​ដែល​ជួបនឹង​វិបត្តិ​នេះ ដោយសារ​តែ​ផលិតភាព​ការងារ​ពួក​គាត់​ចុះ​ខ្សោយ នៅ​ពេល​មាន​វ័យ​ចំណាស់ បូក​រួម​នឹង​ដើមហេតុ​នៃ​ការ​កើនឡើង​នៃ​ប្រាក់​ឈ្នួល​ពលកម្ម ពួក​គេ​ត្រូវ​បាន​បញ្ឈប់​ការងារ ។ ដូច្នេះ​វិស័យ​នេះ អាច​មាន​ហានិភ័យ​កើត​ចេញពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដែរ ប្រសិនជា​ត្រូវ​បាន​សហគមន៍​អឺរ៉ុប​ដក​មែន »​។

យោង​តាម​របាយការណ៍​របស់​ធាន​គារ​ជាតិ​នៃ​កម្ពុជា​ប្រចាំឆមាស​ទី​១​ឆ្នាំ​២០១៨​បាន​បង្ហាញ​ទស្សនវិស័យ​សម្រាប់​ឆ្នាំ​២០១៨​ទាំងមូល ថា សេដ្ឋកិច្ច​កម្ពុជា​រំពឹង​នឹង​បន្ត​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់ ដោយ​រក្សា​បាន​ល្បឿន​កំណើន​ខ្ពស់​រឹង​មាំ​ប្រមាណ​៧% ទោះបី​ប្រឈម​នឹង​ហានិភ័យ​ក៏​ដោយ ។ របាយការណ៍​បញ្ជាក់​ថា ៖« ចំពោះ​វិស័យ​ធនាគារ​កំណើន​ឥណទាន​សម្រាប់​វិស័យ​ឯកជន​នឹង​បន្ត​ស្ថិត​ក្នុង​សម​ស្រប​ប្រម​ណ​១៨% ដែល​នឹង​បែងចែក​ទៅ​កាន់​គ្រប់​វិស័យ​ចម្បង​ៗ​នៃ​សេដ្ឋកិច្ច​។ ចំណែក​ការ​អភិវឌ្ឍន៍​វិស័យ​មីក្រូហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នឹង​បន្ត​ជា​កម្លាំង​ច​លករ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដែល​រំពឹង​ថា នឹង​អាច​កើន​ដល់​៥៨% ស្រប​ពេល​ដែល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ត្រូវ​បាន​លើកកម្ពស់​ជា​លំដាប់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ