ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​សន្លប់​ត្រឹម​ទឹក​ទី​២ ឥឡូវនេះ​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​នឹក​ស្មាន​នោះ​ទេ​ថា កីឡាករ​កម្ពុជា មា​ជ សុខ​រ៉ា ធ្លាប់​បាន​សន្លប់​ក្រោម​ដៃ​កីឡាករ​ថៃ Pep Sy ម្ដង​ហើយ…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​នឹក​ស្មាន​នោះ​ទេ​ថា កីឡាករ​កម្ពុជា មា​ជ សុខ​រ៉ា ធ្លាប់​បាន​សន្លប់​ក្រោម​ដៃ​កីឡាករ​ថៃ Pep Sy ម្ដង​ហើយ ក្នុង​ពេល​កីឡាករ​ទាំង​ពីរ​ប៉ះ​គ្នា​ក្នុង​ជំនួប​សន្សំ​ពិន្ទុ នៅ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក និង​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក្នុង​ពេល​អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​ដណ្ដើម​ពិន្ទុ​យក​ចំណាត់​ថ្នាក់ខ្ពស់​ប្រចាំ​ពូ​ល​។

អ៊ីចឹង​ហើយ​ទើប​ម្នាក់​ៗ​មានការ​កោតសរសើរ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​រូប​នេះ ស្រាប់តែ​អាច​សងសឹក​គូប្រកួត​បាន​សម្រេច​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​តាម​ការ​ចង់បាន ដែល​នេះ​គឺជា​លទ្ធផល​ដ៏​មោទនភាព​សម្រាប់​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​២ ធ្នូ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​ថ្លែង​បញ្ជាក់​ថា ការ​ប្រកួត​ជើងឯក គឺជា​លើក​ទី​១​ប៉ុណ្ណោះ​សម្រាប់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​គឺ​មាន​លក្ខណៈ​ជា​អន្តរជាតិ​ដូច​គ្នា នឹង​ការ​ប្រកួត​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដែល​ធ្លាប់​បាន​ធ្វើ​នា​ពេល​កន្លង​មក​ដែរ ដោយ​ការ​ប្រកួត​នេះ​ក្នុង​ពេល​បើក​ប្រកួត គឺ​មាន​កីឡាករ​កម្ពុជា​៤​រូប និង​កីឡាករ​បរទេស​៤​រូប ប្រកួត​គ្នា​ចុះឡើង​តាម​រូបមន្ត​កីឡាករ​កម្ពុជា​ប្រកួត​ជាមួយ​បរទេស​សុទ្ធសាធ ហើយ​ស្វែងរក​អ្នកមាន​ពិន្ទុ​ខ្ពស់​ប្រចាំ​ពូ​ល​កម្ពុជា និង​ប្រចាំ​ពូ​ល​ថៃ មួយ​រូប​ៗ​អោយ​ឡើង​ប៉ះ​គ្នា​ដណ្ដើម​យក​ជើងឯក​។

លោក​ថា កីឡាករ មា​ជ សុខ​រ៉ា និង​កីឡាករ​ថៃ Pep Sy គឺជា​អ្នក​លេខ​១​ប្រចាំ​ពូ​ល​ម្ខាង​ៗ ដោយ​លោក​បង្ហាញ​ការ​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​លទ្ធផល​របស់​គូប្រកួត​មួយគូ​នេះ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​បើក​ឆាក​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​សំចៃ​ដៃ​។

លោក​ថា កីឡាករ​កម្ពុជា​ក្នុង​វគ្គ​សន្សំ​ពូ​ល ត្រូវ​សន្លប់​ក្រោម​ដៃ​កីឡាករ​ថៃ ប៉ុន្តែ​នៅ​ពេល​ជំនួប​ម្ដងទៀត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ក្លាយជា​អ្នក​ដណ្ដើម​បាន​ខ្សែក្រវាត់ ដែល​លោក​បាន​ហៅ​លទ្ធផល​នេះ​ថា គឺជា​ជោគជ័យ​ខ្លាំង​។

កីឡាករ មា​ជ សុខ​រ៉ា ទទួល​បាន​ខ្សែក្រវាត់​អន្តរជាតិ​មួយ ពាន​កិត្តិយស​មួយ និង​ទឹកប្រាក់​២០​លាន​រៀល​ស្មើនឹង​៥​ពាន់​ដុល្លារ ដោយ​ប្រាក់​រង្វាន់​របស់​លោក​មិន​ទាន់​រាប់​បញ្ចូល​ប្រាក់​លើកទឹកចិត្ត និង​ប្រាក់​រង្វាន់​តម្លៃ​ខ្លួន​នៅឡើយ​ផង ខណៈ​ដែល​កីឡាករ​ថៃ ទទួល​បាន​ពាន​កិត្តិយស​មួយ និង​ទឹកប្រាក់​៣​ពាន់​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ