ប្រទេសអាហ្សង់ទីន ៖ ជាលើកដំបូងនៃប្រវត្តិរបស់ខ្លួន អាហ្សង់ទីនទទួលប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល របស់បណ្ដាប្រទេសមហាអំណាចពិភពលោក នាឱកាសកិច្ចប្រជុំកំពូល G20 នាថ្ងៃទី៣០ វិច្ឆិកា និងទី១ ធ្នូ នៅទីក្រុងប៊ុយណូស៊ែ ។
មេដឹកនាំទាំង២០រូបមកចូលរួមវេទិកាប្រចាំឆ្នាំនេះ ប៉ុន្តែប្រធានាធិបតីបារាំងលោក EMMANUEL MACRON និយាយពីការបារម្ភចំពោះការជួបទល់មុខគ្នា រវាងមេដឹកនាំចិននិងសហរដ្ឋអាមេរិក ដែលអាចលេបបញ្ហាឯទៀតៗនៃរបៀបវារៈ ដូចជាបញ្ហាបរិស្ថានឬសិទ្ធិមនុស្សជាដើម ។ មហាអំណាចទាំង២តាមពិតមានទំនាស់គ្នាខាងពាណិជ្ជកម្មធំបំផុត ដែលត្រូវដោះស្រាយ ប៉ុន្តែពុំមានតែបញ្ហាមួយមុខនេះទេ ។
ច្បាស់ណាស់ពួកមហាអំណាចលើកនេះហាក់ពាក់មុខយក្សដាក់គ្នា ព្រោះតែទំនាក់ទំនងតានតឹងរវាងពួកគេ ។ ចាប់តាំងពីលោកដូណាល់ត្រាំឡើងកាន់អំណាចពីឆ្នាំ២០១៦មក សហរដ្ឋអាមេរិកហាក់ដូចជា បែរខ្នងដាក់ប្រទេសសម្ព័ន្ធមិត្តជាច្រើនពិសេសបារាំង។
លោកត្រាំបានចំអកលោក MACRON ដែលកំពុងធ្លាក់ប្រជាប្រិយភាពខ្លាំង ហើយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោកត្រូវប្រឈមមុខជាមួយចលនាពួកអាវកាក់លឿងដែលតវ៉ាដោយហិង្សា ប្រឆាំងការឡើងថ្លៃប្រេង ។
នេះមិនទាន់គិតដល់ប្រធានាធិបតីបារាំងខិតខំជម្រុញការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក និងថែរក្សាកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីបរិយាកាស ដែលលោកត្រាំសម្រេចដកខ្លួនថយចេញកាលពីឆ្នាំ២០១៧ និងគំនិតរបស់លោកMACRONបង្កើតកងទ័ពអឺរ៉ុបមួយ ដែលលោកត្រាំថាជាគំនិតប្រមាថផងទេ ។
បារាំងនិងរុស្សុីកំពុងមានវិបត្តិជាមួយគ្នារឿងអ៊ុយក្រែនក្នុងសមុទ្រAZOV ដោយបារាំងទាមទារឲ្យដោះលែងពួកនាវិកអ៊ុយក្រែន ដែលរុស្សុីចាប់ជាឈ្លើយសឹកកាលពីថ្ងៃទី២៦ វិច្ឆិកា បូករួមរឿងចាស់ដែលរុស្សុីចាប់យកគ្រីមេ ។
រវាងរុស្សុី និងអាល្លឺម៉ង់ក៏មានរឿងពាក់មុខយក្សដាក់គ្នា ខណៈចាប់តាំងពីឆ្នាំ២០១៤មក អាល្លឺម៉ង់ចោទរុស្សុីចាប់យកគ្រីមេថា រំលោភបំពានច្បាប់អន្តរជាតិ រួចទំនាក់ទំនងការទូតរវាងប្រទេសទាំង២កាន់តែដុនដាបថែមទៀត ជាមួយវិបត្តិនៅសមុទ្រAZOV ។ អាល្លឺម៉ង ថាមិនអាចទទួលយកបានការហ៊ុមព័ទ្ធរបស់រុស្សុីក្នុងសមុទ្រ AZOV ។
បារាំង និងអង់គ្លេសនៅតែមើលមុខគ្នាមិនចំ ក្រោយអង់គ្លេសសម្រេចដកខ្លួនថយចេញពីសហភាពអឺរ៉ុប ក៏ដូចជាអាល្លឺម៉ង់ជាប្រទេសស្ថាបនិកសហភាពអឺរ៉ុបដែរ ។
រវាងរុស្សុី និងអាមេរិកមហាអំណាចទាំង២ជាគូប្រជែងគ្នាខ្លាំងក្នុង G20 ខណៈលោក ត្រាំ លុបចោលការជួបគ្នា ជាមួយលោកពូទីនក្រៅកិច្ចប្រជុំកំពូល G20 មកពីជម្លោះរបស់រុស្សុីជាមួយ
អ៊ុយក្រែន ។
ទំនាស់ក៏មានដែររវាងជប៉ុន និងចិន រវាងអារ៉ាប៊ីសាអ៊ូឌីត និងតួកគី រវាងអាល្លឺម៉ង់ និងតួកគី រវាងកាណាដា និងសហរដ្ឋអាមេរិកព្រមទាំងរវាងកូរ៉េខាងត្បូងនិងជប៉ុន ៕
ចែករំលែកព័តមាននេះ