ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ពេញ​ណែន​ពន្ធនាគារ​ពេក ដល់​ថ្នាក់​ក្រសួងមហាផ្ទៃ​ធ្វើ​រឿង​១​បន្ទាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​មួយ​ចុះ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា បង្កើត​ក្រុមការងារ​ដើម្បី​រៀបចំ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​មួយ​ចុះ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា បង្កើត​ក្រុមការងារ​ដើម្បី​រៀបចំ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ ដើម្បី​ជំរុញ​ការ​ព​ន្លឿ​ន​នីតិវិធី​ជំនុំជម្រះ​នៅ​ក្នុង​តុលាការ និង​ចេញ​សាលក្រម ឬ​សាលដីកា​ស្ថាពរ ។ ការ​បង្កើត​ក្រុមការងារ នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ចំ​ពេល​ដែល​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ក្រុមការងារ​នេះ​មាន​សមាសភាព​១១​រូបដឹកនាំ​ដោយ លោក សក់ សេដ្ឋា រដ្ឋ​លេខា​ធិការ​​ក្រសួងមហាផ្ទៃ និង​មាន​លោក ប៉ាវ ហម ផា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ជា​អនុប្រធាន លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧត្តមសេនីយ៍ ចាន់ គឹ​ម​សេង អគ្គនាយក​ពន្ធនាគារ ជា​សមាជិក និង​មន្ត្រី​សំខាន់​ៗ​ជា​ច្រើន​រូប​ទៀត ។

ការ​សម្រេច​បង្កើត​ក្រុមការងារ​នេះ ត្រូវ​បានធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រីបាន​​ឯកភាព​តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ដើម្បី​ឱ្យ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ រៀបចំ​កិច្ចប្រជុំ​ដោះស្រាយ​ចំពោះបញ្ហា​ពេញ​ណែន​នៅ​ក្នុង​ពន្ធនាគារ ជា​ពិសេស​ក្រោយ​ពី​មាន​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នៅ​ទូ​ទាំង​ប្រទេស ។

តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានឱ្យ​ដឹង​ថា ស្ថានភាព​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែនស្ទើរ​គ្រប់​ពន្ធនាគារ​ទូ​ទាំង​ប្រទេស ។ ជាក់ស្តែងគិត​​ត្រឹម​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ ជន​ជាប់​ឃុំ​មាន​ចំនួន​សរុប​៣១.០០៨​នាក់ ក្នុង​នោះ​ជន​ជាប់​ឃុំ​ដែល​ស្ថិត​នៅ​ក្នុង​នីតិវិធីតុលាការ​មាន​រហូត​ដល់​២២.២៩៥​នាក់ ស្មើនឹង​៧១,៩% ហើយ​លើស​ពី​នេះ ជន​ជាប់​ឃុំ​មួយ​ចំនួន​ពុំ​ទាន់​មាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ទេ ទោះបី​តុលាការ​បាន​ជំនុំ​ជម្រះ​ចប់​សព្វគ្រប់​ហើយ​ក្តី ។

សម្តេច​ក្រឡាហោម​បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ក៏​ដូច​ជា​រក្សាបាន​​នូ​វ​សន្តិសុខ សុវត្ថិភាព សុខុមាលភាព​ជន​ជាប់​ឃុំ ពិសេស​ដើម្បី​អនុវត្ត​ស្រប​តាម​បទដ្ឋាន​គតិយុ​ត្ត​​ជាតិ​ និង​អន្តរជាតិ ខ្ញុំ​សូម​គោរព​ស្នើ​សុំ​គោលការណ៍​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មេត្តា​អនុ
ញ្ញាត​​ឱ្យ​ខ្ញុំ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​មួយ​ពេល ដែល​មាន​សមាសភាព​ចូលរួម ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ប្រធាន​សាលាដំបូង​រាជធានី-​ខេត្ត និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​រាជធានី​-​ខេត្ត សំដៅ​ពិនិត្យ​ពិភាក្សា និង​ស្វែងរកដំណោះស្រាយ​សម​ស្រប ក្នុង​ការ​ជំរុញ​ឱ្យ​សា
លា​ក្តី​គ្រប់​ជាន់ថ្នាក់ ព​ន្លឿ​ន​នីតិវិធី​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​ឱ្យ​ឈាន​ដល់​ការ​ជំនុំជម្រះ​ឱ្យ​បាន​ឆាប់រហ័ស ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​សមាជិក​ក្រុមការងារ​នេះ លោក ជិន ម៉ា​លី​ន ថ្លែង​ថា ក្រុមការងារ​នេះ​នឹង​រៀបចំ​ការងារ​សម្រាប់​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​មួយ ដើម្បី​រក​ដំណោះស្រាយ​​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ។

លោក​ត្រូវ​បាន​ដកស្រង់​សម្តី​ថា «​ក្រោយ​ពី​ក្រុមការងារ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ខ្លឹមសារ នឹង​អាចមាន​ជា​សំណើ​លើ​យន្តការ​ជាក់ស្ដែង​មួយ​ចំនួន និង​ដាក់​ជូន​កិច្ចប្រជុំ​អន្តរក្រសួងដឹកនាំ​ដោយ​​សម្ដេច​ក្រឡាហោម ធ្វើការ​ពិនិត្យ​ពិភាក្សា និង​សម្រេច ហើយ​ចេញពី​ហ្នឹង​ទៅ​នឹង​អាច​មាន​ជា​វិធានការ​ជាក់ស្ដែង​ណាមួយ ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង ។ ដោយសារ​ក្រុមការងារ​ទើប​បង្កើត
អុី​ចឹ​ង​អាច​ចាប់ផ្ដើម​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ហ្នឹងហើយ ប្រហែលជា​អាច​ដើម​ស​ប្ដា​ហ៍​ក្រោយ​មានការ​កោះ​ប្រជុំ ប៉ុន្តែ​ពេល​នេះ​ពុំ​ទាន់​មាន​កំណត់​កាលបរិច្ឆេទ​ទេ​» ។

ចំណែក​អង្គការ​លី​កាដូ បាន​រក​ឃើញ​ថា ពន្ធនាគារ​ចំនួន​១៨​ក្នុង​ចំណោម​២៨​កន្លែង​នៅ​ទូទាំង​​ប្រទេស មាន​អ្នក​ជាប់​ពន្ធនាគារ​ច្រើន​ជាង១​ភាគ​៣ គឺជា​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​​រង់ចាំ​សវនាការ ។ ចំណែក​នៅ​ក្នុង​ពន្ធ​នាគារ​មួយ​ចំនួន អ្នក​ជាប់​ឃុំ​ច្រើន​ជាង​ពាក់កណ្តាល មិន​ទាន់​ត្រូវ​បាន​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​នៅឡើយ ។ ជាមួយ​គ្នា​នេះ មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៣០​នាក់ ម្តាយ​ចំនួន​១៣៥​នាក់ និង​កុមារ​អាយុ​ក្រោម​៣​ឆ្នាំ​ចំនួន​១៣៨​នាក់ កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​កន្លែង​នៅ​ទូ​ទាំង​ប្រទេស ។

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ស្នើ​ឱ្យ​មានការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដែល​ពុំ​មាន​ភ័ស្តុតាង​រឹង​មាំ និង​ស្នើ​ឱ្យតុលា​ការ​កម្ពុជា​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់ ដោយឈរ​លើ​គោលការណ៍​ច្បាប់ មុន​នឹង​សម្រេច​ឃុំខ្លួន​​បណ្តោះអាសន្ន​លើ​ជនជាប់ចោទ​ម្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ