ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​លា​រាជធានី​​ផ្តល់​ឱកាស​ដល់​បង​ប្អូន​នារី​ធ្វើដំណើរ​កំសាន្ត​នៅខេត្ត​ចំប៉ា​សាក់​​ប្រទេស​ឡាវ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បង​ប្អូន​នារី​ក្នុងសមា​គម​​នារី​កម្ពុជា​​ដើម្បី​សន្តិ​ភាព និងអភិវឌ្ឍន៍​​រាជ​ធានីភ្នំពេញ​ប្រមាណ​២០០​នាក់ បានធ្វើដំណើរ​​ទៅ​ដល់​ទីក្រុង​ប៉ា​ក​សេ ខេត្ត​ចំប៉ា​សាក់ នៃ​សា​ធារណ​រដ្ឋ​​ប្រជាធិប​តេយ្យ​​ប្រជា​មា​និត​ឡាវ តាម​រ​ថ​យន្ត​បឺស​ចំនួន៣គ្រឿង ក្នុងដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​២​យប់​៣​ថ្ងៃ​​​នៅ​ទីក្រុង​ប៉ា​ក​សេ ​ដើម្បី​ចូល​រួម​អប​អរ​សាទរ​ខួប​លើកទី១០០ ទិវា​នារី​​អន្តរ​ជាតិ​៨មីនា ឆ្នាំ២០១១ ក្រោម​ការ​ជួយ​ឧបត្ថម្ភពីលោក​កែប ជុតិមា ​ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ​និង​ជាអភិបាល​រាជ​ធានីភ្នំពេញ​និង​លោក​ជំទាវ​ជុំ សាមីន ​កែប​ ជុតិមា ​ប្រធាន​សមា​គម​​នារី​កម្ពុជា​ដើម្បី​សន្តិភាព និងអភិ​វឌ្ឍន៍រាជធានីភ្នំពេញ​​ ព្រម​ទាំង​មានការ​ចូល​រួម​​ពី​លោក​​ម៉ប់ សារិន ​ប្រធាន ក្រុមប្រឹក្សា​រាជ​ធានីភ្នំពេញ និងលោក​ជំទាវ​ផង​ដែរ ។

​លោកអភិបាល​រាជធានី និងលោក​ជំទាវ​តែ​ងជួយ​ឧបត្ថម្ភ​​ និង​ផ្តល់ឱកាស​ដល់បងប្អូន​នារី​យើង​តាម​ខណ្ឌ សង្កាត់ មន្ទីរ​ ​​ក៏ដូច​ជាបង​ប្អូន​នារីចំណុះ​រដ្ឋ​បាល​​​សាលា​រាជ​ធានី​ភ្នំពេញបាន​ទៅធ្វើ​ទស្សន​កិច្ច​សិក្សា​ និង​កំសាន្ត​នៅ​តាម​បណ្តា​​ប្រទេស​ជា​មិត្ត​ជារៀង​រាល់ឆ្នាំ ដើម្បីផ្លាស់​ប្តូរ​បទ​ពិសោធន៍​ ក៏ដូច​​រឹត​ចំណង​សាមគ្គីភាព មិត្ត​ភាព ​និងបង្កើន​ភាពស្និទ្ធស្នាល​ឱ្យ​កាន់តែទូលំ​ទូលាយ​​​ថែមទៀត ក្នុង​ឱកាស​ទិវា​នារី​អន្តរ​ជាតិ​​៨មីនា ។ គណៈ​ប្រតិភូសមា​គម​នារី​រាជ​ធានី​ភ្នំពេញបាន​ទៅ​ទស្ស​នកិច្ច​នៅ​រមណីយដ្ឋាន​​ទឹក​ធ្លាក់​ផាសូម ព្រម​ទាំង​កា​ររស់នៅ​របស់បង​ប្អូន​ជនជាតិ​ភាគ​តិច​ឡាវ​ចំនួន​៨​ជន​ជាតិ​​ ​។ ចំណុច​​ដែល​​គួរ​ឱ្យចាប់​អារម្មណ៍​ទៀត​នោះ គឺ​បង​​ប្អូន​ជន​ជាតិភាគតិច​​ទាំង៨​ជន​ជាតិ​បាន​ប្រើ​ប្រាស់​​ភា​សា​ដើម​របស់​ខ្លួន គឺភាសា​ខ្មែរមន ដើម្បី​​​ប្រា​ស្រ័យ​ទាក់ទងគ្នា ។​ តាមមគ្គុទេសក៍​​​​ទេស​ចរ​នៃទី​ក្រុងប៉ាកសេ​បានឱ្យ​ដឹង​ថា ទី​ក្រុង​ប៉ាក​សេ​​ ខេត្ត​ចំប៉ាសាក់ គឺជាខេត្ត​​លំដាប់ថ្នាក់​ទី៣ ​បន្ទាប់​ពី​ទីក្រុង​ចំណាស់​លួងប្រាសាង និង​ទី​ក្រុង វៀង​ច័ន្ទ ។ សក្តា​នុពល​របស់​ទី​ក្រុងប៉ាកសេ​មាន​រ៉ែមាស អគ្គិសនី ទេស​ចរណ៍​បែបធម្មជាតិ ផលិត​ផលតែនិងកាហ្វេ រួមនឹង​កសិផល​ផ្សេងៗ​ទៀត។ ​​ប៉ាក​សេ​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ប្រមាណ​៦​សែន​នាក់​ មានស្រុកចំនួន១០​ជា​ចំណុះ ។

លោកជំទាវ​ជុំ សាមីន កែប ជុតិមា ​មាន​ប្រសាសន៍​ថា គោលបំណង​​សំខាន់​នៃ​ដំណើរ​​ទស្ស​ន​កិច្ច​នេះ គឺជា​ការ​​លើកទឹកចិត្ត​​​ដល់​បង​ប្អូន​នារី​យើង​ក្រោយពី​បាន​ចូល​រួម​លះបង់​កម្លាំង​កាយ​-ចិត្ត ដើម្បី​​បុព្វ​ហេតុ​បងប្អូន​នារី ដោយ​សម្រេច​បានស្នា​ដៃ​ និងសមិទ្ធ​ផល​ជាច្រើន​​​លើ​ការ​ងារ​លើកកម្ពស់​តម្លៃ និង​តួនាទីស្ត្រី ទប់​ស្កាត់​​ លុបបំបាត់​អំពើ​ហិង្សា​ អំពើរើសអើង​​ចំពោះ​ស្ត្រី​​ និងកុមារ ។ ការ​លះ​បង់​ខាងលើ បានរួម​ចំណែក​​លើកកម្ពស់​​សីល​ធម៌តម្លៃស្ត្រី​ និង​គ្រួសារខ្មែរ​​ក៏ដូច​ចូលរួម​យ៉ាង​​សកម្ម​ជា​មួយដៃគូ​បុរសក្នុង​បុព្វ​ហេតុ​​អភិវឌ្ឍន៍​រាជ​ធានីភ្នំពេញ​​ដោយ​ស្មើ​ភាពជាមួយបុរស​​ ក៏​ដូច​ជា​រួមចំណែក​​អនុវត្ត​​គោលនយោបាយ​​ភូមិ-សង្កាត់​​មានសុវត្ថិភាព ស្របតាម​អនុសាសន៍​​ដ៏​ខ្ពង់ខ្ពស់​​​របស់សម្តេច​អគ្គ​មហាសេនាបតី​តេជោ ​ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ។

គណៈ​ប្រតិភូ​​ក៏​បានទៅ​ទស្សនា​រមណីយ​ដ្ឋាន​ទឹកធ្លាក់​ដាវ​ញឿងនៃ​រម​ណីយដ្ឋាន​ប៉ាសង ​ដែល​មានផ្សារ​លក់​វត្ថុ​អនុស្សាវរីយ៍​ ចំការ​កា​ហ្វេទឹក​ធ្លាក់​ប៉ា​សង និង​ទឹក​ធ្លាក់​កម្ពស់​៧០ម៉ែត្រ អម​ទៅ​ដោយ​ទេសភាព​តាមជ្រលង​ភ្នំ ដើម​ឈើ និង​ទឹកជ្រោះ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ​រួម​ទាំង​ការ​រៀបចំ​ឱ្យ​មានសេវា​បម្រើសម្រាប់​​ភ្ញៀវ​ទេស​ចរ​​ ធ្វើឱ្យ​តំបន់នេះ​ក្លាយ​ជាតំបន់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​​ដ៏មានប្រ​ជា​ប្រិយ​នៅ​ទី​ក្រុង​​ប៉ាកសេ ។

មុន​នឹង​បញ្ចប់​​ដំណើរ​ទស្សន​កិច្ច​នេះ​ដែរ ​គណៈប្រតិភូ​​​សមាគម​នារី​កម្ពុជា​​ដើម្បីសន្តិភាព ​និង​អភវិឌ្ឍន៍​រាជធានីភ្នំពេញ​ ​​ក៏​បានទៅ​ទស្សនា​រម​ណីយដ្ឋាន​​ទឹកធ្លាក់​​ល្បាក់​ខោន ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១០គីឡូ​ម៉ែត្រពីព្រំ​ដែនកម្ពុជា-ឡាវ ជាល្បាក់​ដ៏ធំ​កាត់ទទឹង​​ទន្លេ​មេ​គង្គ ​ឬ​ហៅ​ថា តំបន់កោះ​ ៤០០០ ។ ​ភ្ញៀវ​ទេស​ចរ​​​មកពី​តំបន់​​ផ្សេងៗ​ក្នុងនោះ​ក៏​មាន​ភ្ញៀវ​ទេស​ចរ​​មកពី​ប្រទេស​កម្ពុជា​ផង​ដែរ ចូលចិត្ត​ទៅ​ទស្ស​នា ល្បាក់​ខោន​នេះ​ដែល​មានទឹក​ហូរ​ធ្លាក់​មកប៉ែក​ខាង​ក្រោម​​ប្រទេស​កម្ពុជា​ដ៏​ខ្មួលខ្មាញ់ និង​ទស្ស​នា​ដើម​ឈើ​១​ដើម​បង្កប់​​ខ្លួនតាម​ប្របល្បាក់​ខោន​ដែល​ប្រជាពលរដ្ឋ​ឡាវ​មានជំនឿ​ថា ជា​ដើម​អា​សង្ខៃ​ក្នុងរឿង​​ព្រេង​និទាន ៕