Apple បានបាត់បង់តម្លៃក្នុងទីផ្សារបច្ចេកវិទ្យាអស់១ភាគ៥ទៅហើយតាំងពីខែតុលាមកនេះ ហើយក្រុមហ៊ុននេះអាចនឹងជួបឧបសគ្គកាន់តែច្រើនទៀត បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចង់ដាក់ពន្ធ១០% លើទូរស័ព្ទដៃដូចជា iPhone និង Laptop ដែលផលិតក្នុងប្រទេសចិន ។
ក្រុមហ៊ុននេះកំពុងតែត្រូវបានរាយការណ៍មកថា កាត់បន្ថយផលិតកម្ម ដែលឲ្យជាមុខសញ្ញាថា iPhone ថ្មីៗដែលបានចេញលក់កាលពីខែកញ្ញានេះមិនលក់បានច្រើនដូចការគិតទុកឡើយ ។
ប្រសាសន៍របស់លោកត្រាំថា លោកអាចនឹងរាប់បញ្ចូលផលិតផល Apple ក្នុងបញ្ជីការនាំចូលដែលនឹងជាប់ពន្ធបន្ទាប់ក៏បង្កជាផលប៉ះពាល់ដ៏ធំមួយទៀតដល់ Tim Cook ដែលជានាយកប្រតិបត្តិរបស់ Apple ដែរ ។
សហរដ្ឋអាមេរិក នឹងបង្កើនពន្ធនាំចូលលើផលិតផលចិនប្រមាណ២០០ប៊ីលានដុល្លារពី ១០% មកស្មើ ២៥% នៅថ្ងៃទី១ ខែមករា ខាងមុខនេះ ។
iPhone និងផលិតផលរបស់ Apple ភាគច្រើនត្រូវបានផលិតក្នុងប្រទេសចិន រួចត្រូវបាននាំចេញទៅកាន់ប្រទេសដទៃ ។ ឧបករណ៍សំខាន់ៗរបស់ Apple ដូចជា iPhone និងiPad មិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីការនាំចូលជាប់ពន្ធរបស់អាមេរិកទេ ។
កាលពីដើមឆ្នាំនេះ Appleបាននិយាយថាផលិតផលមួយចំនួនដូចជា Apple Watch និង AirPods នឹងទទួលរងការប៉ះពាល់ ។ ក្រុមហ៊ុននេះក៏បានព្រមានទៀតថា ផលិតផលដទៃដូចជា Mac Mini, Apple Pencil, និងខ្សែឬស្រោមទូរស័ព្ទមួយចំនួនអាច នឹងទទួលរងការប៉ះពាល់ដែរ ។
លោកប្រធានាធិបតីត្រាំបាននិយាយជាច្រើនដងមកហើយថា Apple គួរតែនាំយករោងចក្រផលិតកម្ម iPhone មកកាន់សហរដ្ឋអាមេរិកវិញ ៕
ចែករំលែកព័តមាននេះ