ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលដឹង​បំណង​ប្រាថ្នា​អតីត​ស្ដេច​អុក​ខ្មែរ​2​ជំនាន់ ទើបដឹងថា មិនធម្មតាទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា លោក ឈាវ បូ​រ៉ា គឺជា​កីឡាករ​ល្បីល្បាញ​មួយ​រូប​ខាង​ផ្នែក​អុកចត្រង្គ ឬ​អុក​ខ្មែរ បន្ទាប់​ពី​លោក​ដណ្ដើម​បាន​ពាន​ស្ដេច​អុក​២​ឆ្នាំ​ជាប់​គ្នា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត នៅ​ខេត្តសៀមរាប…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា លោក ឈាវ បូ​រ៉ា គឺជា​កីឡាករ​ល្បីល្បាញ​មួយ​រូប​ខាង​ផ្នែក​អុកចត្រង្គ ឬ​អុក​ខ្មែរ បន្ទាប់​ពី​លោក​ដណ្ដើម​បាន​ពាន​ស្ដេច​អុក​២​ឆ្នាំ​ជាប់​គ្នា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត នៅ​ខេត្តសៀមរាប ។ យ៉ាងណា​ក៏​ដោយលោក​អះអាង​ថា ខ្លួន​មិន​ទាន់​ពេញចិត្ត​នូវ​អ្វីដែល​លោក​កំពុង​មាន​នោះ​ទេ ដោយសារ​តែ​លោក​នៅ​មាន​បំណង​ចង់​ក្លាយជា​កីឡាករ​អុក​អន្តរជាតិ​ក្នុង​ពេល​ខាង​មុខ ប្រសិនបើ​លោក​អាច​ស្វះ​ស្វែងរក​គ្រូ​មក​បង្ហាត់បង្រៀន​ច្បាស់លាស់​ខុស​ពី​ក្នុង​ពេល​នេះ ដែល​លោក​កំពុង​ស្វែង​យល់​កីឡា​មួយ​នេះ​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​ប៉ុណ្ណោះ​។

ស្ដេច​អុក​២​ជំនាន់ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​លោក ឈាវ បូ​រ៉ា បាន​អះអាង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​ពេញ​និយម និង​ស្គាល់​កាន់តែ​ច្បាស់​ពី​កីឡា​អុកចត្រង្គ ឬ​អុក​ខ្មែរ ប៉ុន្តែ​អុក​ប្រភេទ​នេះ​ពេញ​និយម​តែ​នៅ​ប្រទេស​ជិតខាង​រួម​មាន​ថៃ ឡាវ និង​វៀតណាម​ប៉ុណ្ណោះ ចំណែក​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ទូ​ទាំង​ពិភពលោក​គេ​និយម​លេងអុក​អន្តរជាតិ និង​អុក​ចិន​ច្រើន​ជាង​។

លោក​ថា អុក​ចិន និង​អុក​អន្តរជាតិ​មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ឆ្ងាយ​ពី​អុកចត្រង្គ​របស់​ខ្មែរ​ទាំង​ពី​របៀប​លេង រចនាបថ និង​ចំណុច​ពិសេស​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឱ្យ​អុក​ទាំង​២​មិន​អាច​ច្រឡំ​គ្នា​បាន​ទេ បើ​ទោះជា​មាន ឈ្មោះ​ថា​អុក​ដូច​គ្នា​យ៉ាងណា​ក្ដី ។ អ៊ីចឹង​ហើយ​ទើប​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បែងចែក​កីឡា​អុក​ជា​ពីរ​គឺ​អុកចត្រង្គ និង​អុក​អន្តរជាតិ ប៉ុន្តែ​លោក​ថា អុក​អន្តរជាតិ​នៅ​កម្ពុជា​មិនសូវ​ដើរ​ទេ ដោយសារ​តែ​មនុស្ស​ភាគច្រើន​និយម​លេង​តែ​អុក​ខ្មែរ ហើយ​នៅ​ក្នុងស្រុក​ក៏​មិនសូវ​មានការ​ប្រកួត​អុក​អន្តរជាតិ​ផុសផុល​នោះ​ដែរ ។

លោក​ចង់ឱ្យ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​លើ​វិស័យ​កីឡា​អុក​អន្តរជាតិ​ច្រើន​ជាង ឬ​បាន​ស្មើនឹង​អុកចត្រង្គ ដោយសារ​តែ​លោក​យល់​ថា បើ​កម្ពុជា​មាន​តែ​អុក​ខ្មែរ​រីក​ចម្រើន​ហើយ​ចូល​មិន​ចុះ​នឹង​អុក​អន្តរជាតិ គឺ​មិន​ខុស​ពី​ល្បី​តែ​ក្នុង​អណ្ដូង តែ​លទ្ធផល​ចុង​ក្រោយ​មិន​អាច​បោះ​ជំហាន​ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ ។ អ៊ីចឹង​ហើយ​ទើប​កីឡា​អុក​ខ្មែរ​មានការ​រីក​ចម្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ តែ​នៅ​ពេល​មានការ​អញ្ជើញ​ឱ្យ​តំណាង​កម្ពុជា​ចេញ​ប្រកួត​កីឡា​អុក​ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេង​ៗ គឺ​កម្ពុជា​ទៅ​មិន​រួច ។ លោក​ថា ខ្លួន​ចង់​បង្វឹក​ខ្លួនឯង​ឱ្យ​ចេះ​លេងអុក​អន្តរជាតិ​ក្នុង​ពេល​ខាង​មុខ ប៉ុន្តែ​មក​ទល់​ពេល​នេះ​អុក​អន្តរ ជាតិ​អត់​មាន​អ្នក​បង្រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាល់តែ​សោះ គឺ​មាន​តែ​នៅ​ក្រៅ​ស្រុក​ទើប​លោក​មាន​បំណង ​ស្នើ​ឱ្យ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ប្រើ​យុទ្ធសាស្ត្រ​បែប​ណា ដើម្បី​ឱ្យ​កម្ពុជា​មាន​គ្រូបង្វឹក​ផ្នែក​កីឡា​អុក​អន្តរជាតិ ដើម្បី​ជា​ប្រយោជន៍​ដល់​កីឡាករ​អុកចត្រង្គ​ដែល​ចង់​ក្លាយ​ខ្លួន​ជា​អ្នកជំនាញ​អុក​អន្តរជាតិ​ដើម្បី​បំពេញតម្រូវការ​ក្រៅ​ស្រុក ។

លោក​ថា លោក​ចង់ឱ្យ​អុក​អន្តរជាតិ​មាន​រូបភាព​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស ហើយ​បើ​លោក​បាន​ទទួល​ការ​ជ្រោមជ្រែង​ឱ្យ​ចេញ​ទៅ​ហាត់រៀន​នៅ​ក្រៅប្រទេស នោះ​លោក​នឹង​ធ្វើការ​ចាកចេញ​ទៅ​សិក្សា​ជំនាញ​នោះ​ឱ្យ​បាន​ស្ទាត់​ដូច​ការ​ចង់បាន ដោយសារ​តែ​លោក​នៅ​ចង់​ក្លាយជា​អ្នកជំនាញ​ផ្នែក​អុក​អន្តរជាតិ បើ​ទោះជា​លោក​គឺជា​អគ្គ​លេខា​សហព័ន្ធ​អុកចត្រង្គដែល​មិន​អាច​ទៅ​ធ្វើ​ជា​កីឡាករ​អុក​អន្តរជាតិ ដែល​ជា​សហព័ន្ធ​មួយ​ផ្សេង​ក្ដី ។

លោក​ថា ខ្លួន​ចង់​ចេះ​ជំនាញ​នេះ​ស្ទាត់ ដើម្បី​ទុក​គ្រាន់​បង្ហាត់​សិស្ស​ផង ឬ​អាច​វិវត្តន៍​ខ្លួន​ក្លាយជា​កីឡាករ​អុក​អន្តរជាតិ​ផង​នៅ​ពេល​ណាមួយ ដោយសារ​តែ​លោក​នៅ​មាន​បំណង​ធំ​មួយ គឺ​ចង់​ឈ្នះ​ពាន​ក្នុង​នាម​ជា​ម្ចាស់​ជើងឯក​អុក​អន្តរជាតិ​មួយទៀត បន្ទាប់​ពី​បាន​ក្លាយជា​ម្ចាស់​ពាន​ជើងឯក​អុក​ខ្មែរ​ច្រើន​ដង​មក​ហើយ ។ លោក​ថា ខ្លួន​បាន​ត្រឹមតែ​រៀន​លេងអុក​អន្តរជាតិ​តាម​បណ្ដាញ​យូ​ធូប​ប៉ុណ្ណោះ ដោយ​គម្រោង​បើ​មានការ​បង្វឹក​ពី​អ្នកជំនាញ​គឺ​លោក​នឹង​ហាត់​ឱ្យ​ស្ទាត់​ដើម្បី​ទុក​គ្រាន់​បង្វឹក​សិស្ស​ខ្លួន​បន្ថែម​ពីលើ​ការ​បង្វឹក​ឱ្យ​ចេះ​លេងអុក​ខ្មែរ​នា​ពេល​នេះ​។

លោក​នៅ​តែ​អះអាង​ថា អ្នកចេះ​លេងអុក​ខ្មែរ​នឹង​មិន​អាច​ទៅ​លេងអុក​អន្តរជាតិ​បាន​ទេ ដោយសារ​តែ​លក្ខណៈ និង​ទម្រង់​លេង​ខុស​គ្នា​ដាច់​ឆ្ងាយ ដែល​លោក​បាន​ហៅ​ប្រភេទ​កីឡា​ទាំង​ពីរ​ថា បើ​ទោះជា​ឈ្មោះ​អុក​ដូច​គ្នា ប៉ុន្តែ​ទម្រង់ និង​របៀប​លេង​ខុស​គ្នា ។ លោក​បាន​បញ្ជាក់​ប្រាប់​ជា​ថ្មី​ថា ពាក់ព័ន្ធ​នឹង​ភាព​ខុស​គ្នា​រវាង​អុក​ខ្មែរ និង​អុក​អន្តរជាតិ​ថា​មាន​ចំណុច​៣​ដាច់​ដោយឡែក​ពី​គ្នា​គឺ ក្ដារ​លេង​របស់​អុក​ខ្មែរ​មាន​តែ​មួយ​ពណ៌​ប៉ុណ្ណោះ ដោយ​អាច​ជា​ពណ៌​ត្នោត ឬ​ពណ៌​ឈើ អាស្រ័យ​លើ​ការ​ជ្រើសរើស ប៉ុន្តែ​អុក​អន្តរជាតិ គឺ​មាន​ប្រភេទ​ក្ដារ​លេង​ជា​ពណ៌​ខ្លា​ឃ្លោក ។

ទី​២​អុក​ខ្មែរ និង​អុក​អន្តរជាតិ​មាន​រចនាបថ​កូនអុក​ខុស​គ្នា​តែ​ម្ដង ដោយ​អុក​អន្តរជាតិ​ប្រភេទ​ស្ដេច ទូក និង​គោល​ជាដើម គឺ​មាន​រចនាបថ​មិន​ដូច​អុក​ខ្មែរ​ទេ លើកលែងតែ​សេះ ដែល​នៅ​មើលទៅ​ដឹង​ថា​សេះ ដែល​មាន​លក្ខណៈ​ស្រ​ដៀង​អុក​ខ្មែរ ។ ដោយឡែក​ចំណុច​ទី​៣​ដែល​ខុស​គ្នា គឺ​អុក​ខ្មែរ មាន​របៀប​ដើរ​ផ្សេង ហើយ​អុក​អន្តរជាតិ​មាន​របៀប​ដើរ​ផ្សេង​។ លោក​ឧទាហរណ៍​ថា អុក​ខ្មែរ​សម្រាប់​កូនអុក​ដែល​មានឈ្មោះ​ថា​គោល គឺ​អាច​ដើរ​បាន​៥​ជំហាន​ប៉ុន្តែ​សម្រាប់​អុក​អន្តរជាតិ​ដើរ​បាន​តែ​៤​ជំហាន​ប៉ុណ្ណោះ ហើយ​បើ​មានអី​បាំង​ពីមុខ​ក៏​មិន​អាច​នឹង​ដើរ​បាន​ដែរ ដែល​ខុស​ពី​គោល​អុក​ខ្មែរ គឺ​អាច​ដើរ​បាន ។ លោក​ថា មិន​មានការ​លំបាក​ណាស់ណា​នោះ​ទេរ​វាង​ប្រភេទ​អុក​ទាំង​ពីរ​សំខាន់​ឱ្យ​ចាំតែ​ក្បួន​ដើរ និង​ចាំ​ក្រឡា​ដើរ គឺ​អាច​លេង​បាន​ដូច​គ្នា ដែល​មិន​ខុស​ពី​ប្រទេស​ខ្លះ​បើកបរ​ប្រកាន់​ឆ្វេង ហើយ​ប្រទេស​ខ្លះ​បើកបរ​ប្រកាន់​ស្ដាំ​នោះ​ឡើយ។

យ៉ាងណាមិញ ប្រសិនបើ​អ្នក​ថ្នឹក​នឹង​របៀប​លេងអុក​ខ្មែរ គឺ​អាច​នឹង​ភ្លាត់​លេង​ខុស ឬ​ចាញ់​គូប្រកួត​ដោយ​ងាយ​ផង​ដែរ ប្រសិនបើ​ទៅ​លេងអុក​អន្តរជាតិ ហើយ​ច្រឡំ​ពី​ក្បួន​ដើរ ដែល​ដូច​គ្នា​នឹង​អ្នក​ពូកែ​លេងអុក​អន្តរជាតិ ហើយ​មក​លេងអុក​ចត្រង្គ​របស់​ខ្មែរ ក៏​លេង​មិន​បាន​ល្អ ព្រោះតែ​ក្បួន​ខុស​គ្នា កូន​ខុស​គ្នា ហើយ​ចេះ​តែ​ភាំង​ៗ ឬ​ភ្លេច​ទម្រង់​លេង​។ មក​ទល់​ពេល​នេះ លោក​ថា កីឡា​អុក​អន្តរជាតិ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក ដោយ​កម្ពុជា​ក៏​មាន​សហព័ន្ធ​កីឡា​នេះ​ផង​ដែរ ប៉ុន្តែ​មិន​មាន​កីឡាករ​ណា​ដណ្ដើម​បាន​ជ័យជម្នះ​ត្រឡប់​មក​វិញ​នោះ​ទេ ដោយសារ​តែ​កម្ពុជា​មិន​មាន​អ្នកជំនាញ​ខាង​បង្វឹក​នៅឡើយ ក្នុង​ពេល​ដែល​មហាជន​បាន​ទទួលស្គាល់​ថា កម្ពុជា​មានការ​រីក​ចម្រើន​ផ្នែក​កីឡា​អុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ