ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​រមាំង​សេសសល់​ក្នុង​ដែនធម្មជាតិ​ប្រឈម​ការ​ផុត​ពូជ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ​មន្ត្រី​រដ្ឋាភិបាល អ្នកជំនាញ និង​អ្នក​អភិរក្ស​ប្រមាណ​៥០​នាក់​ពី​ប្រទេស​ចំនួន​៦ ដែល​នៅ​មាន​វត្តមាន​សត្វ​រមាំង​ជិត​ផុត​ពូជ ក្នុង​នោះ​មាន​កម្ពុជា ឥណ្ឌា…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ​មន្ត្រី​រដ្ឋាភិបាល អ្នកជំនាញ និង​អ្នក​អភិរក្ស​ប្រមាណ​៥០​នាក់​ពី​ប្រទេស​ចំនួន​៦ ដែល​នៅ​មាន​វត្តមាន​សត្វ​រមាំង​ជិត​ផុត​ពូជ ក្នុង​នោះ​មាន​កម្ពុជា ឥណ្ឌា ឡាវ ភូមា និង​ថៃ បាន​ជួបជុំ​គ្នា​នៅ​សណ្ឋាគារ​សាន់​វ៉េរ នា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សិក្ខាសាលា​រយៈពេល​៣​ថ្ងៃ​ស្តី​ពី​ការ​អភិរក្ស​សត្វ​រមាំង ។ សិក្ខាសាលា​អន្តរជាតិ​នេះ​រៀបចំ​ដោយ​ឧទ្យាន​បូ​តា​និក​និង​កសិដ្ឋាន​កាដូ (KFBG) ដែល​ជា​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង និង​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​កម្មវិធី​ប្រចាំ​កម្ពុជា ។

គោលបំណង​នៃ​សិក្ខាសាលា​គឺ​ដើម្បី​ចែករំលែក​ព័ត៌មាន និង​បទ​ពិសោធន៍​រវាង​អ្នកគ្រប់គ្រង​គម្រោង​អភិរក្ស​សត្វ​រមាំង និង​អ្នក​ស្រាវជ្រាវ​ពី​ប្រទេស​ដែល​មាន​វត្តមាន​សត្វ​ប្រភេទ​នេះ បន្ថែម​ពី​នេះ​គឺ​ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ដែ​មាន​ប្រសិទ្ធភាព​សម្រាប់​អភិរក្ស​សត្វ​ដែល​កំពុង​រង​គ្រោះ​យ៉ាង​ខ្លាំង​នេះ ។

រមាំង (Rucervus eldii) សត្វ​ក្នុង​អំបូរ​ក្តាន់​ដែល​មាន​របាយ​លាតសន្ធឹង​ក្នុង​ព្រៃ​ល្បោះ​នៃ​តំបន់​ត្រូពិច​របស់​ប្រទេស​នៅ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​យើង​នេះ ។ សត្វ​នេះ​បាន និង​កំពុង​រង​គ្រោះ​ខ្លាំង​ដោយ​ការ​បាត់បង់​ទីជម្រក និង​ការ​បរបាញ់ ។ កត្តា​គំរាមកំហែង​ដល់​ពួក​វា​កាន់តែ​មាន​សភាព​ធ្ងន់​ឡើង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ អាស្រ័យ​ដោយ​តម្រូវការ​អភិវឌ្ឍ​ពង្រីក​ទីក្រុង​យ៉ាង​ឆាប់រហ័ស និង​រីក​ចម្រើន និង​ពង្រីក​ដី​កសិកម្ម ។

នៅ​ប្រទេស​ថៃ និង​វៀតណាម​រមាំង​បាន​ផុត​ពូជ​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ទៅ​ហើយ នៅ​ប្រទេស​ចិន​សត្វ​រមាំង​ភាគច្រើន​គឺ​មាន​វត្តមាន​តែ​ក្នុង​ឧទ្យាន ដែល​មាន​របង​ការពារ ។ ចំនួន​សត្វ​រមាំង​ដែល​មាន​សេសសល់​ក្នុង​ធម្មជាតិ​មាន​តែ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​ឥណ្ឌា កំពុង​រង​គ្រោះ​ខ្លាំង​បំផុត និង​ចែក ជា​ក្រុម​ៗ​ដាច់​ពី​គ្នា ។ ហេតុនេះ​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​និង​ពួតដៃគ្នា ក្នុង​ការ​អភិរក្ស​ជា​បន្ទាន់ និង​ជា​ពិសេស​ពង្រីក​ការ​យល់​ដឹង​ដល់​សាធារណជន ។

«​ជា​ទូទៅ​សត្វ​រមាំង​ដែល​កំពុង​រង​គ្រោះ​ខ្លាំង​នេះ​មិន​ទាន់​បាន​ទទួល​ការ​ចាប់អារម្មណ៍​ខ្ពស់​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ពួក​វា​នៅ​មាន​វត្តមាន ក៏​ដូច​ជា​អ្នកជំនាញ និង​សហគមន៍​អភិរក្ស​នៅឡើយ​ទេ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​វា​បាន​បាត់​វត្តមាន​យ៉ាង​ឆាប់រហ័ស​អំពី​ជម្រក​ដ៏​សម​ស្រប ។

សិក្ខាសាលា​យើង​ពេល​នេះ គឺ​ឱកាស​ដ៏​មាន​តម្លៃ និង​កម្រ​មួយ​សម្រាប់​អ្នក​ពាក់ព័ន្ធ​សំខាន់​ៗ​ទាំងឡាយ​អង្គុយ​រួម​គ្នា​ពិភាក្សា​លើ​បញ្ហា​ជា​ច្រើន ទាក់ទង​នឹង​ការ​អភិរក្ស​សត្វ​រមាំង ហើយ​ខ្ញុំ​សង្ឃឹមថា​យើង​អាច​រក​ឃើញ​នៅ​ដំណោះស្រាយ​ជាក់ស្តែង​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ដែល​កំពុង​ប្រឈម​នេះ »​។ ប្រសាសន៍​លោក​បណ្ឌិត Bosco Chan មន្ត្រីជាន់ខ្ពស់​នៃ​ឧទ្យាន​បូ​តា​និង​កសិដ្ឋាន​កាដូ​វី ។

ការ​ប៉ាន់​ប្រមាណ​ពី​ចំនួន​សត្វ​រមាំង​ដែល​មាន​ក្នុង​ពិភពលោក​យើង​នេះ មាន​ប្រហែលជា​៣០០០​ក្បាល​ប៉ុណ្ណោះ ។ ទោះបីជា​សត្វ​ប្រភេទ​នេះ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​សត្វព្រៃ​របស់​ប្រទេស​ជា​ច្រើន​ក៏​ដូច​ជា​ការពារ​ដោយ​អនុសញ្ញា​សាយ​តេស្ត៍ (​អនុសញ្ញា​ទប់ស្កាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ដែល​ជិត​ផុត​ពូជ​)​ក៏​ដោយ ក៏​ព្រៃឈើ​ដែល​ជាទី​ជម្រក​សម្រាប់​រមាំង​រស់នៅ (​រួម​ទាំង​ព្រៃ​ក្នុង​តំបន់​ការពារ​) នៅ​តែ​ប៉ះពាល់​ដោយ​សកម្មភាព​ខុសច្បាប់ ដោយឡែក​ឥរិយាបថ​ធម្មជាតិ​ដ៏​ស្លូតបូត​និង​សាំង​របស់​សត្វ​រមាំង​បាន​ធ្វើ​ឱ្យ​ពួក​វា​ក្លាយជា​គោលដៅ​សម្រាប់​ការ​បរបាញ់​យ៉ាង​ងាយ ។

សកម្មភាព​ដែល​មាន​សក្តានុពល​ក្នុង​ការ​ពង្រីក​កិច្ចសហការ​ក្នុង​ការ​អភិរក្ស​រួម​មាន ការ​សិក្សា​ស្រាវជ្រាវ និង​អភិរក្ស​ឆ្លង​ដែន ការ​សិក្សា​ទៅ​លើ​ជាតិពន្ធុ ការ​បង្កាត់ និង​ការ​លែង​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ ការ​ជម្លៀស​សត្វ​ទៅ​ទីជម្រក​សម​ស្រប និង​មាន​សុវត្ថិភាព និង​ការ​អប់រំ​ផ្សព្វផ្សាយ​ជាដើម ។

«​រមាំង​នៅ​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​ដូច​គ្នា​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត ដែល​មាន​សត្វ​រមាំង​ផង​ដែរ​នេះ ជា​ហេតុ​ធ្វើ​ឱ្យ​ចំនួន​សត្វ​រមាំង​នៅ​កម្ពុជា​កំពុង​ថយ​ចុះ​យ៉ាង​លឿន យើង​ត្រូវ​បង្កើន​ការ​ប្រឹងប្រែង​ឱ្យ​បាន​កាន់តែ​ខ្លាំង​ថែម​ទៀត​ដើម្បី​ដោះស្រាយ​ជា​ឫសគល់​នៃ​ការ​ធ្លាក់​ចុះ​នេះ បើ​មិន​ដូច្នេះ​ទេ​សត្វ​ដ៏​សំខាន់​នេះ​លែង​មាន​វត្ត​មាននៅ​ប្រទេស​ទាំងឡាយ​នៅ​ក្នុង​តំបន់​រួម​ទាំង​ប្រទេស​កម្ពុជា​យើង​ផង »​។ ប្រសាសន៍​លោក​ប៊ូ វរ​សក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ។

«​អំបូរ​ក្តាន់​ដែល​មាន​ក្នុង​ពិភពលោក​កំពុង​ប្រឈម​នឹង​អនាគត ផ្សេង​ៗ​គ្នា នៅ​ផ្នែក​ខ្លះ​នៃ​អឺរ៉ុប និង​អា​មេ​រិ​ក ពួក​គេ​នៅ​មាន​វត្តមាន​ដ៏​ច្រើន​អាស្រ័យ​ដោយ​ប្រភេទ​សត្វ​ដែល​ចាប់​ពួក​វា​ជា​ចំណី​ត្រូវ​បាន​បាត់បង់ និង​សត្វ​ទាំងនេះ​ថែម​ទាំង​ធ្វើ​ឱ្យ​ខូចខាត​នៅ​ទីជម្រក ដែល​ជំរុញ​ឱ្យ​មានការ​បន្ថយ​ចំនួន​ពួក​វា​តាម​លក្ខខណ្ឌ​បច្ចេកទេស​ទៀត​ផង »​។​

ប្រសាសន៍​លោកស្រី Sarah Brook អ្នកសម្របសម្រួល​សៀវភៅ​ក្រហម LUCN នៃ​ក្រុម​អ្នកជំនាញ​អំបូរ​ក្តាន់ ។ លោកស្រី​បន្ថែម​ថា ដោយហេតុ​ថា​ពួក​វា​មាន​តួនាទី​យ៉ាង​សំខាន់​ជា​ប្រភេទ​ចំណី​របស់​សត្វ​ស៊ីសាច់​អាហារ និង​ជា​អាហារ​បន្ថែម​របស់​សហគមន៍​នៅ​តំបន់​មួយ​ចំនួន នៅ​ទ្វីប​អា​សុ​ី អំបូរ​នេះ​ធ្លាក់​ក្នុង​ចំណោម​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ និង​មានការ​សិក្សា​តិចតួច ពួក​វា​រង​គ្រោះ​ដោយសារ​ការ​មានការ​ប្រឹងប្រែង​អភិរក្ស​តិចតួច ។

ជា​លទ្ធផល​ប្រសិនបើ​ស្ថានភាព​អភិរក្ស​មិន​មានការ​ផ្លាស់​ប្តូរ​នោះ​ទេ សត្វ​ប្រភេទ​នេះ​គ្មាន​ភ័ព្វសំណាង និង​ប្រហែលជា​បន្ត​បាត់បង់​ពី​ទ្វីបអាស៊ី ។ ការ​ស្តារ​ចំនួន​ពួក​វា​អាច​នឹង​នៅ​មាន​សង្ឃឹម​ធ្វើ​បាន​តាម​រយៈ​ការ​រួម និង​សហការ​គ្នា​អនុវត្ត​សកម្មភាព​ដែល​កើត​ចេញពី​សិក្ខាសាលា​យើង​នា​ពេល​នេះ ពួក​យើង​អាច​បញ្ឈប់​ការ​វិនាស​របស់​សត្វ​រមាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ