ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយ​ពីរ​ដាច់​ដោយឡែក​ក្នុង​សំណុំរឿង មាស មុត ក្នុង​សំណុំរឿង​លេខ​០០៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោក នេ​ត ភ័​ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ថា សហ​ចៅក្រម​ស៊ើបអង្កេត​បាន​ចេញ​ដីកា​ដំណោះស្រាយ​ពីរ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោក នេ​ត ភ័​ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ថា សហ​ចៅក្រម​ស៊ើបអង្កេត​បាន​ចេញ​ដីកា​ដំណោះស្រាយ​ពីរ ដាច់​ដោយឡែក​ពី​គ្នា​នៅ​ក្នុង​សំណុំរឿង​លោក មាស មុត ដោយសារ​ខ្វែង​យល់​គ្នា​ថា តើ​លោក មាស មុត ត្រូវ​ស្ថិត​ឬ​ក៏​មិន​ត្រូវ​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) ក្នុង​នាម​ជា​មេដឹកនាំ​ជាន់ខ្ពស់ ឬ​ជា​ជន​ម្នាក់​ក្នុង​ចំណោម​ជន​ទាំងឡាយ​ដែល​ទទួលខុសត្រូវ ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

លោក​បាន​អះអាង​ថា សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ យល់​ឃើញ​ថា មាស មុត មិន​ស្ថិត​នៅ​ក្នុង​យុ​ត្តា ធិ​ការ​បុគ្គល​របស់ អ​.​វ​.​ត​.​ក ក្នុង​នាម​មេដឹកនាំ​ជាន់ខ្ពស់ ឬ​ជា​ជន​ម្នាក់​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​នោះ​ទេ ហើយ​លើកលែង​ការ​ចោទប្រកាន់​លើ មាស មុត ដោយសារ​មូលហេតុ​នេះ​។ នៅ​ពេល​ដែល​ឈាន​ដល់ សេចក្តីសម្រេច​បែប​នេះ សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​បាន​ពិចារណា​លើ​កម្រិត​នៃ​ការ​ចូលរួម​របស់ មាស មុត និង​ស្ថាន​ទម្ងន់​នៃ​ឧក្រិដ្ឋកម្ម​ព្រមទាំង​កត្តា​ផ្សេង​ៗ​ទៀត​ដូច​ជា ខ្លឹមសារ​នៃ​ច្បាប់ និង​កិច្ចព្រមព្រៀង អ​.​វ​.​ត​.​ក ព្រមទាំង​គោលបំណង នៃ​អ្នក​តាក់តែង​កិច្ចព្រមព្រៀង និង​ច្បាប់​ទាំងនោះ​។

សហ​ចៅក្រម​ស៊ើប អង្កេត​អន្តរជាតិ​យល់​ឃើញ​ថា មាស មុត ត្រូវ​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់ អ​.​វ​.​ត​.​ក ក្នុង​នាម​ជា​ជន ម្នាក់​ក្នុង​ចំណោម​ជន​ទាំងឡាយ​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ហើយ មាន​ភស្តុ​តាង​គ្រប់គ្រាន់ ដើម្បី​ចោទ​បញ្ជូន​គាត់​ទៅ​ជំនុំជម្រះ ចំពោះ​បទ​ចោទ​នៃ​អំពើ​ប្រល័យពូជសាសន៍ លើ​ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​មនុស្សឃាត គិត​ទុកជា​មុន យោង​តាម​ច្បាប់​កម្ពុជា​។ បទ​ចោទ​ខ្លះ​មិន​អាច​មាន​ភស្តុ​តាង​បញ្ជាក់​ទេ នៅ​ក្នុងអំឡុងពេល​ស៊ើបសួរ ហេតុនេះ​ត្រូវ​លើកលែង​បទ​ចោទ​ទាំងនោះ​។

សហ​ចៅក្រម​ស៊ើបអង្កេត​ទាំង​ពីរ បាន​ដាក់​ដីកា​ដំណោះ ស្រាយ​របស់​ខ្លួន​ជា​ភាសាផ្លូវការ​រៀងខ្លួន ដោយ​សំណៅ​បកប្រែ នឹង​ដាក់​តាម​ក្រោយ​ឲ្យ​បាន​ឆាប់​បំផុត​តាម ដែល​អាច​ធ្វើ​ទៅ​បាន​។ ប៉ុន្តែ​សហ​ចៅក្រម​ស៊ើបអង្កេត​ទាំង​ពីរ ផ្តល់​ជូន​សេចក្តី​សង្ខេបនៃ​សម្អាង​ហេតុ រៀងខ្លួន​ទាំង​ជា​ភាសា​ខ្មែរ ទាំង​ជា​ភាសា​អង់គ្លេស ដើម្បី​ធានា​ថា សាធារណជន​ទទួល​បាន​ព័ត៌មាន​គ្រប់ គ្រាន់​អំពី​លទ្ធផល នៃ​សំណុំរឿង រហូត​ដល់​ពេល​សំណៅ​បកប្រែ​ទាំងស្រុង​ត្រូវ​បាន​ដាក់​។

សេចក្តី​សង្ខេប​ទាំងនេះ មាន​ភ្ជាប់​ជាមួយនឹង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ហើយ​សហ​ចៅក្រម​ស៊ើបអង្កេត ទាំង​ពីរ​សូម​យោង លើ​សេចក្តី​សង្ខេប​ទាំងនេះ​សម្រាប់​សេចក្តី​លម្អិត​ថែម​ទៀត​។ សហ​ចៅក្រម​ស៊ើបអង្កេត​ទាំង​ពីរ​ក៏​បាន​ចេញ​ដីកា​សម្រេច​ដាច់​ដោយឡែក​ពី​គ្នា​លើ​ភាព​អាច​ទទួលយក​ពាក្យសុំ​តាំងខ្លួន​ជាដើម​បណ្តឹងរដ្ឋប្បវេណី​៕

កែសម្រួលដោយ