ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋជំទាស់ការដកដីឱ្យអ្នក​ផ្ទះ​​បណ្តែត​ទឹក…តែអាជ្ញាធរ​ច្រាន​ចោល

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​៣៣​គ្រួសារនៅ​ភូមិ​សេរី និង​ភូមិ​ល្បើក ឃុំ​ខុន​រ៉​ង ស្រុក​បរិបូ​ណ៌ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ឃុំ​និង​ស្រុកថា ​បាន​រំលោភ​បំពាន​យក​ដីស្រែ​ប្រាំង​របស់​ពួក​គាត់​ ទៅ​ឲ្យ​អ្នក​បំ​លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក ។…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​៣៣​គ្រួសារនៅ​ភូមិ​សេរី និង​ភូមិ​ល្បើក ឃុំ​ខុន​រ៉​ង ស្រុក​បរិបូ​ណ៌ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ឃុំ​និង​ស្រុកថា ​បាន​រំលោភ​បំពាន​យក​ដីស្រែ​ប្រាំង​របស់​ពួក​គាត់​ ទៅ​ឲ្យ​អ្នក​បំ​លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក ។ ប៉ុន្តែ​អាជ្ញាធរ​បាន​ធ្វើការ​បដិសេធ​ការ​ចោទប្រកាន់​នេះ​និង​អះអាង​ថា ដីស្រែ​ប្រាំង​របស់​ពួក​គាត់​គឺជា​ដី​តំបន់​៣ ដែល​អាជ្ញាធរ​ធ្លាប់​ហាមឃាត់​មិន​ឲ្យ​រុករាន​ព្រៃ​កន្លង​មក ដូច្នេះ​ការ​តវ៉ា​នេះ​មិន​មាន​ប្រសិទ្ធភាព​ទេ ។

កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​កន្លង​ទៅ ភាគី​ខាង​ប្រជាពលរដ្ឋ​បាន​មក​ជួបជុំ​គ្នា ដើម្បី​រក​ដំណោះស្រាយ​ជា​មួយ​នឹង​អាជ្ញាធរ​ស្រុក ។ ប៉ុន្តែ​ការ​ជួប​ដោះស្រាយ​គ្នា​អស់​រយៈពេល​ពេញ​មួយ​ព្រឹកគឺ​មិន​ទទួល​បាន​លទ្ធផល​ឡើយ ដោយសារ​ភាគី​ខាង​ប្រជាពលរដ្ឋ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ប្រគល់​ដី​របស់​ពួក​គាត់​ទៅ​ឲ្យ​អ្នក​បំ​លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​នោះ​ឡើយ ។ ចំណែក​អាជ្ញាធរ​វិញ ក៏​នៅ​តែ​ប្រកាន់​ថា​ជា​ដី​តំបន់​៣​ដែល​រដ្ឋ​បាន​ហាមឃាត់​ហើយ​រដ្ឋ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដកហូត​យក​មក​វិញ ។

ក្នុង​ការ​ដោះស្រាយ​រវាង​ពលរដ្ឋ​និង​អាជ្ញាធរ​ស្រុក​នេះ ក៏​បាន​ហាម​មិន​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​ស្តាប់​និង​ថត​យក​រូបភាព​ដែរ ហើយ​ពេល​ចេញ​មក​វិញ​ត្រូវ​បាន​ពលរដ្ឋ​អ្នក​ជំទាស់​និយាយ​ថា ពួក​គាត់​ពិតជា​មាន​ដីស្រែ​ប្រាំង​នៅ​ទីនោះ និង​បានកា​ប់រាន​ព្រៃ​លិច​ទឹក​ជាប់​ក្បាល​ស្រែ​ជា​ដី​របស់​រដ្ឋ​ពិតមែន ប៉ុន្តែ​ពួក​គាត់​បាន​បង្ក​បង្កើន​ផល​ជា​ច្រើន​ឆ្នាំ់​មក​ហើយ ដែល​ខ្លះ​៣​ទៅ​៤ និង​រហូត​ដល់​៥​ឆ្នាំ ។

ក្រុម​ពលរដ្ឋ​អ្នក​តវ៉ា​និយាយ​ថា បើសិនជា​អាជ្ញាធរ​ដក​យក​ដី​គាត់​ទៅ​ធ្វើ​ផ្លូវ​ឬ​ក៏​ត្រូវការ​អភិវឌ្ឍន៍​អ្វី​ផ្សេង​ទៀត គាត់​មិន​ជំទាស់​ទេ គឺ​ពួក​គាត់​ព្រម​ប្រគល់​ឱ្យ ក៏​ប៉ុន្តែ​ការ​ដក​យក​ដី​របស់​គាត់​ទុក​ឲ្យ​អ្នក​បំ​លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក គឺ​ដូច​មាន​ន័យ​ថា ដក​ដី​ពី​គាត់​ជា​ពលរដ្ឋ​ទៅ​ឲ្យ​ពលរដ្ឋ​វិញ​ដដែល ។ ហេតុនេះ​ហើយ គាត់​មិន​ព្រម​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​អាជ្ញាធរ​ឡើយ ពួក​គាត់​នឹង​តវ៉ា​ទៅ​ថ្នាក់លើ​ជា​បន្តបន្ទាប់​ទៀត ។

សូម​បញ្ជាក់​ថា ដី​របស់់​ប្រជាពលរដ្ឋ​ទាំង​៣៣​គ្រួសារ​នេះ មាន​ទំហំ​១៦​ហិ​កតា​១៧​អា​ដែល​រង​ប៉ះពាល់​ពី​ការ​ដកហូត​នេះ ។ ពាក់ព័ន្ធ​បញ្ហា​នេះ លោក ឃួ​ន សៅ​រុំ អភិបាល​ស្រុក​បរិបូណ៌​បាន​ឲ្យ​ដឹង​ថា ដី​នោះ​គឺជា​ដី​តំបន់​​៣​ដែល​រដ្ឋ​ហាមឃាត់​មិន​ឲ្យ​មានការ​ឈូសឆាយ​លើ​ដី​ព្រៃ​លិច​ទឹក​នោះ​ទេ ។ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ទាំង​នោះ កន្លង​ទៅ​បាន​ឈូស​ឆាយ​រំលោភ​យក​ដី​ជាប់​ក្បាល​ស្រែ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ពេល​ខ្លះ​ឈូស​យក​ដី​ព្រៃ​សុទ្ធតែ​ម្ដង ហើយ​កាល​ណោះ​ទូរទស្សន៍​និង​កាសែត​ក៏​បាន​ចុះ​ផ្សាយ​ពី​ការ​បំពាន​ដី​តំបន់​៣​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ដែរ ។

កាល​ណោះ អាជ្ញាធរ​បាន​ចុះ​ទៅ​ព្រមាន​និងហាមឃាត់ ព្រមទាំង​អ្នកខ្លះ​ទៀត​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​រុករាន​ដី​ព្រៃ​តំបន់​៣​នោះ​ដែរ ប៉ុន្តែ​ក្រោយមក​ក៏​លួច​ធ្វើ​ដដែល ម្តង​ហើយ​ម្តងទៀត រហូត​ទីនោះ​ស្ទើរតែ​អស់​ព្រៃ​ទៅ​ហើយ ។ លោក​អភិបាលស្រុក បាន​បញ្ជាក់​ពី​ជំហរ​របស់​អាជ្ញាធរ​ថា ដី​រដ្ឋ​គឺ​រដ្ឋ​ជា​អ្នក​ចាត់ចែង ។

សូម​រំឭក​ថា កន្លង​ទៅ​ដី​តំបន់​៣​ជា​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ឃុំ​ខុន​រ៉​ង មិន​ខុស​ពី​ការ​អះអាង​របស់​លោក​អភិបាលស្រុក​ទេ ដែល​កន្លង​ទៅ​សារព័ត៌មាន​ធ្លាប់​បាន​ចុះ​ផ្សាយ​ពី​សកម្មភាព​កាប់​និង​ដុត​ព្រៃ បន្ទាប់​មក​គឺ​ឈូស​ឆាយ​យក​តែ​ម្តង ។ មក​ដល់​ពេល​នេះ​ក៏​ជួប​បញ្ហា​មែន គឺ​រដ្ឋ​មិន​អាច​ដក​ដី​នោះ​ពី​ពលរដ្ឋ​វិញ​បាន​ស្រួល​ៗ​នោះ​ទេ ខណៈ​មានការ​ជំទាស់​តវ៉ា​បែប​នេះ ។ ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា ពួកគាត់​បាន​ប្រកប​របរ​ធ្វើស្រែ​ប្រាំង​នៅ​ទី​នេះ​យូរឆ្នាំ​ណាស់​មក​ហើយ ខ្លះ​៣​ទៅ​៤​ឆ្នាំ និង​ខ្លះ​ទៀត ៥​ទៅ​៦​ឆ្នាំ ។ ចំណែក​អ្នកខ្លះ​ទៀត​និយាយ​ថា គាត់​មាន​ទាំង​លិខិត​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដីធ្លី​ទៀត​ផង គឺ​តាំងពី​សម័យ​រដ្ឋ​កម្ពុជា​ឆ្នាំ​១៩៨៩​មក​ម្ល៉េះ ។

ដី​ពួក​គាត់​ទាំង​៣៣​គ្រួសារ មាន​ចំនួន​ជាង​១៦​ហិ​កតា ស្រាប់តែ​ពេល​នេះ​អាជ្ញាធរ ឃុំខុន​រ៉​ង និង​ស្រុក​បរិបូរ​ណ៌ សម្រេច​ដកហូត​យក​ទៅ​ឱ្យ​អ្ន្ន​ក​រស់នៅ​ភូមិ​កំពង់​អូរ ដែល​ធ្វើ​បំ​លាស់​ទី​ពី​ក្នុង​ទឹក​មក​រស់នៅ​លើគោក ជា​ដី​ពួក​គាត់​ដែល​អាស្រ័យ​ផល​ធ្វើ​ស្រូវប្រាំង​ទៅ​វិញ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង អាជ្ញាធរ​ឃុំ​បាន​ដក​បង្គោលរបង​ដីស្រែ​របស់​ពួក​គាត់ និង​បាន​ចាប់​គោ​យន្ត​១​គ្រឿង​យក​ទៅ​ដាក់​សាលាឃុំ​ទៀត​ផង​ខណៈ​ពួកគាត់​កំពុង​រាស់​ដី ។ ហេតុនេះ ពួក​គាត់​សំណូមពរ​ដល់​លោក​អភិបាលខេត្ត និង​ជា​ពិសេស សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សូម​មេត្តា​ជួយ​អ​គ្គមនាគមន៍​ដល់​ពួក​គាត់​ផង ៕

អត្ថបទសរសេរ ដោយ