ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អនុវត្ត​ថាមពលបៃតង​សម្រាប់​វិស័យ​កាត់ដេរ​មាន​ផលវិបាក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​ថាមពល​កកើត​​ឡើង​មក​ជំនួស សម្រាប់​ដំណើរការ​នៅ​តាម​រោងចក្រ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា កាលពី​ពេល​កន្លង​ទៅ​នេះ បាន​ដាក់​ដំណើរការ​សាកល្បង​ថាមពល​ពន្លឺព្រះអាទិត្យ​(​សូ​ឡា​) ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​រោងចក្រ​ណា​ចាប់ផ្ដើម​អនុវត្ត​បន្តបន្ទាប់​ទៀត​ឡើយ​។ នេះ​បើ​តាម​អគ្គលេខាធិការ​សមា​គម​រោងចក្រ​កាត់ដេរ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​ថាមពល​កកើត​​ឡើង​មក​ជំនួស សម្រាប់​ដំណើរការ​នៅ​តាម​រោងចក្រ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា កាលពី​ពេល​កន្លង​ទៅ​នេះ បាន​ដាក់​ដំណើរការ​សាកល្បង​ថាមពល​ពន្លឺព្រះអាទិត្យ​(​សូ​ឡា​) ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​រោងចក្រ​ណា​ចាប់ផ្ដើម​អនុវត្ត​បន្តបន្ទាប់​ទៀត​ឡើយ​។ នេះ​បើ​តាម​អគ្គលេខាធិការ​សមា​គម​រោងចក្រ​កាត់ដេរ​កម្ពុជា ។

បើ​តាម​លោក ខេន លូ អគ្គលេខាធិការ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ ឬ​សូ​ឡា​នេះ មិន​បាន​ធ្វើ​ឲ្យ​កាត់​បន្ថយ​ថ្លៃដើម ឬ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថាមពល​នោះ​ទេ ដូចនេះ​ប្រហែល​ជា​រោងចក្រ​នៅ​កម្ពុជា នឹង​មិន​អនុវត្ត​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​សម្រាប់​សង្វា​ក់​ផលិតកម្ម​នោះ​ទេ​។ លោក​ថា ៖« ក្រោយ​ពេល​ដែល​អគារ​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ បាន​បំពាក់​ប្រព័ន្ធ​សូ​ឡា​សាក​ល្បង ឃើញ​ថា ការ​ចំណាយ​នៅ​តែ​ខ្ពស់ ដូចនេះ​នឹង​មិន​មាន​រោងចក្រ​ណា យក​ទៅ​អនុវត្ត​នោះ​ទេ »​។

លោក​បន្ត​ថា តម្លៃ​ដែល EAC (​ថាមពល​ពន្លឺព្រះអាទិត្យ )​បាន​កំណត់​គឺ​មិនល្អ និង​មិន​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​ឲ្យ​ច្រើន​នោះ​ទេ គឺ​នៅ​តែ​ខ្ពស់​ជាង​ការ​ប្រើប្រាស់ EDC (​ថាមពលអគ្គីសនី​) ។ ដូចនេះ បើ​សិនជា​ចង់​ឲ្យ​រោងចក្រ​ប្រើប្រាស់ EAC​បាន​ច្រើន​នោះ ចាំបាច់​ត្រូវ​តែ​កែ​តម្លៃ​ឡើង​វិញ ធ្វើ​យ៉ាងណា​ឲ្យ​ទាប​ជាង EDC ។ យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​កាត់​ផ្ដាច់​ពី​ការ​ប្រើប្រាស់​EDC​បាន​ដែរ ព្រោះថា ថាមពល​EAC មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​១០០%​ទេ ។ ជាក់ស្ដែង​ពេល​ភ្លៀង ពេល​យប់ គឺ​ចាំបាច់​ត្រូវ​ទាញ​ថាមពល​ពី EDC ប្រើប្រាស់​ជំនួស​ដដែល គឺ​វា​[EAC] មិន​អាច​បំពេញ​ទៅ​តាម​តម្រូវការ​នោះ​ទេ »​។

លោក ខេន លូ ទទួលស្គាល់​ថា ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ ឬ​ថាមពល​ដែល​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ បាន​ជួយ​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន និង​ជួយ​បរិស្ថាន​បាន​ច្រើន​មែន ក៏​ប៉ុន្តែ​ដូច​បាន​លើក​ឡើង​អីចឹង គឺ​វា​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ការ​ប្រើប្រាស់​ថាមពល​របស់ EDC​ឡើយ ។

យ៉ាងណា​ក៏​ដោយ លោក​ក៏​បាន​ជំរុញ​ឲ្យ​រោងចក្រ​កាត់ដេរ ប្រើប្រាស់​ថាមពល​របស់​EAC ឲ្យ​បាន​ច្រើន​ដែរ ដើម្បី​ងាយស្រួល​ចរចា​ជាមួយ​អ្នកបញ្ជា​ទិញ ពី​ការ​ដែល​យើង​បាន​អនុវត្ត​នូវ​ថាមពល​កកើត​ឡើង​វិញ ដើម្បី​ជួយ​បរិស្ថាន ។

លោក ខេន លូ បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ​តម្លៃ​ថាមពល​ដែល​ប្រើប្រាស់​នៅ​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​រោង​ចក្រ​ក្នុង​ប្រទេស​កម្ពុជា ហាក់​ខ្ពស់​ជា​បណ្ដា​ប្រទេស​ជិតខាង ហើយ​ប្រាក់​ឈ្នួល​របស់​កម្មករ កម្មការិនី​រោង​ចក្រ ក៏​ខ្ពស់​ជាង​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដែរ ដូចនេះ វា​ក៏​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​វិស័យ​កាត់ដេរ​កម្ពុជា ។

លោក វ៉ា​ន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ការ​ចំណាយ​ទៅ​លើ​ថាមពល​សម្រាប់​ដំណើរការ​នៅ​ក្នុង​រោងចក្រ​នានា​ក្នុង​ប្រទេស​អស់​ច្រើន​ណាស់ ។ ជាក់ស្ដែង រោងចក្រ​មួយ​ចំណាយ​ពី​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៅ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

គួរ​បញ្ជាក់​ផង​ដែរ គម្រោង​ប្រើប្រាស់​ថាមពលបៃតង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ជំរុញ​ឲ្យ​មាន​វិនិយោគ​បន្ថែម​ពី​ថាមពលអគ្គីសនី​ដើរ​ដោយ​ថាមពល​កកើត​ឡើង​វិញ ដូច​ជា​គម្រោង​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ ពី​ខ្យល់ ជាដើម ។

បច្ចុប្បន្ន​នេះ ថាមពល​អគ្គិសនី​ដែល​ប្រើប្រាស់​នៅ​កម្ពុជា បាន​មក​ពី​ប្រភព​ដុត​ធ្យូងថ្ម ប្រភព​វា​រី​អគ្គិសនី ប្រភព​ដុត​ប្រេង ប្រភព​ថាមពល​កកើត​ឡើង​វិញ និង​ប្រភព​ផ្ទាល់ខ្លួន​របស់​អ្នក​ចែកចាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ