ទីក្រុងប៉េកាំង ៖ វិស័យដែក និងដែកថែបរបស់ប្រទេសចិនបន្តការលូតលាស់យ៉ាងរឹងមាំទាំងផ្នែកប្រាក់ចំណូល និងប្រាក់ចំណេញក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ។
យោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាពត៌មានរបស់ប្រទេសចិនបានឲ្យដឹងថា ប្រាក់ចំណូលធំៗសរុបរបស់វិស័យនេះបានកើនឡើងប្រមាណ១៤%បើធៀបនឹងពេលដដែលកាលពីឆ្នាំមុន មកស្មើនឹង៨១៦ប៊ីលានដុល្លារ ។
ជាមួយគ្នានេះផងដែរ ប្រាក់ចំណូលរបស់វិស័យនេះស្មើប្រមាណ៥១,៦ប៊ីលានដុល្លារ ឬច្រើនជាងឆ្នាំមុនដល់ទៅ៦៥,៣%ឯណោះ ។ សហគ្រាសធន់ធំនិងមធ្យមចូលរួមរកប្រាក់ចំណូលបានប្រមាណ៤៤០ប៊ីលានដុល្លារ និងប្រាក់ចំណូល៣៣ប៊ីលានដុល្លារ ឬកើនឡើងបាន១៤,៥% និង៨៦% ។
ព្រោះតែការខិតខំប្រឹងប្រែងកាត់បន្ថយការផ្គត់ផ្គង់លើសលប់ និងការហាមឃាត់ផលិតកម្មដែកថែបក្រោមស្តង់ដា ក្រុមហ៊ុនដែកនិងដែកថែបចិនបានលក់ផលិតផលរបស់ពួកគេទៅកាន់បរទេសក្នុងតម្លៃខ្ពស់ជាងមុន ។
ក្នុងអំឡុងពីខែមករាដល់ខែកញ្ញាកន្លងមកនេះ ប្រទេសចិននាំចេញផលិតផលដែកថែបបាន ៥៣,០៨លានតោន ឬតិចជាងឆ្នាំមុន១០,៧% ប៉ុន្តែប្រាក់ចំណូលបានពីការនាំចេញរបស់ពួកគេបានកើនឡើង៦,១%វិញមកស្មើនឹង៤៣ប៊ីលានដុល្លារ ។
តម្លៃនាំចេញជាមធ្យមស្មើប្រមាណ៨១០ដុល្លារក្នុង១តោន ឬច្រើនជាងឆ្នាំមុន១៨,៨%។ ក្រសួងខាងលើបានឲ្យដឹងដែរថា ប្រទេសចិនអាចនឹងនាំចេញដែកថែបបានប្រមាណ៧០លានតោនក្នុងឆ្នាំនេះ ៕
ចែករំលែកព័តមាននេះ