ខេត្តកំពង់ស្ពឺ ៖ ការនាំចេញស្វាយកែវរមៀតទៅប្រទេសវៀតណាមឆ្នាំនេះធ្លាក់ចុះគួរឲ្យកត់សម្គាល់ ខណៈតម្រូវការលើទីផ្សារកើនឡើងខ្ពស់ ។ ការធ្លាក់ចុះនេះ ដោយសារតែកសិករផលិតស្វាយមិនបាន ព្រោះភ្លៀងធ្លាក់ខ្លាំងពេកបណ្ដាលឲ្យជ្រុះផ្កាស្វាយ នាំឲ្យទិន្នផលធ្លាក់ចុះ ។ នេះបើតាមការបញ្ជាក់ពីប្រធានសមាគមស្វាយកំពង់ស្ពឺ ។
លោក អុិន ឆៃវ៉ាន ប្រធានសមាគមស្វាយកំពង់ស្ពឺ បានមានប្រសាសន៍ថា ជាទូទៅការប្រមូលផលស្វាយ គឺចាប់ពីដើមខែតុលារហូតដល់ខែឧសភា ទាំងស្វាយត្រូវរដូវនិងខុសរដូវ ។លោកបន្ដថា នៅឆ្នាំនេះ កសិករដាំស្វាយមិនសូវបានផលនោះទេ ព្រោះភ្លៀងធ្លាក់ខ្លាំងចំពេលដែលស្វាយកំពុងចេញផ្កាបណ្ដាលឲ្យខូច និងជ្រុះអស់មួយចំនួនធំ ។ ទោះជាយ៉ាងនេះក្ដី តម្លៃហាក់ប្រសើរជាងឆ្នាំមុនបន្ដិច និងមានតម្រូវការច្រើន ។
លោកបញ្ជាក់ថា ៖« កាលពីឆ្នាំ២០១៧ ក្នុងខែវិច្ឆិកានេះ ស្វាយសម្បូរច្រើន ។ ចំណែកតម្លៃលក់បានតែ៧០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ប៉ុន្ដែឆ្នាំនេះតម្លៃកើនឡើងពី៩០០ទៅ១.០០០រៀលក្នុង១គីឡូក្រាម ខណៈក្នុង១ថ្ងៃ យើងអាចផ្គត់ផ្គង់ដល់ដៃគូបញ្ជាទិញបានពី៣០ទៅ៤០តោន បើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន មានចំនួនចាប់ពី៥០ទៅ៧០តោន ។ ដូច្នេះការផ្គត់ផ្គង់ធ្លាក់ចុះច្រើន »។
លោក អុិន ឆៃវ៉ាន បានបន្ដថា ក្នុងរយៈពេល២ខែ ចាប់ពីខែតុលា ដល់ខែវិច្ឆិកានេះ យើងបានផ្គត់ផ្គង់ទៅឱ្យអ្នកបញ្ជាទិញនៅប្រទេសវៀតណាមប្រមាណជិត១.០០០តោនហើយ »។ លោកបានបន្ថែមថា ៖« បើនិយាយពីតម្រូវការទីផ្សារវិញ សព្វថ្ងៃនេះគេត្រូវការស្វាយច្រើនណាស់ តែយើងអត់មានលទ្ធភាពក្នុងការផលិតឱ្យគេ ព្រោះការផលិតរបស់យើងប្រឈមនឹងកត្តាអាកាសធាតុ ហើយបើសិនយើងមានឱ្យកាសនាំចេញដោយផ្ទាល់ទៅទីផ្សារប្រទេសចិន ឬបណ្តាប្រទេសដទៃទៀតនោះ ខ្ញុំគិតថា ទីផ្សារស្វាយយើងកាន់តែមានឱកាសច្រើនថែមទៀត ដូច្នេះកសិករគួររកបច្ចេកទេសដាំដុះឲ្យបានល្អ » ។
បើតាមលោក សួន ម៉ារ៉ា ជាឈ្មួញនាំចេញផ្លែស្វាយពីខេត្តកំពង់ស្ពឺ ទៅលក់ឲ្យវៀតណាមតាមច្រកទ្វារតំបន់ព្រំដែនដូង បានឲ្យដឹងថា ទីផ្សារផ្លែស្វាយនៅប្រទេសវៀតណាមសព្វថ្ងៃ គឺស្វាយលេខ១ លក់បានតម្លៃ១.១០០ទៅ១.២០០រៀល, លេខ២លក់បានតម្លៃ៩០០ទៅ១.០០០រៀល និងលេខ៣ តម្លៃ៧០០រៀលក្នុង១គីឡូក្រាម តែពេលខ្លះស្វាយលេខ១ ក៏ត្រូវវៀតណាមទម្លាក់ថ្លៃដល់៩០០រៀលក្នុង១គីឡូក្រាមក៏មានដែរ ។ យោងតាមរបាយការណ៍ពីមន្ត្រីកសិកម្មឱ្យដឹងថា ស្វាយកែវរមៀតអាចផ្តល់ទិន្នផលជាមធ្យមពី១០ទៅ២០តោនក្នុង១ហិកតា ដោយប្រមូលផល២ដងក្នុង១ឆ្នាំ និងក្នុង១ដងអាចលក់បានពី១០ទៅ២០លានរៀល ៕
ចែករំលែកព័តមាននេះ