ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ខណៈ​លុបឈ្មោះ​ជាង​៥​ម៉ឺន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​ប្រកាស​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​លើក​ដំបូង ឆ្នាំ​២០១៨ ខណៈ​លុបឈ្មោះ​ចេញ​ជាង​៥​ម៉ឺន​នាក់ និង​កែតម្រូវ​ឈ្មោះ​ជាង​១​ពាន់​នាក់ ។ លោក…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​ប្រកាស​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​លើក​ដំបូង ឆ្នាំ​២០១៨ ខណៈ​លុបឈ្មោះ​ចេញ​ជាង​៥​ម៉ឺន​នាក់ និង​កែតម្រូវ​ឈ្មោះ​ជាង​១​ពាន់​នាក់ ។

លោក មាន ស​ទិ សមាជិក​គ​.​ជ​.​ប បាន​លើក​ឡើង​ថា កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តី​ពី​ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​ការ​ដាក់​ការ​ទទួល និង​ការ​ដោះស្រាយ​បណ្តឹង​ទាក់ទង និង​ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា​នេះ នៅ​ទីស្តីការ គ​.​ជ​.​ប ថា បញ្ជី​បោះ​ឆ្នោត ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​តាម​ឃុំ សង្កាត់ ត្រូវ​បាន​បិទ​ផ្សាយ​នៅ​តាម​សាលាឃុំ សង្កាត់ និង​នៅ​តាម​ទី​សាធារណៈ​មួយ​ក្នុង​ឃុំ​សង្កាត់​ព្រម​ៗ គ្នា​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃនេះ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក មាន ស​ទិ បាន​លើក​ឡើង​ទៀត​នៅ​នៅ​ពេល​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​នេះ មាន​ខេត្ត​ចំនួន​៥​មាន​ភ្លៀង​ធ្លាប់​ខ្លាំង (​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្ត​តា កែវ ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិសាត់​) ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​នោះ​ទេ ។ យ៉ាងណា​ក្តី​បើ​តាម​ការ​អះអាង​របស់​សមាជិក គ​.​ជ​.​ប បាន​លើក​ឡើង​ថា អ្នក​ដែល​ទៅ​ពិនិត្យ​មើល​ឈ្មោះ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​ខ្លួន​វិញ​មិន​ទាន់​មាន​ច្រើន​នៅឡើយ​ទេ ក្រៅពី​អ្នក​ដែល​មាន​ទីលំនៅ​ជិត​សាលាឃុំ សង្កាត់ ។ លោក មាន ស​ទិ បាន​បន្ថែម​ថា ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​តាម​ឃុំ សង្កាត់ មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា​នេះ ។

ការ​បិទ​ផ្សាយ​បញ្ជី​ទាំង​ពីរ​នេះ គឺ​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្តឹង​តវ៉ា ឬ​នឹង​ប្តឹង​ជំទាស់​ជា​លាយលក្ខណ៍អក្សរ​នៅ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​រយៈពេល​យ៉ាង​យូរ​៥​ថ្ងៃ (​ចាប់ពី​ថ្ងៃ​២៧ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨) បន្ទាប់​ពី​ថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង ។ ក្នុង​ករណី​អ្នក​ប្តឹង​តវ៉ា ឬ​អ្នក​ប្តឹង​ជំទាស់​មិន​ពេញចិត្ត និង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាច​ប្តឹង​ទី​គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​តាម​ច្បាប់​កំណត់ ។

សមាជិក គ​.​ជ​.​ប បាន​លើក​ឡើង​ទៀត​ថា លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បង្ហាញ​ថា អ្នក​មក​ចុះ​ឈ្មោះ​ថ្មី​មាន​ចំនួន​១៩៥,៣៨៥ នាក់ ហើយ​អ្នក​ដែល​បាន​លុប​ចេញពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​៥៦,៩៤១​នាក់ និង​អ្នក​ដែល​បាន​កែតម្រូវ​ទិន្នន័យ​មាន​ចំនួន​១,៥៥៣​នាក់ ។ ជាមួយ​គ្នា​នោះ​ដែរ លោក មាន ស​ទិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ឈ្មោះ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​ខ្លួន​នៅ​លើ​បញ្ជី​បោះ​ឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​នឹង​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ