ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់់ក្រោមផ្លែពូថៅគូបដិបក្សរបស់ខ្លួន ក្នុងជម្លោះដ៏ឃោរឃៅមួយពេលផឹកស៊ី កាលពីវេលាម៉ោង៨យប់ថ្ងៃទី២១ មីនា ២០១១ នៅចំណុចភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ច …ប៉ុន្តែជនដៃដល់បានរត់ចោលស្រុកបាត់ទៅហើយ ក្រោយពីសម្លាប់មនុស្ស ។
លោកថោង ថិន អធិការរងស្រុកបាណន់ បានថ្លែងថា ភាគីជម្លោះនេះគឺជាក្រុមជាងធ្វើផ្ទះជាមួយគ្នា ។ ពួកគេកាប់សម្លាប់គ្នាពេលផឹកស៊ីស្រវឹងធ្លាក់ភ្នែកដែលខ្វែងគំនិតគ្នាពីរឿងធ្វើផ្ទះឱ្យគេ ។ អំពើហិង្សាដ៏កំរោលនេះបង្កដោយឈ្មោះខុម ឡន ភេទប្រុស អាយុ២៥ឆ្នាំ និងជនរងគ្រោះឈ្មោះសូត្រ សឿត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នាខាងលើ ។ លោកអធិការរងរូបនេះបញ្ជាក់ថា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនដៃដល់ហើយ ៕
ចែករំលែកព័តមាននេះ