រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង បានប៉ះទង្គិចគ្នាជាមួយរថយន្តម៉ាកCR-V ហើយក៏ខ្ទាតទៅប៉ះរថយន្តឡិចស៊ីសមួយគ្រឿងទៀតដែលចតនៅលើផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី១៩ មីនា នៅលើផ្លូវលេខ១០៨៦ មុខហាងពីរ៉ាមីត ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នេះឱ្យដឹងថា រថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ក០៦៣៦ ភព៦ បើកមកពីទិសខាងលិចក្នុងល្បឿនលឿន ហើយពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកCR-Vពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២ L-២១៧៥ បើកចេញពីហាងផឹកស៊ីមួយ។ ពេលកំពុងបត់ក្បាលចេញនោះស្របពេលគ្នារថយន្តកុងតឺន័របើកមក ដល់ក៏បុកចំទ្វារខាងឆ្វេងផ្នែកខាងមុខរថយន្តCR-V បណ្តាលឱ្យខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីសពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២J ៨៨៨៩ ដែលកំពុងចតលើផ្លូវមុខហាងពីរ៉ាមីត។ ទោះជាបែបណា ហេតុការណ៍នេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ