ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខេត្តបាត់ដំបង សង្ស័យ​ក្លែង​ឯកសារ​ស៊ីដាច់​ទាំង​ដី ស៊ីដាច់​ទាំង​លុយ​…​?

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​លើ​ឯកសារ​នានា និង​តាម​ការ​បំភ្លឺ​ដោយ​ផ្ទាល់​ពី​ដើមបណ្ដឹង​ផង បាន​ទម្លាយ​ឲ្យ ​ដឹង​​ថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ យោង​លើ​ឯកសារ​នានា និង​តាម​ការ​បំភ្លឺ​ដោយ​ផ្ទាល់​ពី​ដើមបណ្ដឹង​ផង បាន​ទម្លាយ​ឲ្យ
​ដឹង​​ថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ទំនង​បាន​ក្លែង​ឯកសារ និង​បញ្ចុះបញ្ចូល​ឲ្យ​លោក
ច័ន្ទ សុផល អតីត​អភិបាលខេត្ត​យល់ព្រម​ចុះហត្ថលេខាគោរព​ជូន​សម្ដេច​ក្រឡាហោម ស ខេ​ង ដើម្បីសុំ​​គោល​​ការ​កាត់​ដី​ចំនួន​២.៥០០​ហិ​កតា ពី​លោក​ឧកញ៉ា​ម្នាក់​​លើស​ពី​ចំនួន​ដែល​លោក​ឧកញ៉ា​រូប​នេះ បាន​ធ្វើ​លិខិត​សុំ​ប្រគល់​ដី​ដោយ​ស្មោះ​ជូន​សម្ដេច​ក្រឡាហោម ត្រឹមតែ​៧០០​ហិ​កតា ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម និង​បែងចែក​ជូន​ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ​ ដែល​មាន​ជម្លោះដីធ្លី​តំបន់​នោះ ។

លោក​ឧកញ៉ា សង ថន ដែល​ជា​ម្ចាស់​ដី និង​ជាដើម​បណ្ដឹង​ផង បាន​ប្រាប់​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្ត មិន​ត្រឹមតែ​ផ្ដើមគំនិត​ក្លែងឯកសារ​ដាក់​ជូន​សម្ដេច​ក្រឡា​ហោម​ក្នុង​គោលបំណង​បន្លំ​ស៊ីដាច់​ដី​របស់​លោក​ជិត​២.០០០​ហិ​កតា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ស៊ីដាច់​ប្រាក់​របស់​លោក​ចំនួន​២៥.០០០​ដុល្លារ​ទៀត ជា​ថ្នូរ​នឹង​ការ​សន្យា​ថា យក​ទៅ​រត់ការ​ធ្វើ​ប្លង់​ដី​ឲ្យ​លោក តែ​រហូត​មក​ដល់ពេល​នេះ​ស្ងាត់ឈឹង​តែ​ម្ដង ហើយ​ចង់ស៊ី​ដាច់​ទាំង​ដី​ទៀត ។

លោក​ឧកញ៉ា សង ថន បាន​ថ្លែង​ថា ដោយសារ​តែ​លោក​ចង់​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ពលរដ្ឋ​ជិត២០០​គ្រួសារ​ដែល​ទន្ទ្រាន​យក​ដី​របស់​លោក​នៅ​តំបន់​នោះ លោក​ក៏​បាន​សម្រេច​ធ្វើ​លិខិត​ជា​ផ្លូវការ​សុំ​ប្រគល់​ដី ជូន​សម្ដេច​ក្រឡាហោម ស ខេ​ង ចំនួន​៧០០​ហិ​កតា នៅស្រុក​គាស់​ក្រឡ ដើម្បី​សុំ​ឲ្យ​សម្ដេច​ជួយ​បែង​ចែង​ជូន​ពលរដ្ឋ​ទាំងនោះ​និង​សល់​ប៉ុន្មាន​ទុក​ប្រើប្រាស់ជា​ប្រយោជន៍​រួម ។

ប៉ុន្តែ​បែរជា​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ដែល​ទ​ទូល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​នៅស្រុក​គាស់​ក្រឡ​ក្លែង​ឯកសារ​ផ្ទុយ​ពី​លិខិត​ដើម របស់​លោក​ដាក់​ជួន​សម្ដេច​ក្រឡាហោម សុំ​គោលការ​កាត់​យក​ដី​ពី​លោក រហូត​ដល់​ទៅ​ចំនួន​២.៥០០​ហិ​កតា លើស​ពី​ចំនួន​ដី​ដែល​លោក​បាន​ប្រគល់​ជួនសម្ដេច​ទៅ​វិញ ។ លោក​ថា​បានដឹង​រឿង​នេះ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​ចេញ​សេចក្ដី​ជូនដំណឹង​ឆ្លើយ​តប​មក​លោក​វិញ​អំពី​រឿង​ប្រគល់​ដី​នេះ ។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក​ឧកញ៉ា សង ថន ដែល​គោរព​ជូន​សម្ដេច​ក្រឡាហោម ស ខេ​ង ចុះ​ថ្ងៃ​ទី​៦ កញ្ញា ២០១៦ តាម​រយៈ​អភិបាលស្រុក​គាស់​ក្រឡ និង អភិបាលខេត្ត​បាត់ដំបងដែល​កម្មវត្ថុ​នៃ​លិខិត​នេះ លោក សង ថន បាន​សុំ​ប្រគល់​ដី​ជួន​សម្ដេច​ក្រឡ​ហោម ចំនួន​៧០០​ហិ​កតាដែល​ស្ថិត​ក្នុងស្រុក​គាស់​ក្រឡ ។ នៅ​ក្នុង​លិខិត​នោះ លោក សង ថន បាន​រៀបរាប់​ថា លោក​មាន​ដី​ចំនួន៥.១៤៤​ហិ​កតា ស្ថិត​នៅ​ក្នុង​ឃុំ​ឆ្នាល់មាន់ ឃុំ​ព្រះ​ផុស និង​ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ ។

លោក​បានចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ទិញ​ដី​នោះ​ពី​របប​គោលនយោបាយ​យោធា​តំបន់​អភិវឌ្ឍន៍​ភូមិភាគ​ទី​៥ និង​មន្ត្រីរាជការ​នានា កាលពី​អំឡុង​ឆ្នាំ​២០០០ ហើយ​បាន​អាស្រ័យ​ផល​រហូត​មក ។ ប៉ុន្តែ​មិន​ទាន់​មាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​នៅឡើយ​ទេ តែ​មាន​លិខិត​លក់​ទិញ​ដែល​ទ​ទូល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋានត្រឹម​ត្រូវ​ទាំងអស់ ។ លុះ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​ក៏​មាន​ពលរដ្ឋ​និង​គ្រួសារ​យោធា​មួយ​ចំនួន​ផង សរុប​ប្រមាណ​ជិត​២០០​គ្រួសារ បាន​ចូល​ទន្ទ្រាន​កាន់កាប់​ដី​របស់​លោក​អស់​មួយ​ចំនួន បង្កជា​ជម្លោះ​រ៉ាំរ៉ៃ​រហូត​មក​ដល់​ពេល​នេះ ។

ប៉ុន្តែ​ជាមួយនឹង​ការ​ប្រគល់​ដី​ចំនួន​៧០០​ហិ​កតា​ជូន​សម្ដេច​ក្រឡាហោម ដើម្បី​ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ លោក សង ថន បាន​ស្នើ​សុំ​ឲ្យ​សម្ដេច ជួយ​អន្តរាគមន៍​ទៅ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​ឲ្យ​ប្រគល់​ដី​ទំហំ​ជាង​៨៩៣​ហិ​កតា ដែល​បាន​ដកហូត​បណ្ដោះអាសន្ន​កន្លងទៅ​មក​ឲ្យ​លោក​វិញ និង​ស្នើ​សុំ​សម្ដេច​ជួយ​ដោះស្រាយ​ដល់​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្មសំណង់ និង​សុរិយោដី​ខេត្ត រួម​ទាំង​អាជ្ញា
ធរ​គ្រប់​ជាន់ថ្នាក់​ផង ជួយ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ដីធ្លី​លើ​ផ្ទៃដី​ចំនួន​៤.៤៤៤​ហិ​កតា ដែល​សេសសល់​ពី​ការ​វាស់វែង​ជាក់ស្ដែង​របស់​គណៈកម្មការ ដើម្បី​លោក​បាន​ប្រើប្រាស់ ។

ជាមួយនឹង​លិខិត​ប្រគល់​ដី​របស់​លោក សង ថន ខាងលើ​នេះ កាលនោះ​គេ​មិនដឹង​ថា លោក​ផេងសិ​ទ្ធី បាន​បញ្ជូន​លិខិត​នេះ​ទៅ​លោក​អភិបាលខេត្ត ដើម្បី​ពិនិត្យ​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ស្រាប់តែ​នៅ​ថ្ងៃ​ទី​៨ ឧសភា​២០១៧ រដ្ឋបាល​ខេត្ត បាន​ចេញ​លិខិត​មួយ​ច្បាប់ ដែល​មាន​បោះត្រា​និង​ចុះហត្ថលេខាដោយ​លោក ច័ន្ទ សុផល អភិបាលខេត្ត (​បច្ចុប្បន្ន​ចូល​និវត្តន៍​) គោរព​ជួន​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​កម្មវត្ថុ​៖ សំណើសុំ​គោល​ការ​កាត់​ដី​លោកសង ថន ចំនួន​២.៥០០​ហិ​កតា ដែល​ស្ថិត​ក្នុង​ឃុំ​ចំនួន​៣ ក្នុងស្រុក​គាស់​ក្រឡ ។

កម្មវត្ថុ​នៃលិខិត​នេះ រដ្ឋបាល​ខេត្ត បាន​យោង​លើ​កំណត់ហេតុ នៃ​កិច្ចប្រជុំ​របស់​គណៈកម្មការ​ដោះស្រាយ​ទំនាស់ដីធ្លី​ខេត្ត​នៅ​ថ្ងៃ​ទី​២ ឧសភា ២០១៧ ដែល​បាន​ពិភាក្សា​សម្រេច​កាត់​ដី​លោក សង ថន ចំនួន​២.៥០០ហិ​កតា លើ​ផ្ទៃដី​សរុប​ចំនួន​៥.១៤៤​ហិ​កតា ដែល​ស្ថិត​នៅ ក្នុងស្រុក​គាស់​ក្រឡ ជូន​សម្ដេច​ក្រឡាហោមសម្រាប់​ចែក​ជួន​ពលរដ្ឋ​នៅ​ទីនោះ​ជាក់ស្ដែង ។

ប៉ុន្តែ​លោក​ឧកញ៉ា សង ថន បាន​ជំទាស់​ទៅ​និង​លិខិត​របស់​សាលាខេត្ត​នេះ​ក្រោយ​ពី​បែកធ្លាយ ។ ពេល​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព លោក​ឧកញ៉ា សង ថន បានចង្អុលមុខ​ចំ​ៗ​ទៅ​លើ​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្ត​ថា «​ជា​អ្នក​រៀបចំ​លិខិតនេះ រួច​បញ្ចុះ​ប​ញ្ជូ​ល​ឲ្យ​លោក ច័ន្ទ សុផល ដែល​កាលនោះ​លោក​ជា​អភិបាលខេត្ត ចុះហត្ថលេខា ដើម្បី​គោរព​ជូន​សម្ដេច​ក្រឡាហោម សុំ​កាត់​ដី​លោក​ចំនួន​២.៥០០​ហិ​កតា
ព្រោះ​លោក ស៊ូ រ៉ា​ហ្វា​ត់ ទ​ទូល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ហើយបាន​កាន់​សំណុំរឿង​ដីធ្លី​របស់ខ្ញុំ​ផ្ទាល់​» ។

ជុំវិញ​ការ​ចោទប្រកាន់​ទៅ​លើ​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អំពី​ការ​ក្លែង​ឯកសារ ជូន​សម្ដេច​ក្រឡាហោម ក្នុង​ចេតនា​បន្លំ​យក​ដី និង​ស៊ីដាច់​ប្រាក់​ចំនួន​២៥.០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​រត់ការ​ធ្វើ​ប្លង់​ដី​ឲ្យ​លោក សង ថន ខាងលើ​នេះ ។ លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្ត មិន​បានបំភ្លឺ​លម្អិត​ទៅ​នឹង​ការ​ចោទប្រកាន់​នេះ​ទេ ។ លោក​បាន​ឆ្លើយ​សរុប​យ៉ាង​ខ្លី​ប្រាប់ «​កោះសន្តិភាព​»​តាមទូរស័ព្ទ​ថា «​រឿង​នេះ​បើ​តាម​ខ្ញុំ​ដឹង គឺ​លោក សង ថន បាន​ប្ដឹង​ទៅ​តុលាការ​ហើយ​…ហើយ​តុលាការ​កំពុង​ចាត់ការ​លើ​រឿង​នេះ​» ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បើ​តាម​លោក សង ថន បាន​ប្រាប់​ថា ក្រោយ​ពី​លោក​បាន​ទទួល​ស​.​ជ​.​ណនេះ ប៉ុន្មាន​ថ្ងៃក្រោយ​លោក​ក៏​បាន​ឡើង​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​សួរនាំ​អំពី​លិខិត​ប្រគល់​ដី​ចំនួន​៧០០​ហិ​កតា របស់​លោក​ជូន​សម្ដេច​ក្រឡាហោម តែ​ខាង​ក្រសួង​មិន​បានឃើញ​រដ្ឋបាល​ខេត្តបញ្ជូន​លិខិត​នោះ​ទៅ​ទេ ឃើញ​តែ​លិខិត​រដ្ឋបាល​ខេត្ត ដែល​ស្នើ​សុំ​កាត់​ដី​របស់​លោកចំនួន​២.៥០០​ហិ​កតា​តែ​ប៉ុណ្ណោះ ។ លោក​បាន​បញ្ជាក់​ដែរ​ថា ជុំវិញ​ករណី​នេះ លោកបាន​ដាក់​ពាក្យបណ្ដឹង​រួច​ហើយ​អំពី​បញ្ហា​នេះ ដើម្បី​ទាមទារ​យក​ដី​មក​វិញ​ជា​បណ្ដោះអាសន្ន​សិន និង​ទាមទារ​ឲ្យ​លោក​ស៊ូ អា​រ៉ា​ហ្វា​ត់ សង​ប្រាក់​ចំនួន​២៥.០០០​ដុល្លារ​នោះ មក​ឲ្យ​លោក​វិញទៀត​ផង ៕

អត្ថបទសរសេរ ដោយ