ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​គំរូ​អំពាវនាវ​ដល់​អ្នក​ធ្វើស្រែ​ឱ្យ​ផ្លាស់​ប្ដូរ​ទម្លាប់​នៃ​ការ​ស្ទូងស្រូវ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករ​គំរូ​ដែល​ធ្លាប់​ទទួល​ជ័យ​លា​ភី​លេខ​១​ទូ​ទាំង​ប្រទេស​កាលពី​ឆ្នាំ​២០១៥ លើ​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ទទួល​បាន​ទិន្នផល​ខ្ពស់ បាន​បញ្ជាក់​ថា ការ​ស្ទូងស្រូវ​តែ​១​ដើម នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ការ​ស្ទូងស្រូវ​តាម​ទម្លាប់ ហេតុនេះ​លោក​សូម​អំពាវនាវ​ដល់​ប្រជា​កសិករ​គួរ​ផ្លាស់​ប្តូរ​ទម្លាប់​ចាស់ មក​ធ្វើ​ស្រូវ​តាម​បែប​សម័យ គឺ​ប្រពលវប្បកម្ម…

ខេត្តកំពង់ឆ្នាំង ៖ កសិករ​គំរូ​ដែល​ធ្លាប់​ទទួល​ជ័យ​លា​ភី​លេខ​១​ទូ​ទាំង​ប្រទេស​កាលពី​ឆ្នាំ​២០១៥ លើ​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ទទួល​បាន​ទិន្នផល​ខ្ពស់ បាន​បញ្ជាក់​ថា ការ​ស្ទូងស្រូវ​តែ​១​ដើម នឹង​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ការ​ស្ទូងស្រូវ​តាម​ទម្លាប់ ហេតុនេះ​លោក​សូម​អំពាវនាវ​ដល់​ប្រជា​កសិករ​គួរ​ផ្លាស់​ប្តូរ​ទម្លាប់​ចាស់ មក​ធ្វើ​ស្រូវ​តាម​បែប​សម័យ គឺ​ប្រពលវប្បកម្ម តាម​គោល​ការ​ធម្មជាតិ​វិញ ព្រោះ​ចំណាយ​ពូជ​តិច ពលកម្ម​តិច តែ​បាន​ទិន្នផល​ខ្ពស់ ។

រស់នៅ​ភូមិ​ត្រពាំង​ត្រាច ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ លោក ឃួ​ន ណូ​ត កសិករ​គំរូ​រូប​នេះ បាន​និយាយ​ថា ការ​ធ្វើស្រែ​បែប​ប្រពលវប្បកម្ម គឺ​បាន​ផល​ចំណេញ​ច្រើន​ណាស់ តាំងពី​កម្លាំង​ពលកម្ម និង​ថវិកា​ចំណាយ​លើ​ពូជ​ជាដើម ហើយ​ទទួល​បាន​ទិន្នផល​ខ្ពស់​ទៀត អាច​ពី​៧​ទៅ​៨​តោន​ក្នុង​មួយ​ហិ​កតា​សម្រាប់​ស្រូវធ្ងន់ ។
លោក​បញ្ជាក់​ថា ការ​ធ្វើ​ស្រូវ​បែប​ប្រពលវប្បកម្ម គឺ​ទាមទារ​ឲ្យ​មានការ​ធ្វើ​ដី​ឱ្យ​បាន​រាបស្មើ ការ​ដាក់​ជីធម្មជាតិ លាមក៍​គោក្របី ឬ​ជី​កំ​ប៉ុ​ស្ដ ដែល​បាន​ពី​កាក​សំណល់​ផ្ទះបាយ លាយ​ជាមួយ​លាមក​សត្វ​ជាដើម ។ ចំណែក​ការ​ស្ទូង​គឺ​ត្រូវ​ស្ទូង​ជា​ជួរ និង​ស្ទូងស្រូវ​តែ​១​ដើម​ប៉ុណ្ណោះ ដោយឡែក​សំណាប គឺ​ត្រូវ​ប្រើ​សំណាប​នៅ​ខ្ចី ទើប​មាន​កម្លាំង​លូតលាស់​ល្អ ។

លោក​បញ្ជាក់​ថា ៖« តាម​ទម្លាប់​ប្រជាពលរដ្ឋ​ជា​កសិករ​យើង គឺ​ធ្វើ​ទៅ​តាម​ទម្លាប់​ត​គ្នា​ពី​ចាស់​បុរាណ​មក​ដោយ​ស្ទូងស្រូវ​ច្រើន​ដើម​ក្នុង​១​គុម្ព ហើយ​សំណាប​ច្រើន​ទុក​ដល់​ចាស់​ដើម ទើប​ដក​យក​ទៅ​ស្ទូង »​។ លោក​ថា ៖« ការ​ស្ទូងស្រូវ​ប្រពលវប្បកម្ម គឺ​បាន​ទិន្នផល​ខ្ពស់​ខ្លាំង​ណាស់ ជាក់ស្តែង​ស្រូវ​ផ្ការំដួល​របស់ខ្ញុំ​ដែល​ស្ទូង​នៅ​ស្រែ​លើ​គឺ​បាន​ពី​៣​ទៅ​៤​តោន ក្នុង​មួយ​ហិ​កតា ។ ចំណែក​ប្រភេទ​ស្រូវធ្ងន់​ឈ្មោះ KHA 5 គឺ​បាន​ផល​ពី​៧ ទៅ​៨​តោន ក្នុង​មួយ​ហិ​កតា​ឯណោះ »​។ លោក ឃួ​ន ណូ​ត បន្ថែម​ថា លោក​ធ្លាប់​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​ទូ​ទាំង​ប្រទេស កាលពី​ឆ្នាំ​២០១៥ ជា​កសិករ​គំរូ ដោយ​ទទួល​បាន​អំណោយ​ពី​សម្ដេច​តេ​ជោ​ហ៊ុន សែន នូវ​គោ​យន្ត​១​គ្រឿង និង​គោ​ញី​២​ក្បាល​ពី​អង្គការ​សេ​ដាក ។

ក្នុង​នាម​លោក​ជា​កសិករ​គំរូ ដែល​ទទួល​ជោគជ័យ​ក្នុង​ការ​ធ្វើស្រែ លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កែប្រែ​ទម្លាប់​ចាស់ មក​ធ្វើ​ស្រូវ​តាម​បែប​សម័យ ប្រពលវប្បកម្ម ដោយ​ស្ទូងស្រូវ​មួយ​ដើម​វិញ ព្រោះ​ចំណេញ​ថវិកា​ក្នុង​ការ​ចំណាយ​ពូជ​ច្រើន តែ​បាន​ទិន្នផល​ខ្ពស់ ។

សូម​រំឭក​ថា លោក ឃួ​ន ណូ​ត ធ្លាប់​ទទួល​បានការ​បណ្តុះបណ្តាល​ពី​អង្គការ​សេ​ដាក​ដែល​បង្ហាញ​ឲ្យ​ធ្វើ​ស្រូវ​ប្រពលវប្បកម្ម តាម​គោល​ការ​ធម្មជាតិ និង​ធ្លាប់​ទទួល​បានការ​ណែនាំ​ពី​ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ។ កសិករ​គំរូ​រូប​នេះ ក្រៅពី​ជំនាញ​ធ្វើ​ស្រូវ​ហើយ នៅ​មាន​ជំនាញ​ចិញ្ចឹម​មាន់ ចិញ្ចឹម​ត្រី និង​ដាំ​បន្លែ​ផ្សេង​ៗ​ទៀត ដែល​ផ្ដល់​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ឲ្យ​មាន​ជីវភាព​ធូរធារ​បាន​មួយ​កម្រិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ