ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ3​មក​វិនិយោគ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុងអំឡុងពេល​ចូលរួម​សន្និបាត​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ នៅ​ប្រទេស​បារាំង លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ស្នើ​ឲ្យ​ប្រទេស​ធំ​ៗ​ចំនួន​៣​មក​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​ដែល​កំពុង​មាន​សក្ដានុពល និង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​អន្តរជាតិ ។ លោក ប៉ាន សូរ​ស័ក្តិ…

រាជធានី​ភ្នំពេញ ៖ ក្នុងអំឡុងពេល​ចូលរួម​សន្និបាត​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ នៅ​ប្រទេស​បារាំង លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ស្នើ​ឲ្យ​ប្រទេស​ធំ​ៗ​ចំនួន​៣​មក​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​ដែល​កំពុង​មាន​សក្ដានុពល និង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​អន្តរជាតិ ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ប្រទេស​បារាំង​ធ្វើការ​វិនិយោគ​លើ​វិស័យ​អាទិភាព​ចំនួន​៤​នៅ​កម្ពុជា រួម​មាន វាយនភ័ណ្ឌ​, កសិកម្ម​, ម្ហូបអាហារ​កែ​ច្នៃ និង​ទេសចរណ៍ ដើម្បី​ធ្វើ​ពិពិធ​កម្ម ឱកាស​ការងារ​ជូន​ប្រជាជន និង​ជំរុញ​ការ​អភិវឌ្ឍ​កំណើនសេដ្ឋកិច្ច​កម្ពុជា ។

នៅ​ក្នុង​ជំនួប​ជាមួយ លោក ហ្ស​ង់​ព្យែ​រ​វ៉ា​ហ្វា​រាំង (Jean-Pierre Raffarin) ប្រធាន​មូលនិធិ FPI និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​បារាំង និង​បច្ចុប្បន្ន​ជា​សមាជិក​សភា​កិត្តិយស​នៃ​ប្រទេស​បារាំង លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាប​ជូន​អំពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​របស់​កម្ពុជា គោលនយោបាយ​វិនិយោគ និង​យុទ្ធសាស្ត្រ​ចតុកោណ​ថ្មី ដែល​ផ្តោត​សំខាន់​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ថែម​ទៀត នូវ​អភិបាលកិច្ច​ល្អ ដើម្បី​ពង្រឹង​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព សំដៅ​ឆ្លើយ​តប​នឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន ។ លោក​បាន​ស្នើ​រដ្ឋាភិបាល​បារាំង​ឱ្យ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​វិស័យ​អាទិភាព និង​បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​សម្រួល​គម្រោង​វិនិយោគ​នានា ក៏​ដូច​ជា​ការ​បន្ត​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដើម្បី​ធានា​ដល់​ការ​លូតលាស់​នៃ​វិស័យ​ឯកជន​នៅ​ក្នុង​ប្រទេស ។

នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏​បាន​ស្នើ​និង​ជំរុញ​ប្រទេស​ជប៉ុន និង​កូរ៉េ មក​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ខ្សែ​សង្វា​ក់​តម្លៃ​ដំណាំ​ដំឡូង​មី និង​កសិផល​ផ្សេង​ទៀត មាន​ដូច​ជា ស្រូវ ពោត សណ្តែក និង​ឈើ​ហូប​ផ្លែ ដើម្បី​ពង្រីក​វត្តមាន​ផលិតផល​ខ្មែរ​នៅ​លើ​ទីផ្សារ និង​ជំរុញ​ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន​អតិបរមា ។ លោក​បាន​បង្ហាញ ពី​អត្ថប្រយោជន៍​នៃ​គោលនយោបាយ​គាំពា​រវិ​និ​យា​គ​របស់​កម្ពុជា និង​ការ​លើកទឹកចិត្ត​ផ្សេង​ៗ​របស់​រាជរដ្ឋាភិបាល ដូច​ជា​ការ​លើកលែង​ពន្ធលើប្រាក់ចំណេញ និង​ពន្ធ​លើ​ការ​នាំ​ចូល​សម្ភារ និង​ឧបករណ៍​កសិកម្ម ក៏​ដូច​ជា​សក្តានុពល​នៃ​វិស័យ​វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ ។

លោក ហ្ស​ង់ ព្យែ​រ​រ៉ា​ហ្វា​រាំង ប្រធាន​មូលនិធិ FPI និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​បារាំង បាន​មាន​ប្រសាសន៍​ថា ចំពោះ​ការ​ស្នើ​ឲ្យ​វិនិយោគិន​បារាំង វិនិយោគ​នៅ​កម្ពុជា លោក​នឹង​ជម្រាប​ទៅ​កាន់​រដ្ឋាភិបាល​បារាំង​ឲ្យ​គិតគូរ និង​ជួយ​គៀងគរ​វិនិយោគិន​បារាំង ចូល​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​នៅ​កម្ពុជា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ដើម្បី​ពង្រឹង ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង
ពីរ ។ លោក​សន្យា​ថា នឹង​ដឹកនាំ​ប្រតិភូ​វិនិយោគិន​បារាំង មក​រៀបចំ​វេទិកា​ជំនួប​ធុរកិច្ច នៅ​ក្នុង​ប្រទេស​កម្ពុជា នា​រដូវក្តៅ​ឆ្នាំ​២០១៩ ខាង​មុខ អម​ជាមួយ​ព្រឹត្តិការណ៍​ជំរុញ​ពាណិជ្ជកម្ម​ផ្សេង​ៗ ឱ្យ​បាន​យ៉ាងតិច​មួយ​ដង​ក្នុង​១​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ