ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោះ​! មក​ដឹង​ពី​ការ​តស៊ូ បុព្វហេតុ​ជាតិ និង​ប្រជាជន​របស់​សម្តេច​ហេង សំ​រិ​ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រៀបចំ​ពិធី​សម្ពោធ និង​ផ្សព្វផ្សាយ​សៀវភៅ​កំណត់ហេតុ​ស្តី​ពី​ការ​តស៊ូ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ក្នុង​ដំណើរ​រំដោះប្រទេស​ជាតិ​ចេញពី​របប​ប៉ុ​ល​ពត​ការ​ចូលរួម​ស្តារ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើង​វិញ ក្រោយ​ភ្លើងសង្គ្រាម​បាន​រលត់​ទៅ…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រៀបចំ​ពិធី​សម្ពោធ និង​ផ្សព្វផ្សាយ​សៀវភៅ​កំណត់ហេតុ​ស្តី​ពី​ការ​តស៊ូ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ក្នុង​ដំណើរ​រំដោះប្រទេស​ជាតិ​ចេញពី​របប​ប៉ុ​ល​ពត​ការ​ចូលរួម​ស្តារ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើង​វិញ ក្រោយ​ភ្លើងសង្គ្រាម​បាន​រលត់​ទៅ ។

បេសកកម្ម​ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន​ដែល​សម្តេច​បាន​ចំណាយពេល​សឹង​ពេញ​មួយ​ជីវិត​សម្តេច​ត្រូវ​បាន​កត់​ត្រាទុក​នៅ​ក្នុង​សៀវភៅ «​ការ​តស៊ូ​របស់​ប្រជាជន​កម្ពុជា​រស់​ឡើង​វិញ​» ជា​ភាសា​អង់គ្លេស​ដែល​បាន​សម្ពោធ និង​ផ្សព្វផ្សាយ​នៅ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក រង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា តំណាង​សម្តេច ហេង សំ​រិ​ន ។

ពិធី​សម្ពោធ និង​ផ្សព្វផ្សាយ​សៀវភៅ​ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា មន្ត្រី​រដ្ឋាភិបាល មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា និង​ព្រឹទ្ធសភា ព្រមទាំង​និស្សិត និង​បណ្ណារក្ស​នៃ​គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន ប្រមាណ​ជាង​១០០​នាក់ ។

យោង​តាម​ខ្លឹមសារ​ដែល​ដែល​ចាយ​ដល់​អ្នក​សារព័ត៌​មានបាន​ឲ្យ​ដឹង​«​ការ​តស៊ូ​របស់​ប្រជាជន​កម្ពុជា​រស់​ឡើង​វិញ​»​នឹង​បង្ហាញ​ពី​ការ​ពិត​នៃ​សង្គ្រាម​នៅ​កម្ពុជា​ដល់​អ្នក​អាន និង​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដែល​ចង់​សិក្សា​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា ។ ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​តស៊ូ​ដោះ​ប្រទេស​ជាតិ​របស់​ឥស្សរជន​ស្នេហា​ជាតិ និង​ដំណើរ​ស្តារ​កម្ពុជា​ឡើង​វិញ ក្រោយ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត បាន​រលំ​ទៅ​ក្នុង​រយៈ​៤០​ឆ្នាំ​កន្លង​មកនេះ ។ ប្រ​សូត្រ​នៅ​ក្នុង​គ្រួសារ​កសិករ​នៅ​ទី​ជនបទ​មួយ​ក្នុង​ខេត្តកំពង់ចាម ក្នុង​ឆ្នាំ​១៩៣៤ សម្តេច ហេង សំ​រិ​ន គឺជា​ប្រធាន​ស្ថាបនិក​ចលនា​មហាជន​ធំ​មួយ​ឈ្មោះ​ថា «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ដែល​ក្រោយមក​បាន​ប្តូរ​ឈ្មោះ​ជា​«​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​សមាជ​មួយ​នៅ​ខេត្ត​ក្រ ចេះ កាលពី​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ ។ផ្តើម​ចេញពី​ខេត្តក្រចេះ​នោះ​ហើយ​ដែល​សម្តេច ហេង សំ​រិ​ន បាន​ប្រកាស​ផែនការ​១១​ចំណុច ក្នុង​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ។ ក្រោយ​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ សម្តេច ហេង សំ​រិ​ន បាន​ក្លាយជា​ប្រមុខរដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​ជា​អគ្គលេខាធិការ​បក្ស​នៃ​គណបក្ស​បដិវត្តន៍​ប្រជាជន​កម្ពុជា ។

បច្ចុប្បន្ន សម្តេច ហេង សំ​រិ​ន ជា​ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ជា​ប្រធាន​ប្តូរ​វេន​នៃ​វេទិកា​សភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (APPF) ខណៈ​ដែល​សភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកា​សភា​នេះ​នៅ​ក្នុង​ខែមករា ឆ្នាំ​២០១៩ ខាង​មុខ ។ APPF បាន​បង្កើត​ឡើង​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក យ៉ា​ស៊ូ​ហ៊ី​រ៉ូ ណា​កា​សូ​ណេ (Yasuhiro Nakasone) ក្នុង​ឆ្នាំ​១៩៩៣ ។ ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នេះ​ជា​ជោគជ័យ​ផ្នែក​ការទូត​សភា​កម្ពុជា​ថ្មី​មួយទៀត​នៅ​ដើម​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច ។

សម្តេច ហេង សំ​រិ​ន គឺជា​ថ្នាក់ដឹកនាំ​ម្នាក់​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ចំនួន​១៤​រូប ដែល​នៅ​រស់រាន​មានជីវិត​ដូច​ជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោកស្រី មាន សំ​អាន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិកា ព្រឹទ្ធសភា លោក រស់ សម័យ ទីប្រឹក្សា​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​លោក ចាន់ វ៉ែន អតីត​អគ្គលេខាធិការ​រដ្ឋសភា​ជាដើម ។

រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នឹង​ប្រារព្ធ​ខួប​លើក​ទី​៤០​ឆ្នាំ​ថ្ងៃ​បង្កើត​រណសិរ្ស​នៅ​ស្តូប​អនុស្សាវរីយ៍​នា​ស្រុក​ស្នួល ខេត្តក្រចេះ នា​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ នៅ​ក្នុង​សៀវភៅ​មរណភាព​របស់ សោ ភឹ​ម ការ​ស្លាប់​របស់ សោ ភឹ​ម មេបញ្ជាការ​ភូមិភាគ​បូព៌ា​នៃ​កងទ័ព​បដិវត្តន៍​ប្រជាជន​កម្ពុជា គឺជា​អ្វីមួយ​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចង់​ដឹង ។ សៀវភៅ​«​ការ​តស៊ូ​របស់​ប្រជាជន​កម្ពុជា​រស់​ឡើង​វិញ​»​នឹង​មាន​រៀបរាប់​លម្អិត​ទាក់ទង​នឹង​ការ​ស្លាប់​របស់ សោ ភឹ​ម ។ ត្រង់​ចំណុច​មួយ​ដែល​សម្តេច ហេង សំ​រិ​ន បាន​ប្រាប់​អ្នកនិពន្ធ​ដោយ​បាន​រំលឹក​អំពី​កិច្ចប្រជុំ​ចុង​ក្រោយ​ជាមួយនឹង​អតីត​មេបញ្ជាការ​ដែល​កំពុង​មាន​ជំងឺ​នៅ​វត្ត​មួយ​ក្នុង​ឃុំ​ព្រៃ​សា​លិ​ត ក្នុងស្រុក​ពារាំង​ខេត្តព្រៃវែង​កាលពី​ឆ្នាំ​១៩៧៨ ដែល​ភ្លាម​ៗ​នោះ​បន្ទាប់​ពី​អង្គរក្ស​មួយ​ចំនួន​របស់ សោ ភឹ​ម ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង ប៉ុ​ល ពត នៅ​ជិត​ទីក្រុង​ភ្នំពេញ ។ «​គាត់​ស្ថិត​នៅ​ក្នុង​សភាព​មួយ​បាក់ទឹកចិត្ត​» សម្តេច​បាន​រៀបរាប់​ដូច្នេះ​ដោយ​បាន​ពន្យល់​ពី​មូលហេតុ​ដែល សោ ភឹ​ម បាន​ឯកភាព​ចាក​ចេញពី​កងកម្លាំង​រប​ស់ប៉ុល​ពត​ឆ្ពោះទៅ​កាន់​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម ។ «​នៅ​ស្រុក​ស្រី​សន្ធរ​សម្តេច​មាន​ទាហាន​ឈរជើង​ចំនួន​៣០០​នាក់ សម្រាប់​ត្រៀម​អន្តរាគមន៍​សភាពការណ៍​ដែល​អាច​កើតឡើង​ជាយថាហេតុ​ណាមួយ »​។

នៅ​ពេល​សម្តេច​បាន​វិល​ត្រឡប់​មក​ខេត្តព្រៃវែង​ក្នុង​ការ​រៀបចំ​ផែនការ​ជម្លៀស​អង្គភាព​យោធា​ឆ្ពោះទៅ​កាន់​ទិស​បូព៌ា​ស្រាប់តែ​អ្នក​រត់​សំបុត្រ​ម្នាក់​បាន​ហុច​សំបុត្រ​មួយ​ច្បាប់​របស់ សោ ភឹ​ម ជូន​សម្តេច ។ អានសំបុត្រ​ចប់​សម្តេច​បាន​ចេញ​បញ្ជារ​ឲ្យ កម្លាំង​មួយ​ក្រុម​ដែល​បំពាក់​ដោយ អាវុធ​ជា​ច្រើន​ដើម ដើម្បី​ការពារ សោ ភឹ​ម ចេញពី​ស្រុក​ស្រី​សន្ធរ​ឆ្ពោះទៅ​កាន់​ព្រំដែន​វៀត ណា​ម​នៅ​ព្រឹក​បន្ទាប់​។ ក៏​ប៉ុន្តែ “​នៅ​ពេល​ដែល​ពួក​កងការពារ​កំពុង​ចេញដំណើរ ស្រាប់តែ​កង កម្លាំង​របស់ ប៉ុ​ល ពត បាន​វាយប្រហារ​” សម្តេច​បាន​និយាយ​ថា “​សោម ភឹ​ម មិន​បាន​ទៅ ដល់​វៀតណាម​ឡើយ​”​។

កា​រដក​កម្លាំង​ចេញពី​ភ្នំពេញ​ត្រូវ​បាន​សម្តេច ហេង សំ​រិ​ន មាន​ប្រសាសន៍​ថា «​កងកម្លាំង​តំបន់​បូព៌ា​របស់​សម្តេច​បាន​ឈរជើង​ត្រួតត្រា​នៅ​ភ្នំពេញ រយៈពេល​មួយ​ខែ​មុន​ពេល​ត្រូវ​ជំនួស​ដោយ កម្លាំង​មជ្ឈិម​តាម​បទបញ្ជា​អោយ​ចាកចេញ ។ «​ពួក​កងកម្លាំង​មជ្ឈិម​ម៉ឺង​មាត់ ហ្មត់ចត់ និង​ដាច់​ខា​» ។ នៅ​ពេល​ណា​ចេញ​បញ្ជា​ការងារ​ដាច់ខាត​ត្រូវ​តែ​សម្រេច​ដោយ​មិន​ត្រូវ​បរាជ័យ​ជា​ដាច់ខាត ។

សម្តេច​បាន​រំលឹក​ឡើង​វិញ​យ៉ាង​ដូច្នេះ​ថា «​អង្គភាព​របស់ខ្ញុំ​ទាំងអស់​បាន​ដក​កម្លាំង​ឆ្លង​ទៅ​ខាងកើត​ស្ពាន​ព្រះ​មុនី​វង្ស និង​បាន​ឈរជើង​ចាប់ពី​ផ្សារ​ច្បារ​អំពៅ​ទៅ​កើត ។ ឯ​ទីបញ្ជាការ​របស់​វរៈ​សេនា​ធំ​លេខ​១២៦ ខ្ញុំ​បាន​បោះទីតាំង​នៅ​ព្រែក​ឯង​ជ្រោយ​អំពិល​ក្នុងស្រុក​គៀនស្វាយ ។ នៅ​ពេល​ដែល​កងកម្លាំង​របស់ខ្ញុំ​បាន​ដក​ចេញពី​ភ្នំពេញ សន្តិសុខ​របស់​មជ្ឈិម​បាន​ឆែកឆេរ​រើ​បា​ឡូ​ដែល​ស្ពាយ​ពីក្រោយ​ខ្នង​ទាំងអស់ មុន​ពេល​យើង​ឆ្លងស្ពាន​ព្រះ​មុនី​វង្ស ។ សម្ភារ​ផ្ទាល់ខ្លួន​ដូច​ជា ច្រាស់ និង​ថ្នាំដុសធ្មេញ បើ​មាន​លើស​ពី​មួយ គឺ​ត្រូវ​គេ​ដក​យក​ទាំងអស់​លើកលែងតែ​ចបកាប់​ប៉ុណ្ណោះ មាន​ច្រើន​ប៉ុន្មាន​ក៏​គេ​មិន​ដក​យក​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ