ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជ​បណ្ឌិតសភា​កម្ពុជា​«​តើ​កម្ពុជា​ត្រូវការ​វត្តមាន​កងទ័ព​បរទេស​ដែរ​ឬទេ?»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រតិកម្ម​លើ​ការ​ចុះ​ផ្សាយ​មិន​ពិត​របស់​សារព័ត៌មាន​បរទេស​ថា មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ ។ កិច្ច​ពិភាក្សា​តុមូល​ស្ដី​ពី…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រតិកម្ម​លើ​ការ​ចុះ​ផ្សាយ​មិន​ពិត​របស់​សារព័ត៌មាន​បរទេស​ថា មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ ។

កិច្ច​ពិភាក្សា​តុមូល​ស្ដី​ពី «​តើ​កម្ពុជា​ត្រូវការ​វត្ដមាន​កងទ័ព​បរទេស​ដែរ​ឬទេ0x017d7​» ដែល​រៀបចំ​ដោយ​រាជ​បណ្ឌិតសភា​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​មាន​តំណាង​ក្រសួងការពារជាតិ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ព្រមទាំង​អ្នក​សារព័ត៌មាន​ចូលរួម​ប្រមាណ​ជិត​១០០​នាក់ ។ លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​ឈឺចាប់​ដោយសារ បរទេស​ដាក់​មូលដ្ឋានទ័ព​បង្ក​ជា​សង្គ្រាម កាលពី​អតីតកាល​ដូច្នេះ​កម្ពុជា​ដែល​មាន​សន្តិភាព​ពេល​នេះ​មិន​ចាំបាច់​ត្រូវ​មាន​មូលដ្ឋានទ័ព​បរទេស​លើ​ទឹកដី​នោះ​ទេ ។

នៅ​កម្ពុជា គឺ​អ្នកដឹកនាំ​ជំនាន់​មុន​បាន​យក​កងទ័ព​បរទេស​មក​ដាក់​ក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ឈឺចាប់ និង​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំង​ដោយសារ សង្គ្រាម​វិនាសកម្ម​ជា​បន្តបន្ទាប់​ដែល​បាន​អូស​អន្លាយ​អស់​ជា​ច្រើន​ទស​វត្ស​ន៍ ។ លោកនាយ​ឧត្តមសេនីយ​បន្ត​ថា បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន រំដោះប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៩​មក​សម្តេច​បាន​កសាង​សន្តិភាព និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ហេតុនេះ​កម្ពុជា​មិន​ចាំបាច់​មាន​កងទ័ព​បរទេស មក​ដាក់​ក្នុង​ប្រទេស​ខ្លួន​នោះ​ឡើយ ហើយ​កម្ពុជា​ត្រូវការ​តែ​អ្នក​វិនិយោគទុន​បរទេស​តែ​ប៉ុណ្ណោះ ។

ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា ដើម្បី​បញ្ជក់​ឲ្យ​កាន់តែ​ច្បាស់​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​ដូច​ការ​ផ្សព្វផ្សាយ​ទុច្ចរិត​មួយ​ចំនួន​ចង់​បំផ្លាញ​សេចក្តីសុខ​របស់​កម្ពុជា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ចំពោះ​មុខ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុ​ជានា​ពេល​ថ្មី​ៗ​នេះ​បាន​ប្រាប់​អា​មេ​រិ​កថា កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​អ្វី​ទាំងអស់ ។ កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ឡើយ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក Mike Pence ដោយ​រៀបរាប់​បង្ហាញ​ពី​ជំហរ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ស្តី​ពី​អធិបតេយ្យភាព និង​ការ​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា​នេះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ២០១៨ ក្រសួងការពារជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​ទៅ​នឹង​សារព័ត៌មាន (ASIA TIME) ថា នា​ថ្មី​ៗ​នេះ​សារព័ត៌មាន​បរទេស​មួយ​ចំនួន​បាន​ចម្លង​គ្នា​ផ្សព្វផ្សាយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ថា ប្រទេស​ដទៃ​មាន​បំណង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​យោធា​សំចត​នា​ចម្បាំង ហើយ​កម្ពុជា​កំពុង​ស្ថិត​ចំណុចកណ្តាល​នៃ​សង្គ្រាមត្រជាក់​រវាង​ចិន និង​អា​មេ​រិ​ក​ជាដើម ។ នេះ​គ្រាន់តែ​ជា​ដំណឹង​ក្លែងក្លាយ​ដែល​ក្រុម​បរទេស​មួយ​ចំនួន​ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់​មក​លើ​កម្ពុជា​ក្នុង​ចេតនា​អាក្រក់​ញុះញង់ ដើម្បី​បំភាន់​ស្មារតី​សារ​ធា​ណៈ​ជនជាតិ អន្តរជាតិ និង​ចេតនា​បំផ្លាញ​ដល់​ឯករាជ្យ​ភាព អព្យាក្រឹត​អចិន្ត្រៃយ៍​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ ។

ក្រសួងការពារជាតិ​លើក​ឡើង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ជ​រដ្ឋ​ឯករាជ្យ​អព្យាក្រឹត​អចិន្ត្រៃយ៍​មិន​ចូលបក្ស​សម្ព័ន្ធ​ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ថែរក្សា​សន្តិភាព សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ការ​ប៉ុនប៉ង​ទាំងឡាយ​ដែល​អូស​ទាញ​ប្រទេស​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ជា​ថ្មី ដើម្បី​ធ្វើ​យ៉ាងណា​បន្ត​ការ​អភិវឌ្ឍ​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ ដូច្នេះ​ហើ​ប្រទេស​កម្ពុជា​មិន​បាន​ចូលរួម​ជាមួយ​សង្គ្រាមត្រជាក់​ណាមួយ ឬ​អនុញ្ញាត​ឲ្យ​ប្រទេស​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ធ្វើ​ជា​មូលដ្ឋាន​ដូចដែល​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​បាន​ផ្សាយ​ចោទប្រកាន់​ទេ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​«​សូម​ប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ASIA TIME ដែល​លាប​ពណ៌​ញុះញង់ ធ្វើ​ឲ្យ​ប៉ះពាល់​កេ​ត្យា​នុ​ភាព​វិស័យ​យោធា និង​អព្យាក្រឹត​អចិន្ត្រៃយ៍​របស់​កម្ពុជា ហើយ​សូម​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ដោយ​គ្មាន​គ្មាន​ប្រភព​ច្បាស់លាស់​នេះ​តទៅ​ទៀត​» ៕

កែសម្រួលដោយ