ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ! បន្លែ ផ្លែ​ឈើ​ពណ៌​ស្វាយមាន​ប្រយោជន៍​ល្អ​បែបណា

5 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា ការ​ទទួលទាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន​ជាង​អាហារ​ដទៃ គឺ​ល្អ​ប្រសើរ​ណាស់​ចំពោះ​សុខភាព ខណៈ​ដែល​បន្លែ​ផ្លែ​ឈើ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន​, ជាតិ​រ៉ែ រួម​ទាំង​សារ​ធាតុ​ចិញ្ចឹម សំខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​រាង​កាយ​ត្រូវការ ។ ទោះជា​យ៉ាងណា…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា ការ​ទទួលទាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន​ជាង​អាហារ​ដទៃ គឺ​ល្អ​ប្រសើរ​ណាស់​ចំពោះ​សុខភាព ខណៈ​ដែល​បន្លែ​ផ្លែ​ឈើ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន​, ជាតិ​រ៉ែ រួម​ទាំង​សារ​ធាតុ​ចិញ្ចឹម សំខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​រាង​កាយ​ត្រូវការ ។ ទោះជា​យ៉ាងណា អ្នកជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​បាន​ណែនាំ​ឲ្យ​អ្នក​ទទួលទាន​បន្លែ និង​ផ្លែ​ឈើ​ដែល​មាន​ពណ៌​ស្វាយ​កាន់តែ​ច្រើន ក៏​ព្រោះ​វា​មាន​ផ្ទុក​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​កាន់តែ​ប្រសើរ ។

អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​ដែល​អ្នក​អាច​ទទួល បន្ទាប់​ពី​ទទួលទាន​បន្លែ​ផ្លែ​ឈើ​ពណ៌​ស្វាយ ៖

១.​ពន្យឺត​ភាព​ចាស់​តាម​វ័យ ៖ បន្លែ និង​ផ្លែ​ឈើ​ពណ៌​ស្វាយ គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ដែល​ជួយ​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ទទួល​បាន​សម្រស់​មើល​ទៅ​ក្មេង​ជាង​វ័យ អ្នក​គួរ​ទទួលទាន​អាហារ​ដែល​មាន​ពណ៌​ស្វាយ​ឲ្យ​បាន​ច្រើន ក៏​ព្រោះ​កម្រិត​នៃ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​ផ្លែ​ឈើ និង​បន្លែ​ប្រភេទ​នេះ គឺ​ខ្ពស់​ជាង​បន្លែ​ផ្លែ​ឈើ​ពណ៌ ផ្សេង​ៗ ។ ត្រូវ​ចាំ​ថា​ពណ៌​របស់​បន្លែ​ផ្លែ​ឈើ​កាន់តែ​ចាស់ ឬ​ដិត​ប៉ុនណា សារធាតុ​ប្រឆាំង​ដែល​វា​មាន​ផ្ទុក គឺ​ច្រើន​ប៉ុន​នោះ​ដែរ ។

២. គ្រប់គ្រង​សម្ពាធ​ឈាម ៖ អាហារ​ដូច​ជា ផ្លែ​ព្រូន​, ផ្លែ​ត្រប់​, ទំពាំងបាយជូរ និង​ស្ពៃក្ដោប​ពណ៌​ស្វាយ អាច​ជួយ​ក្នុង​ការ​គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម​របស់​អ្នក​បាន​យ៉ាង​ប្រសើរ ដោយសារ​បន្លែ​ផ្លែ​ឈើ​ទាំងនេះ​មាន​ផ្ទុក​នូវ​សារធាតុ flavonoids​។ នេះ​មាន​ន័យ​ថា​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នឹង​ត្រូវ​កាត់​បន្ថយ រួម​ជាមួយ​បញ្ហា​ផ្សេង​ៗ​នៃ​បេះដូង​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ទទួលទាន​អាហារ​​ពណ៌​ស្វាយ​អាច​ជួយ​បង្ការ​ជំងឺមហារីក​មួយ​ចំនួន​ផង​ដែរ ។

៣.​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ផ្លូវ​បង្ហូរ​នោម ៖ អត្ថប្រយោជន៍​ផ្សេង​ទៀត​ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​ទទួល​ទាន​អាហារ​ពណ៌​ស្វាយ គឺ​ការ​ទប់ស្កាត់​បញ្ហា​ឆ្លង​មេរោគ​តាម​ផ្លូវ​បង្ហូរ​នោម​មិន​ឲ្យ​កើត​មាន​ឡើង ។ នេះ​គឺ​ដោយសារ​តែ​សារធាតុ​anthocyanins ដែល​មាន​វត្តមាន​ក្នុង​អាហារ​ពណ៌​ស្វាយ បង្ការ​បាក់តេរី​ដូច​ជា E.coli មិន​ឲ្យ​តោង​ជាប់​នឹង​ជ​ញ្ចាំ​ង​នៃ​បំពង់​បង្ហូរ​នោម​។ អ្នក​កាន់តែ​ទទួលទាន​អាហារ​ពណ៌​ស្វាយ​ច្រើន​ប៉ុនណា ភាគរយ​សុវត្ថិភាព​ចៀស​ឆ្ងាយ​ពី​បញ្ហា​ទាក់ទង​នឹង​ផ្លូវ​បង្ហូរ​នោម​កាន់តែ​ច្រើន​ប៉ុន​នោះ ។

៤. ល្អ​សម្រាប់​សុខភាព​បេះដូង ៖ វា​ជា​ការ​សំខាន់​ដែល​អ្នក​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សុខភាព​បេះដូង​ល្អ​គ្រប់​ពេល ដើម្បី​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​បេះដូង ផ្សេង​ៗ ។ វិធី​ដ៏​ល្អ​ដើម្បី​រក្សា​បាន​នូវ​សុខភាព​បេះដូង​នោះ គឺ​ការ​បន្ថែមបន្លែ​ផ្លែ​ឈើ​ពណ៌​ស្វាយ​ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​សារធាតុ anthocyanins ដែល​មាន​វត្តមាន​ក្នុង​អាហារ​ពណ៌​ស្វាយ អាច​ជួយ​ធានា​បាន​ថា​បេះដូង​របស់​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ល្អ​ប្រសើរ​បំផុត​មួយ​គ្រប់ពេល ។

៥.​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ ៖ តើ​អ្វី​ទៀត​ទៅ​ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​ទទួល​ទាន​អាហារ​ដែល​មាន​ពណ៌​ស្វាយ ? ចម្លើយ​នោះ គឺ​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ ដោយសារ​ធាតុ anthocyanins ដែល​មាន​វត្តមាន​ក្នុង​បន្លែ​ផ្លែ​ឈើ​ពណ៌​ស្វាយ​ផ្ដល់​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​ប្រភេទ​នេះ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ