ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូទៅបុកគូថរថយន្តដឹកស្រូវមួយគ្រឿងដែលឈប់ស្ងៀមលើចិញ្ចើមថ្នល់ កាលពីម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិគរ ឃុំស្នឹង ស្រុកបាណន់។
ជនរងគ្រោះខាងលើឈ្មោះ សែម ទុំ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិស្នឹងខាងលិច ឃុំស្នឹង ស្រុកបាណន់ បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូបុកគូថរថយន្តដឹកស្រូវ ។ ចំណែករថយន្តដែលចតឈ្ងៀមលើលចិញ្ចឹមថ្នល់នោះម៉ាក HYUNDAI ពាក់ស្លាកលេខកំពង់ចាម 3A-4423 អ្នកបើកបរមិនស្គាល់ឈ្មោះ ព្រោះបានរត់គេចខ្លួនពេលមានគ្រោះថ្នាក់បាត់ហើយ។
តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តនោះមានដឹកស្រូវពេញ ហើយឈប់លើចិញ្ចើមថ្នល់ តែមិនដឹងយ៉ាងម៉េច ស្រាប់ជនរងគ្រោះជិះម៉ូតូទៅបុកចំគូថរថយន្តពីក្រោយពេញទំហឹងបោកក្បាលស្លាប់ភ្លាមៗតែម្ដង។
បើតាមអ្នកភូមិនិយាយថា បច្ចុប្បន្នគេឃើញរថយន្តដឹកស្រូវរាប់សិបគ្រឿងបានឈប់ហូរហែនៅលើចិញ្ចើមថ្នល់នៅកន្លែងកើតហេតុ និងកន្លែងដទៃទៀតក្នុងឃុំស្នឹង ដើម្បីឡើងស្រូវដាក់រថយន្ត ហើយក្រុមនេះភាគច្រើនជាក្រុមឈ្មួញទិញស្រូវ។
អ្នកភូមិ និងអ្នកដំណើរក៏បានលើកឡើងទៀតថា ការឈប់រថយន្តតាមចិញ្ចើមថ្នល់ដែលមានអ្នកដំណើរយ៉ាងមមាញឹក ដើម្បីឡើងស្រូវបែបនេះ គឺប្រឈមនឹងគ្រោះថ្នាក់បំផុតសម្រាប់អ្នកធ្វើដំណើរតាមដងផ្លូវ។ ដូច្នេះពួកឈ្នូញទិញស្រូវគួរតែរកទីតាំងផ្សេង ដើម្បីឡើងស្រូវ ចៀសវាងបង្កឲ្យគ្រោះថ្នាក់ដូចខាងលើនេះ។
ទោះបីយ៉ាង បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានមន្ត្រីចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីដោះស្រាយតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ