ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថោ​ង ខុន ៖ ថ្ងៃ​ទី​១​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ភ្ញៀវ​បរទេស​ជាង​៣​ពាន់​នាក់​ចូល​ទស្សនា​លើ​វេទិកា​ក្រសួងទេសចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា នា​ល្ងាច​ថ្ងៃ​ទី​២១ ខែវិច្ឆិកា នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប…

រាជធានី​ភ្នំពេញ ៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា នា​ល្ងាច​ថ្ងៃ​ទី​២១ ខែវិច្ឆិកា នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង​៣,០០០​នាក់ បាន​ចូលរួម​ទស្សនាការ​ប្រណាំងទូក និង​ពិធី​បណ្ដែតប្រទីប​នៅ​លើ​វេទិកា​របស់​ក្រសួង​ទេស​ចរណ៍ ប្រកបដោយ​ភាព​សប្បាយ​រីករាយ​។

លោក​ថោ​ង ខុន បញ្ជាក់​ថា ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក នា​ឆ្នាំ​២០១៨​នេះ ក្រសួងទេសចរណ៍ បាន​រៀបចំ​វេទិកា​ធំ​មួយ​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង (​ជាប់មាត់​ទន្លេ​) ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក ក៏​ដូច​ជា​ទស្សនាការ​ប្រណាំងទូក និង​ពិធី​បណ្ដែតប្រទីប​ជា​ដើម​។

នៅ​លើ​វេទិកា​នេះ មាន​បម្រើ​សេវាកម្ម​ទឹកបរិសុទ្ធ និង​ភេសជ្ជៈ​នានា​ដោយ​ឥត​គិតថ្លៃ ហើយ​មានការ​បកប្រែ​ជា​៣​ភាសា ទាំង​ផ្ទាល់មាត់​ផង និង​ឧបករណ៍​ស្ដាប់​នឹង​ត្រចៀក​ផង (​កាស​) ជូន​ភ្ញៀវ​បរទេស ដូច​ជា​ភាសា​អង់គ្លេស ភាសា​បារាំង និង​ភាសា​ចិន​។ ភ្ញៀវ​ទេសចរ​ក៏​ទទួល​បាន​នូវ​ឯកសារ​ផ្សព្វផ្សាយ​ស្ដី​ពី​ទេសចរណ៍ និង​សម្ភារ​ផ្សព្វផ្សាយ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រោយ​បញ្ចប់​ពិធី​បណ្ដែតប្រទីប នា​រាត្រី​ថ្ងៃ​ទី​មួយ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ​ភ្លាម លោក​រដ្ឋមន្ត្រី​បាន​បន្ត​ចុះ​មក​ជួប​សំណេះសំណាល​ជាមួយ​ភ្ញៀវ​ទេសចរ​បរទេស ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ភ្លាម​ៗ​ដែរ ដោយ​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​បាន​បញ្ជាក់​ប្រាប់​លោក​រដ្ឋមន្ត្រី​ថា ពួក​គេ​ពិតជា​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ហើយ​ពួក​គេ​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ពាំនាំ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នា​ឱកាស​នេះ ទៅ​ផ្សព្វផ្សាយ​ប្រាប់​សាច់ញាតិ ក៏​ដូច​ជា​មិត្តភក្តិ​របស់​ខ្លួន​ឱ្យ​បាន​យល់​ច្បាស់​ពី​សភាពការណ៍​ពិត​ក្នុង​ប្រទេស​​កម្ពុជា ដែល​ពោរពេញ​ទៅ​ដោយ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ផលិតផល​ទេសចរណ៍​ល្អ​ៗ​ជា​ច្រើន​សម្បូរ​បែប តួយ៉ាង​ដូច​ជា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ជាដើម​។

លោក​បាន​ថ្លែង​ថា ខណៈ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជា​ច្រើន​សិប​ម៉ឺន​នាក់ បាន​មក​ចូលរួម​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជា​ជាង​៣​ពាន់​នាក់ ក៏​បាន​មក​ទស្សនា​លើ​វេទិកា​នៅ​មាត់ទន្លេ ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​ផង​ដែរ ក្នុង​នោះ​មាន​ដូច​ជា​ភ្ញៀវ​ជនជាតិ​បារាំង អង់គ្លេស ប៉ូ​ឡូញ រុ​ស្ស៊ី អេ​ស្បា​ញ អា​ល្លឺ​ម៉​ង់ អា​មេ​រិ​ក ចិន កូរ៉េ ជប៉ុន ឥណ្ឌា វៀតណាម ហើយ​ក៏​មាន​ភ្ញៀវ​មក​ពី​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ជា​ទិដ្ឋភាព​ជាក់ស្ដែង ឃើញ​ថា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​ទស្សនា​​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ មាន​ភាព​សប្បាយ​រីករាយ ទឹកមុខ​ញញឹម​ស្រស់ស្រាយ​គ្រប់​គ្នា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ភ្ញៀវ​ទេសចរ​បរទេស​ទាំងនោះ ក៏​បាន​មើលឃើញ​នូវ​ទិដ្ឋភាព​ផ្ទាល់​ភ្នែក​មួយទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​ដើមចម​នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ​នេះ គឺ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ប្រទេស​កម្ពុជា​ពិតជា​មាន​សុខ​សន្តិភាព ស្ថិរភាព​ពេញ​លេញ មានការ​អភិវឌ្ឍ​សម្បូរ​សប្បាយ​ពិតមែន​។ ទិដ្ឋភាព​ដ៏​ម​ហោ​ស្ចា​រ្យ​នៃ​ព្រះ​ពិធីបុណ្យ​អុំទូក​នេះ មិន​ដែល​មាន​ឡើយ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​។

ជាមួយ​គ្នា​នោះ​លោក​រដ្ឋមន្ត្រី​បាន​ផ្ដល់​កិត្តិយស​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាក់ ដោយ​ទិដ្ឋភាព​នា​ពេល​នោះ​ពោរពេញ​ដោយ​ភាព​ស្និទ្ធស្នាល និង​សប្បាយ​រីករាយ ថែម​ទាំង​បាន​អំពាវនាវ​ប្រាប់​ភ្ញៀវ​ទេសចរ​ទាំងនោះ​ថា «​សូម​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា ពី​ផលិតផល​ទេសចរណ៍​ដ៏​សម្បូរ​បែប ដូច​ជា​ព្រឹត្តិការណ៍​ទេសចរណ៍ វប្បធម៌ និង​ប្រពៃណី​នៃ​ពិធីបុណ្យ​អុំទូក​ដ៏​ល្អ​ឯក​នេះ​, កម្ពុជា​ស្វាគមន៍​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍ ដែល​មាន​បំណង​ចង់​មក​ទស្សនា​កម្សាន្ត​នៅ​ទី​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ