ខេត្តពោធិ៍សាត់ ៖ នៅក្នុងដំណើរចុះពិនិត្យទីតាំងរៀបចំទិវាមច្ឆជាតិថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ កក្កដា ឆ្នាំ២០១១ខាងមុខ លោកណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការីបាននាំយកកូនត្រីទៅចែកជូនដល់កសិករនៅក្នុងមូលដ្ឋានស្រុកកណ្តៀងតាមសំណើសុំរបស់ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះជួយស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
នៅក្នុងរបាយការណ៍ស្វាគមន៍របស់លោក សុខ លីមុត អភិបាលស្រុកកណ្តៀងបានឱ្យដឹងថា សភាពការណ៍បង្កបង្កើនផលរបស់កសិករទូទាំងស្រុកបានដំណើរការល្អប្រសើរ ចំណែកគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពត្រូវបានផ្សព្វផ្សាយ និងអនុវត្តធ្វើឱ្យសកម្មភាពបងតូច បងធំ និងអំពើចោរកម្មនៅក្នុងមូលដ្ឋានត្រូវលុបបំបាត់ជាបន្តបន្ទាប់ ។ ដោយឡែកទាក់ទងសកម្មភាពជីកស្រះជូនកសិករតាមគ្រួសាររបស់ក្រុមការងារថ្នាក់កណ្តាលរបស់គណបក្សប្រជាជនចុះជួយស្រុកកណ្តៀង ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងជាសមាជិកកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ បានដំណើរការជីកជាបណ្តើរៗតាមទំហំដីរបស់កសិករដែលមានជាក់ស្តែង គិតរហូតមកដល់ពេលនេះនៅទូទាំងស្រុកបានចំនួនជាង២០០ស្រះហើយ ។
លោកសេង ស៊ុនហ៊ួត នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានរាយការណ៍សង្ខេបនូវលទ្ធផលការងារសម្រេចបានក្នុងវិស័យជលផលក្នុងខេត្តពោធិ៍សាត់ប្រចាំឆ្នាំ២០១០ថា ការប្រមូលផលនេសាទប្រចាំរដូវឆ្នាំ២០០៩-២០១០ សម្រេចបាន២១.៣៥០តោនកើនជាងរដូវនេសាទឆ្នាំ២០០៨-២០០៩ចំនួន២៨៥តោន ការងារវារីវប្បកម្មអនុវត្តបានចំនួន ៣.៥៥០តោនកើនជាងឆ្នាំ២០០៩ ចំនួន១.៥៣៥តោន ។ រីឯការងារការពារថែរក្សាប្រភពធនធានជលផលសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលបានសហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ធ្វើការបង្រ្កាបជាបន្តបន្ទាប់បានចំនួន៤២៦ ករណី ក្នុងនោះបំផ្លាញវត្ថុតាងចោលនៅនឹងកន្លែងចំនួន៣៣៥ករណី ពិន័យអន្តរការណ៍ចំនួន ១០ករណីស្មើនឹងទឹកប្រាក់សរុបចំនួន ២៥.១៥០.០០០រៀល និងរឹបអូសវត្ថុតាងចំនួន ៨១ករណី ព្រមទាំងបានបញ្ជូនជនល្មើសទៅតុលាការចំនួន១២នាក់។
លោកសេង ស៊ុនហ៊ួត បានបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងឱកាសទិវាមច្ឆជាតិនៅអាងទឹកវាលវង់ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៩ ដែលសម្តេចបានមានប្រសាសន៍ថា ត្រូវណែនាំកសិករឱ្យមានស្រះតូចមួយនៅតាមគ្រួសារ ដើម្បីមានទឹកសម្រាប់ប្រើប្រាស់ ស្រោចដំណាំ ចិញ្ចឹមសត្វពាហនៈ និងចិញ្ចឹមត្រីផង នៅគ្រប់ទីកន្លែង ជាពិសេសតំបន់ដែលខ្សត់ទឹកខ្វះខាតត្រី ដោយលើកទឹកចិត្ត និងជម្រុញការចិញ្ចឹមត្រីខ្នាតតូចជាលក្ខណៈគ្រួសារឱ្យក្លាយជាចលនាចិញ្ចឹមទូលំទូលាយទូទាំងប្រទេស។ ផ្អែកតាមអនុសាសន៍ដ៏ថ្លៃថ្លាខាងលើ ក្រុមការងារថ្នាក់កណ្តាលរបស់គណបក្សប្រជាជនចុះជួយតាមភូមិ ឃុំ ស្រុក នៅទូទាំងខេត្តពោធិ៍សាត់ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានដំណើរការជីកស្រះ មកដល់បច្ចុប្បន្នបានចំនួនជាង១.០០០ស្រះហើយនៅទូទាំងខេត្ត។ ទន្ទឹមនឹងសកម្មភាពជីកស្រះរបស់ក្រុមការងារ លោក ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់កូនត្រីពូជដល់កសិករចិញ្ចឹម ដើម្បីរួមចំណែកបង្កើតមុខរបរថ្មីមួយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជារបៀបគ្រួសារ។ គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១១ លោកណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានផ្តល់កូនត្រីពូជចំនួន៣លើក ស្មើនឹង១៦០គ្រួសារ ដែលមានកូនត្រីពូជសរុបចំនួន៥១.៤៥០ក្បាល និងកូនត្រីអណ្តែងចំនួន៥២គីឡូក្រាម។
នៅក្នុងមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាក់ស្តែងការជីកស្រះជូនប្រជាពលរដ្ឋរបស់ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះជួយខេត្តពោធិ៍សាត់ ក្រោមការដឹកនាំផ្ទាល់របស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលនៅពេលនេះ ជាការសមស្របសម្រាប់ការប្រែប្រួលបរិយាកាស និងជាការបង្កើតមុខរបរថ្មីសម្រាប់ប្រជាពលរដ្ឋផងដែរ ។ រីឯរដ្ឋបាលជលផលនឹងសហការជាមួយក្រុមការងារផ្តល់នូវបច្ចេកទេសចិញ្ចឹមត្រី និងកូនត្រីពូជជូនកសិករគ្រប់ក្រុមគ្រួសារដើម្បីឱ្យមានត្រីបរិភោគគ្រប់គ្រាន់ដែលជាការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះដែរ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ស្តីពីជលផល ចៀសវាងការប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រី និងលូស្បៃមុងជាដើម ដែលជាដើមចមនៃការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រភពធនធានជលផលរបស់យើង ៕
ចែករំលែកព័តមាននេះ