ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នាំមួយ​ក្រុម​មក​ធ្វើ​ត្រាប់…ខណៈ​អស់ជិត​​២ពាន់ដុល្លារ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​​ដែលមាន​វ័យ​ក្មេង​ចំនួន​៦​នាក់​តែង​ធ្វើ​សកម្មភាព​លួច​គាស់​តូប​យក សម្ភារ​របស់​​អាជីវករ​លក់ដូរទៅ​បញ្ចាំ​នោះ ឥឡូវ​ត្រូវ​កម្លាំង​នគរបាល ជំនាញ​ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ស្រាវជ្រាវ តាម​វិធានការ​ជំនាញ…

​ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​​ដែលមាន​វ័យ​ក្មេង​ចំនួន​៦​នាក់​តែង​ធ្វើ​សកម្មភាព​លួច​គាស់​តូប​យក
សម្ភារ​របស់​​អាជីវករ​លក់ដូរទៅ​បញ្ចាំ​នោះ ឥឡូវ​ត្រូវ​កម្លាំង​នគរបាល ជំនាញ​ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ស្រាវជ្រាវ តាម​វិធានការ​ជំនាញ ឈាន​ដល់​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២០ ​ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ​។

​លោក​វរសេនីយ៍​ឯ​ស៊ី ធី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បានបណ្តឹង​ពី​ជន​រង​គ្រោះជា​ម្ចាស់​តូប​ថា​ ​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​រំលោង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១៤ ​ខែវិច្ឆិកា ឆ្នាំ ២០១៨ ។

លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​នូវ​បទបញ្ជា​ឲ្យ​កម្លាំង​ជំនាញ អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ និង​កម្លាំង​ជំនាញ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដឹកនាំ​ផ្ទាល់​ដោយ លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធ ឡោះ ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​ដោយ​មាន​សម្របសម្រួល​លើ​និ​តិ​វិធី ដោយ​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។​

កម្លាំង​នគរបាល​ជំនាញ​អធិការដ្ឋាន នគរបាល​ក្រុង​សិរី​សោភ័ណ និង​កម្លាំងនគរបាល​ជំនាញ​ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ធ្វើការ​បើក​ការ​ស៊ើបអង្កេត តាម​វិធានការ​ជំនាញ ឈាន​ដល់​កា​បង្ក្រាប​ចាប់​ឃាត់​ជន​ប្រព្រឹត្ត​បទល្មើស លួច​គាស់​តូប​យក​ទូរស័ព្ទ​និង​ផ្ទះ​លក់​ធុងបាស​ជា​បន្តបន្ទាប់ សរុប​ចំនួន​៦​នាក់​។​

នៅ​ថ្ងៃ​ទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​នាំ​យក​ជនសង្ស័យ​មក​ធ្វើ​ត្រាប់​ពី​សកម្មភាព​របស់​ពួក​គេ​ ។​

ជនសង្ស័យ​ទាំង​​៦នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​សំបូរ មាស​ជី​ង​ ហៅ​ចិន ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​ ២-​ឈឿ បញ្ញា ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ នៅ​ភូមិ​-​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ៣-​ឈ្មោះ​សន វិចិត្រ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​ ៤-​ឈ្មោះ នៅ ចាន់​អា​រុណ ហៅ​ម៉ក់​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ដកហូត​បាន​ទូរស័ព្ទ​ដៃ​១​គ្រឿង​មក​វិញ​ ហើយ​ឈ្មោះ​រុណ​នេះ​ជាមួយ​បក្ខ​ពួក​គេ​ក៏​ធ្លាប់​លួច​គាស់​យក​ធុងបាស​នៅ​ខេត្តសៀមរាបផងដែរ ៥​-​ឈ្មោះ​រុំ រ៉ា​ឈី ភេទ​ប្រុស ​អាយុ​១៤​ឆ្នាំ​នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​ ៦-​ឈ្មោះ តែម ចាន់​ពិ​គុណ ហៅ​ពៅ ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ ទីលំនៅ​មិន​ពិ​ត​ប្រាកដ​។

លោក​អធិការ​បាន​បញ្ជាក់​ថា​ ​នៅ​យប់​រំលង​អា​ធ្រា​ត្រ​​ថ្ងៃ​ទី​១៤ វិច្ឆិកា ជនសង្ស័យ​ទាំង​៦​នាក់​បានធ្វើ​សកម្ម​ភាព​​លួច​គាស់​ហាង​លក់​ទូរស័ព្ទ​ដៃ​ដែល​មាន​យីហោ​មាន​ជ័យ នៅ​ខាងលិច​ផ្លូវ​ចូល​ផ្សារ​​សិរី​សោភ័ណ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ដែល​មាន​ម្ចាស់​ឈ្មោះ ឌុ​ច ចំ​រ៉ុ​ង ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ នៅ​ភូមិ​-​សង្កាត់​ខាងលើ ។​

បើ​តាម​ការ​បញ្ជាក់​របស់​ជន​រង​គ្រោះ គឺ​បាត់បង់​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង​ថេ​ប​ចំនួន​២​គ្រឿ​ង, ​ហ៊ូ​វៃ​ថេ​ប​ចំនួន​៦​គ្រឿង​, ​ស៊ិ​ន​ថិ​ច​ចំនួន​១​គ្រឿង​, ​ឡែប​ថប​១​គ្រឿង​ ​ម៉ែរម៉ូរី​ចំនួន​២០​ និងកាត​​រី​ឌ័​រ​ចំនួន​១៥ សរុប​ជា​ទឹកប្រាក់​អស់​ចំនួន​១៧០០​ដុល្លារ ។

​លោក​វរសេនីយ៍ឯក ខែ​ម សុ​ភ័​ណ នាយការិយាល័យ​នគរបាល​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រុមជនសង្ស័យដែលមានវ័យក្មេង​​ទាំង​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​ច្បាប់​នៅ​ថ្ងៃ​ទី​២០ ​ខែវិច្ឆិកា ម្សិលមិញ​ហើយ​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ