ខេត្តកោះកុង ៖ មន្ត្រីជលផលមួយក្រុមសុំមិនបញ្ចេញឈ្មោះបានប្រាប់កោះសន្តិភាពម្សិលមិញថា បុណ្យសមុទ្រដែលធ្វើនៅខេត្តកោះកុងជិតមកដល់ហើយ នៅមិនដល់មួយខែទៀតទេ ។
មន្ត្រីទាំងនោះសំណូមពរថា បើចង់ឱ្យបុណ្យសមុទ្រមានភាពអធិកអធម និងប្លែកជាងខេត្តដទៃ គួរតែលោកស្រីអភិបាលខេត្តកោះកុងអញ្ជើញទូកនេសាទសមុទ្របរទេសរាប់រយគូ មានទូកនេសាទធំតូចរបស់អ្នកនេសាទថៃ អ្នកនេសាទវៀតណាម ដែលមានសិទ្ធិនេសាទក្នុងសមុទ្រខ្មែរចូលរួមផង ច្បាស់ជាប្លែកភ្នែកអស្ចារ្យ ។ ព្រោះក្នុងសមុទ្រទឹករាក់ខេត្តកោះកុងមានទូកនេសាទបរទេសរាប់រយគូ ពេលយប់បើកភ្លើងហ្វាលើសមុទ្រមើលទៅដូចទីក្រុងទំនើបមួយ ។
បើបានឱ្យចូលរួមទៀតពិតជាអស្ចារ្យណាស់ អាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិច្រើនណាស់ចូលរួម ។ ប្រធានគណៈកម្មការចម្រុះដែលគ្រប់គ្រងទូកនេសាទបរទេសប្រាកដជាចាប់អារម្មណ៍ ព្រោះមានបញ្ជីខ្មៅសម្រាប់សម្គាល់ទូកបង់ខែ ។
ចាំមើលទៀត…តើអភិបាលខេត្តកោះកុងហ៊ានបញ្ចេញទូកនេសាទបរទេសឱ្យចូលរួមជួយបំភ្លឺសមុទ្រពេលរាត្រីដែរឬអត់?
ចែករំលែកព័តមាននេះ