រាជធានីភ្នំពេញ ៖ សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបង្ហាញការដឹកនាំប្រទេស និងអ្នកនយោបាយក្នុងការប្រើប្រាស់ពាក្យរុញទូកបណ្តោយទឹក។ សម្តេចតេជោ បានរៀបរាប់លើបណ្តាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី20 វិច្ឆិកាថា ស្អែកនេះជាថ្ងៃបុណ្យអុំទូកហើយ។ ឆ្នាំនេះកម្ពស់ទឹកមិនខ្ពស់ពេក ក៏មិនទាបពេក ល្មមអាចឱ្យយើងប្រារព្ធពិធីបុណ្យអុំទូកបាន។ សម្តេចបានបញ្ជាក់ថា “ចំពោះក្មួយៗចៅៗ ជំនាន់ក្រោយ តើចៅៗក្មួយៗដឹងទេថា ហេតុអ្វីយើងធ្វើបុណ្យអុំទូកនៅខែទឹកស្រក ហើយយើងអុំពីខាងស្ពានជ្រោយចង្វា មកវេទិកានៅមុខព្រះបរមរាជវាំង? បងប្អូន ក្មួយៗ ចៅៗ អាចគិតថា ដោយនេះជាការចៃដន្យ ដែលអ្នករៀបចំធ្វើដូច្នេះតាំងពីដើមមក។
តើវាគ្រាន់តែជាទម្លាប់ទេឬអី? ” សម្តេចបន្ថែមថា តាមពិត បើក្មួយៗចៅៗធ្លាប់ឮពាក្យថា « រុញទូកបណ្ដោយទឹក » នោះចៅៗក្មួយៗនឹងយល់អ្វីៗស្ទើរតែទាំងអស់។ ហើយបើក្មួយៗចៅៗ ធ្លាប់អុំ ឬចែវទូកទៀតនោះ ទើប ក្មួយៗចៅៗ យល់កាន់តែច្បាស់ថា វាហត់ប៉ុណ្ណាដែលត្រូវអុំ ឬចែវទូក រាប់យោជន៍…។ សម្តេចសង្កត់ធ្ងន់ថា “ធ្វើជាអ្នកដឹកនាំ និងជាអ្នកនយោបាយក៏ដូច្នេះដែរ។ ថ្ងៃនេះ ខ្ញុំសូមចែករំលែកមេរៀន leadership ជូនក្មួយៗចៅៗខ្លះ ក្រែងមានក្មួយៗចៅៗខ្លះអាចយកទៅប្រើការបានជាប្រយោជន៍ សម្រាប់ខ្លួន និងសង្គមជាតិកម្ពុជាយើង។ មេរៀននេះប្រហែលជារកមិនឃើញក្នុងសៀវភៅឡើយ។
មានកាលៈទេសៈច្រើនណាស់នៅក្នុងជីវិតដឹកនាំដែលយើងត្រូវប្រើវិធីសាស្ត្រ រុញទូកបណ្ដោយទឹក។ ប៉ុន្តែមានកត្តា២ ដែលក្មួយៗចៅៗត្រូវដឹង ៖ – ទី១ តើពេលណា ត្រូវរុញបណ្ដោយទឹក ? តើពេលណាត្រូវចាំសិនទម្រាំខ្សែទឹកឡើងគ្រប់ល្បឿន ? – ទី២ ទោះជារុញទូកបណ្ដោយទឹកក្តី តែចង្កូត យើងជាអ្នកកាន់ ហើយត្រូវកាន់ឱ្យជាប់ និងមានទស្សនវិស័យវែងឆ្ងាយ ដើម្បីបត់បែនទូកឱ្យទៅដល់ គោលដៅ ដែលបានប្រមើលទុកជាមុន”។ សម្តេចគូសបញ្ជាក់ថា កត្តាទាំងពីរនេះសំខាន់ណាស់ ដូចជាកត្តាទី១គឺពេលវេលា។ ពេលវេលាជាឱកាស មនុស្សឆ្លាត ចេះមើលឱកាស ចេះប្រើឱកាស និងចេះបង្តើតឱកាស។
បើរុញទូកបណ្ដោយទឹកពេលទឹកឡើងខ្លាំង ឬព្យុះភ្លៀងនេះ ទូកនឹងលិច។ ចំពោះកត្តាទី២ មិនត្រូវរុញទូកតាមខ្សែទឹកដោយគ្មានគោលដៅនោះទេ ។ មានក្មួយៗចៅៗ មួយចំនួនបានសម្រេចចិត្តចាប់យកមុខវិជ្ជានៅថ្នាក់ឧត្តមសិក្សា ឬជំនាញវិជ្ជាជីវៈខ្លះ តាមរបៀបរុញទូក បណ្ដោយទឹកតែមិនកាន់ចង្កូតទេ ព្រោះខ្លួនឯងផ្ទាល់មិនដឹងគោលដៅផង។ ត្រង់ចំណុចនេះ សូមក្មួយៗចៅៗចេះរៀបចំកម្មវិធីជីវិតរបស់ខ្លួនឯងមួយ ដោយកសាងសុបិនសម្រាប់អនាគតរបស់ខ្លួន ដែលពោរពេញដោយភាពប្រាកដនិយម។ ជាមួយគ្នានោះដែរ សម្តេចក៏បានបើកឱកាសចំពោះ មតិសារធារណៈយ៉ាងដូច្នេះថា៖” ចៅៗក្មួយៗអាចសរសេរ ផុសជាcommentនៅទីនេះ សម្រាប់ចៅផ្ទាល់ ជាត្រីវិស័យរបស់ខ្លួន។
ការដែលចៅៗក្មួយៗមានគោលដៅជាក់លាក់ក្នុងជីវិត នោះនឹងធ្វើឱ្យទូកទាំងឡាយក្នុងសង្គមយើងអុំ ឬចែវទៅរកវឌ្ឍនភាពពិតៗ។ នៅក្នុងជីវិតនយោបាយរបស់ខ្ញុំ ខ្ញុំបានគូសដៅទុកគ្រប់ជំហាន គ្រប់សេណារីយ៉ូ។ គំនូសផ្លូវដើរទាំងប៉ុន្មាន គ្មាននរណាអាចស្មានដឹងឡើយ សូម្បីតែអ្នកជំនិតដែលដើរជាមួយតាំងពីសម័យសង្គ្រាម”។ សម្តេចសង្កត់ធ្ងន់ថា ប៉ុន្តែក្មួយៗចៅៗត្រូវចាំមួយថា កុំដេកសមដួល រមួលសមគ្រេច ហើយឆ្លើយថា យកមេរៀនពីរឿងរុញទូកបណ្ដោយទឹក។
មានចំណុច២ដែលត្រូវចាំឱ្យច្បាស់ ៖ -ចំណុចទី១ ចៅៗក្មួយៗខ្លះ អាចនៅមិនទាន់មានជីវភាពធូធារ បែរជាមិនខំរៀន និងរកស៊ីធ្វើការ អាងតែស្រែកថា ខ្លួនក្រមកពីកើតពីឪពុកម្តាយក្រ រួចរុញទូកបណ្ដោយទឹកទៅ។ -ចំណុចទី២ បើទាក់ទងនឹងអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងសុខសន្តិភាពរបស់ប្រជាជនខ្មែរ កុំថា ឡើយរុញទូកបណ្ដោយទឹក ទោះត្រូវអូសរថក្រោះឡើងភ្នំ ក៏ត្រូវតែធ្វើ។ ត្រង់ចំណុចនេះ សូមជនរួមជាតិ និងមិត្តអន្តរជាតិយល់ឱ្យបានច្បាស់។ ក្មួយៗចៅៗ អាចចងក្រងទុកជាមេរៀនជីវិតចុះ៕
ចែករំលែកព័តមាននេះ