ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ចូល​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ចំនួន​ប្រមាណ​១​លាន​២​សែន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​បរទេស​មាន​ពលករ​សរុប​ចំនួន​ប្រមាណ​១​លាន​២​សែន​នាក់ ហើយ​កន្លង​មក​ពួក​គាត់​បាន​ផ្ញើ​ថវិកា​មក​កម្ពុជា ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ​។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ ។ ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ក្រុមហ៊ុន INTERNATIONAL EASY…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​បរទេស​មាន​ពលករ​សរុប​ចំនួន​ប្រមាណ​១​លាន​២​សែន​នាក់ ហើយ​កន្លង​មក​ពួក​គាត់​បាន​ផ្ញើ​ថវិកា​មក​កម្ពុជា ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ​។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ ។

ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ក្រុមហ៊ុន INTERNATIONAL EASY REACH CO., LTD ជា​ក្រុមហ៊ុន​ដែល​ធ្វើការ​ជ្រើសរើស​បណ្តុះបណ្តាល​គ្រប់គ្រង និង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​តំបន់​រដ្ឋបាល ពិសេស​ហុងកុង​នា​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក អ៊ុត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ស្នើ​ដល់​ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​សម្របសម្រួល​នាំ​ចេញ​ពលករ​ទៅ​កាន់​ទីក្រុង​ហុងកុង ប្រកបដោយ​ជោគជ័យ ដោយ​គោរព​តាម​បទ​បញ្ញត្ត​ច្បាប់​ជា​ធរមាន ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ផា​សុខភាព ភាព​ត្រឹមត្រូវ សេចក្តី​ថ្លៃថ្នូ ពិសេស​ការ​ធានា​បាន​នូវ​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ជូន​ដល់​បងប្អូន​ពល​ការិនី​កម្ពុជា​ដែល​នឹង​ចេញ​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​ផ្ទះ​នៅ​ទីក្រុង​ហុងកុង នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ។

លោក​បន្ត​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ពិសេស​ការ​បន្ត​ពង្រឹង​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​ការងារ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពហុភាគី និង​ទ្វេរ​ភាគី ដើម្បី​បើក​ទូលាយ​ទីផ្សារ​ការងារ​ស្របច្បាប់​នៅ​ក្រៅប្រទេស ទប់ស្កាត់​ទេស​សន្តរ​ប្រវេសន៍​ការងារ ដោយ​ខុសច្បាប់ លើកកម្ពស់​ការ​គាំពារ​សិទ្ធិ និង​ផលប្រយោជន៍ សុខភាព និង​សុវត្ថិភាព​ការងារ កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពលករ ការ​ផ្តល់​ការ​សម្របសម្រួល​ទំនាក់ទំនង​ជាមួយ​គ្រួសារ និង​ការ​ធ្វើ​សមាហរណកម្ម​ពលករ​ទេសន្តរប្រវេសន៍​ដែល​ធ្វើ​មាតុភូមិ​និវត្ត​តាម​រយៈ​ការ​ទទួលស្គាល់​ជំនាញ ការ​ផ្ទេរ​របប​សន្តិសុខ​សង្គម​មក​ក្នុង​ប្រទេស ការ​ផ្តល់​ប្រឹក្សា​ការងារ​ធ្វើ និង​ការ​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ជាក់ស្តែង ដើម្បី​ឱ្យ​ការ​បញ្ជូន​ពល​ការិនី​ជំនួយការ​ផ្ទះ​ទៅ​ធ្វើការ​នៅ​តំបន់​រដ្ឋបាល ពិសេស​ហុងកុង​ទទួល​បាន​ជោគជ័យ​សម្រាប់​ដំណាក់កាល​សាកល្បង​ដំបូង នៅ​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចុះ​អនុស្សរណៈ នៃ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា​នៅ​ហុងកុង ដើម្បី​ធ្វើ​កិច្ច​សហ ប្រតិបត្តិការ​លើ​ការ​ផ្តល់​សេវា​គាំពារ និង​សេវា​គាំទ្រ​នានា​សម្រាប់​ពល​ការិនី​ជំនួយការ​ផ្ទះ និង ផ្សព្វផ្សាយ​ណែនាំ​អំពី​ពល​ការិនី​ជំនួយការ​ផ្ទះ​កម្ពុជា​ទៅ​ដល់​និយោជក​ហុងកុង ។ ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នៅ​ទីក្រុង​ហុងកុង​មាន​ពលករ​បរទេស​បម្រើ​ការងារ​ផ្ទះ​មាន​ចំនួន​ប្រហែល​៣៥៧០០០​នាក់ ភាគច្រើន​ជា​ជនជាតិ​ហ្វី​លី​ពី​ន និង​ឥណ្ឌូ​នេ​ស៊ី ដោយ​ពួក​គេ​ទទួល​បាន​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​ដូច​ពលករ​ហុងកុង​ដែរ​ដោយ​រួម​មាន – ការ​ឈប់​សម្រាក​ប្រចាំ​ស​ប្តា​ហ៍ – ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ ដោយ​មាន​ប្រាក់​ឈ្នួល​ចំនួន​៧​ថ្ងៃ​ទៅ​១៤​ថ្ងៃ ក្នុង​១​ឆ្នាំ – ការ​ឈប់​សម្រាកលំហែ​មាតុភាព​ចំនួន​១០​ស​ប្តា​ហ៍ – ការ​ធានា​រ៉ាប់រង​ពេល​មាន​ជំងឺ – ផ្តល់​បន្ថែម​ប្រាក់​លើកទឹកចិត្ត​សម្រាប់​ពលករ​ដែល​បម្រើ​ការងារ​យូរ​ឆ្នាំ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង បាន​ដាក់​ឲ្យ​មាននូវ​កិច្ចសន្យាការងារ​ស្តង់ដា​សម្រាប់​គាំពារ​បន្ថែម​ជូន​ដល់​ពលករ​បរទេស​បម្រើ​ការងារ​តាម​ផ្ទះ រួម​មាន​ប្រាក់បៀវត្ស​ទាប​បំផុត​ត្រឹម​ប្រមាណ​៥៧០​ដុល្លារ​អា​មេ​រិ​ក​ដែល​នឹង​ត្រូវ​ត្រួតពិនិត្យ​ឡើង​វិញ​ជា​ទៀងទាត់​ការ​ផ្តល់​អាហារ ឬ​ប្រាក់​ហូប​ចុក​ចំនួន​១៣៣​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ ការ​ស្នាក់​នៅ​សមរម្យ​ដោយ​មិន​គិតថ្លៃ ការ​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ត្រឡប់​មក​វិញ និង​ការ​ព្យាបាល​ជំងឺ​ដោយ​មិន​គិតថ្លៃ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​បរទេស​បាន​ចំនួន​៦ ប្រទេស គឺ​ប្រទេស​ថៃ​សាធារណរដ្ឋ​កូរ៉េ ម៉ា​ឡេ​ស៊ី ជប៉ុន និង​សឹ​ង្ហ​បូ​រី និង​ហុងកុង ដែល​មាន​ពលករ​សរុប​ចំនួន​ប្រមាណ​១​លាន​២​សែន​នាក់ ។ ហើយ​កន្លង​មក​ពួក​គាត់​បាន​ផ្ញើ​ថវិកា​មក​កម្ពុជា ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ ។ នៅ​ពេល​បញ្ចប់​កិច្ចសន្យាការងារ និង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ពួក​គាត់​នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ពីព្រោះ​តាម​រយៈ​ការ​ធ្វើ​ការងារ​នៅ​បរទេស​ពួក​គាត់​មិន​ត្រឹមតែ​អាច​រក​ប្រាក់​ចំណូល​បាន​បន្ថែម​ទេ ថែម​ទាំង​ទទួល​បាន​នូវ​ជំនាញ​បទ​ពិសោធន៍​ចំណេះដឹង​ភាសា និង​របៀបរបប​រស់នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ