រាជធានីភ្នំពេញ ៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបាននាំចូល និងបង្ហាញម៉ាស៊ីនព្យាបាលគ្រួសក្នុងតំរងនោម ដោយសារការបាញ់រំលាយគ្រួសនៅក្នុងតំរងនោម ដោយមិនចាំបាច់ធ្វើការកាត់វះកាត់ឡើយ ដែលបច្ចេកវិទ្យានេះ គឺជាបច្ចេកវិទ្យាដំបូងគេនៅក្នុងប្រទេសកម្ពុជា ។ កាលពីថ្ងៃទី១៧ វិច្ឆិកា ២០១៨នេះដែរ មន្ទីរពេទ្យមួយនេះ ក៏បានធ្វើសិក្ខាសាលាបង្ហាញពីបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសុខាភិបាល ។
បើតាមលោកវេជ្ជបណ្ឌិត Soarawee Weerasophone អ្នកជំនាញផ្នែកតំរងនោមនៃមន្ទីរពេទ្យ បាងកក និងជាវាគ្មិនក្នុងសិក្ខាសាលានេះ បានអោយដឹងថា ម៉ាស៊ីនដែលមន្ទីរពេទ្យយកមកបង្ហាញ និងប្រើប្រាស់ក្នុងពេលនេះជាបច្ចេកវិទ្យាថ្មីមួយ ព្យាបាលគ្រួសក្នុងតំរងនោម ដោយការបាញ់បំបែកគ្រួសក្នុងតំរងនោម គ្មានការឈឺចាប់ និងមិនចាំបាច់វះកាត់ គេងក្នុងមន្ទីរពេទ្យយូរនោះទេ ពោលគឺគ្រាន់តែបាញ់បំបែកគ្រួសនោះរួច អ្នកជំងឺអាចត្រលប់ទៅផ្ទះវិញ និងមិនមានការឈឺចាប់នោះឡើយ ។
លោកបន្តថា ម៉ាស៊ីនមួយនេះគឺមានតែមួយប៉ុណ្ណោះ នៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងនៅក្នុងប្រទេសកម្ពុជាទាំងមូល ហើយសូម្បីតែនៅក្នុងប្រទេសថៃ ក៏មិនទាន់មានការប្រើប្រាស់ម៉ាស៊ីនបែបនេះដែរ ដូចនេះអ្នកជំងឺគ្រួសក្នុងតំរងនោម នៅកម្ពុជាគឺជាអ្នកទទួលបានការព្យាបាលមុនគេដោយបាញ់បំបែកគ្រួសក្នុងតំរងនោម ។
លោកបន្ថែមថា ម៉ាស៊ីននេះមានសមត្ថភាពអាចបាញ់បំបែកគ្រួសតូចជាង២សង់ទីម៉ែត្រ ប៉ុន្តែបើសិនជាគ្រួសនៅក្នុងតំរងនោមនោះធំ គឺត្រូវការបាញ់ច្រើនដង ដើម្បីអោយបែកជាបំបែកតូចៗ ហើយវាត្រូវចេញមកក្រៅតាមរយៈទឹកនោម ។ យ៉ាងណាក៏ដោយបើសិនជាបាញ់រួច អ្នកជំងឺនោមមកចេញឈាម និងឈឺចាប់បន្តិចបន្តួច នោះវាមិនមានអ្វីជាបញ្ហាទេ ព្រោះពេលនោមចេញមក គ្រួសដែលបាញ់បំបែកត្រូវហូរកាត់បំពង់បង្ហួរនោម និងមានការកកិតទើបធ្វើអោយមានឈាមបែបនេះ ។
លោកវេជ្ជបណ្ឌិត បូ សុភាព ឯកទេសជំងឺតំរងនោមប្រចាំមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានអោយដឹងថា តាមការសង្កេតនៅក្នុងប្រទេសកម្ពុជា ចំនួននៃការកកើតគ្រួសក្នុងតំរងនោមមានច្រើន ជាក់ស្ដែងក្នុងមន្ទីរពេទ្យធំៗ ដូចជាមន្ទីរពេទ្យលោកសង្ឃជាដើម មានការវះកាត់បី ទៅបួនករណីជារៀងរាល់ថ្ងៃ ។ ហើយការនាំយកបច្ចេកវិទ្យាម៉ាស៊ីនបាញ់គ្រួសក្នុងតំរងនោម មកកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គឺជាការព្យាបាលមួយ ដោយមិនមានការឈឺចាប់ និងមិនត្រូវការអោយអ្នកជំងឺគេងសម្រាកនៅមន្ទីរពេទ្យឡើយ ។
លោកបន្តថា គ្រួសក្នុងតំរងនោមកើតឡើងដោយសារតែការបរិភោគទឹកមិនគ្រប់គ្រាន់ ខ្វះលំហាត់ប្រាណ និងការទទួលទានចំណីអាហារលើសតុល្យភាពជាដើម ដូចនេះ ប្រជាពលរដ្ឋកម្ពុជា គួរតែទទួលទានអោយបានពី២,៥លីត្រ ទៅ ៣លីត្រ ក្នុងមួយថ្ងៃ ការពារហានិភ័យនៃជំងឺគ្រួសក្នុងតំរងនោម ។
គួរបញ្ជាក់ថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ តែងតែនាំយកបច្ចេកវិទ្យាថ្មីៗដំបូងបំផុតមកកាន់ប្រទេសកម្ពុជា ដើម្បីព្យាបាលអ្នកជំងឺ ដោយមានភាពងាយស្រួលបំផុត ហើយមន្ទីរពេទ្យក៏ទទួលបានភាពជោគជ័យជាច្រើនផងដែរ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនដែលបាននាំចូលនាពេលកន្លងមក ៕ ដោយសហការ
ចែករំលែកព័តមាននេះ