ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​គេ​លួច​ដុត ខណៈ​ចម្ការ​អំពៅ​ជាង​១៣​ហិ​កតា​របស់​ក្រុមហ៊ុន​មួយ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​ចម្ការ​អំពៅស្ករ​របស់​ក្រុមហ៊ុន​អ៊ិ​ស​ធើ​ន​រ៉ា​យ៍​ហ្វៀ​ល​ឌី​វេឡុ​ប​មេន ខូ​ អិ​ល​ធី​ឌី ចំនួន​១៣​ហិ​កតា​កន្លះ ត្រូវ​បាន​ភ្លើង​ឆេះ​ខ្លោច សង្ស័យ​ថា​មាន​អ្នក​លួច​ដុត​។ ករណី​ភ្លើង​ឆេះ​ចម្ការ​អំពៅស្ករ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​ចម្ការ​អំពៅស្ករ​របស់​ក្រុមហ៊ុន​អ៊ិ​ស​ធើ​ន​រ៉ា​យ៍​ហ្វៀ​ល​ឌី​វេឡុ​ប​មេន ខូ​
អិ​ល​ធី​ឌី ចំនួន​១៣​ហិ​កតា​កន្លះ ត្រូវ​បាន​ភ្លើង​ឆេះ​ខ្លោច សង្ស័យ​ថា​មាន​អ្នក​លួច​ដុត​។

ករណី​ភ្លើង​ឆេះ​ចម្ការ​អំពៅស្ករ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ស្ថិត​ក្នុងភូមិ​អូរ​តា​មោ ឃុំ​មនោ​រម្យ ស្រុក​ស្វាយ​ទាប​។

បើ​តាម​លោក​កុយ សា​រ៉េ​ន ម្ចាស់​ក្រុមហ៊ុន​ដាំ​អំពៅស្ករ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ ក្រោយ​ពី​បាន​ទទួល​បាន​ព័ត៌មាន​ថា​មាន​ភ្លើង​ឆេះ​ចម្ការ​អំពៅស្ករ​របស់​ក្រុមហ៊ុន​ខ​ង​លើ ដោយ​មិនដឹង​មូលហេតុ​នោះ លោក​ក៏​បាន​រាយការណ៍​មក​កម្លាំង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ដើម្បី​ឱ្យ​ចុះ​មក​ជួយ​ពន្លត់​ជាមួយ​អ្នកយាម​ចម្ការ និង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​កុំ​ឲ្យ​ឆេះ​រាលដាល​ទៅ​ចម្ការ​ផ្សេង​ៗ​ទៀត ដោយ​ប្រើ​ពេល​អស់​៣​ម៉ោង​ទើប​រលត់​ទាំងស្រុង​។

ប្រភព​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​ដើម្បី​ឱ្យ​ដឹង​ថា​ជា​ករណី​មាន​គេ​លួច​ដុត ឬ​ក៏​អាច​ឆេះ​បណ្តាល​ពី​គ្រោះ​ធម្មជាតិ​។

លោក​កុយ សា​រ៉េ​ន បាន​បន្ត​ទៀត​ថា កន្លង​មក ​ក្រុមហ៊ុន​ក៏​ដូច​អាជ្ញាធរ​បាន​ធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ជា​អ្នកស្រុក​កុំឱ្យ​លែងគោ​ក្របី​ឲ្យ​ចូល​ទៅ​ស៊ី​បំផ្លាញ​ដំណាំ​របស់​ក្រុមហ៊ុន ព្រោះ​ក្រុមហ៊ុន​ព្រួយបារម្ភ​អំពៅ​ធ្លាក់​ថ្លៃ​ផង ហើយ​ត្រូវ​មាន​អ្នក​លួច​ដុត​ទៀត​ដែល​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ការ​ខាត​ទុន ខណៈ​តម្លៃ​អំពៅស្ករ​ធ្លាក់​ចុះ ដោយ​ទីផ្សារ​អាស៊ាន​មានការ​ធ្លាក់​ចុះ​នូវ​តម្លៃ​ស្កសរ ធ្វើ​ឲ្យ​វៀតណាម​បញ្ចុះតម្លៃ​អំពៅស្ករ​ដែរ ដោយ​ទិញ​អំពៅ​ធ្លាក់​ថ្លៃ​ជិត​ពាក់កណ្តាល​។

លោក​អះអាង​ថា នា​ពេល​កន្លង​មក​ប្រជាពលរដ្ឋ​ធ្លាប់​បាន​លែងគោ​ក្របី​ឲ្យ​ចូល​ស៊ី​អំពៅ​អស់​ជា​ច្រើន​កន្លែង បណ្តាល​ឲ្យ​ខូចគុណភាព​ស្ករ​អស់​ជា​ច្រើន​ទៀត ។ រីឯ​ប្រជាពលរដ្ឋ​ខ្លះ​បាន​យក គោក្របី​ទៅ​ឃ្វាល​ក្បែរ​ចម្ការ​អំពៅ ហើយ​បណ្តោយ​ឲ្យ​ក្របី​គោ​ចូល​ស៊ី​អំពៅ ឬ​ស៊ី​ចុង​អំពៅ (​អ្នកខ្លះ​ចូល​លួច​កាប់​ស្លឹក​អំពៅ​យក​ឲ្យ​គោក្របី​ស៊ី​) បណ្តាល​ឲ្យ​ខូច​អំពៅ​និង​ធ្លាក់​គុណភាព​អំពៅ​ទៀត​ផង​។

លោក​កុយ សា​រ៉េ​ន សំណូមពរ​ដល់​អាជ្ញាធរ​មេត្តា​ជួយ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​លែងគោ​ក្របី​ចូល​ស៊ី​បំផ្លិចបំផ្លាញ​អំពៅ និង​លួច​កាប់​ចុង​អំពៅ​បន្ត​ទៅ​ទៀត​។​ជាក់ស្តែង​ដូច​ថ្ងៃនេះ អំពៅស្ករ​ឆេះ​អស់​ជាង​១៣​ហិ​កតា​កន្លះ​ធ្វើ​ឲ្យ​ខាតបង់​ជា​ច្រើន ណាមួយ​ជិត​ដល់​រដូវ​ប្រមូល​ផល​អំពៅស្ករ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ