ខេត្តកំពង់ឆ្នាំង ៖ អាជីវកម្មបូមខ្សាច់គ្មានច្បាប់អនុញ្ញាត្តិដែលដាក់បារ៉ាស់ រារាំងក្រុមអ្នកសារព័ត៌មានមិនឱ្យចូលថតផ្តិតយកព័ត៌មាន កាលពីពេលកន្លងទៅថ្មីៗនេះ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវបានអនុញ្ញាត្តិឱ្យអ្នកសារព័ត៌មានចូលថតផ្តិតយករូបភាពហើយ ដើម្បីបញ្ជាក់ការពិតថា តើនៅទំនប់កុមារ ស្ថិតនៅក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច នោះមានអាថកំបាំងអ្វី ?
លោក ស៊ិន សារ៉ាត់ ដែលតាំងខ្លួនតំណាងឲ្យប្រជាពលរដ្ឋនៅទំនប់កុមារ ក្នុងភូមិ-ឃុំខាងលើបាននិយាយឲ្យដឹងថា សហគមន៍លោកនៅមិនទាន់មានច្បាប់ពីក្រសួងមហាផ្ទៃនោះទេ ហើយលោកក៏មិនមែនជាប្រធានសហគមន៍នោះដែរ គ្រាន់តែជាតំណាងឱ្យប្រជាពលរដ្ឋតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ដោយសារតែកង្វះខាតទឹកជារៀងរាល់ឆ្នាំ ទើបលោកក្នុងនាមតំណាងឱ្យសហគមន៍បានធ្វើកិច្ចព្រមព្រៀងជាមួយលោក រឿន ថាវរិទ្ធ ដែលជាសប្បុរសបានយល់ព្រមជួយជួសជុលទំនប់ប្រវែង១៧០០ម៉ែត្រ ធ្វើទ្វារទឹក២កន្លែង និងស្តារបឹងឱ្យជ្រៅដើម្បីតំកល់ទឹកទុកធ្វើស្រែប្រាំងចំនួន១៣៣០ហិកតាឱ្យបានគ្រប់គ្រាន់។
លោក រឿន ថាវរិទ្ធ ជាម្ចាស់ការដ្ឋានកំពុងធ្វើអាជីវកម្មបូមខ្សាច់លក់នៅក្នុងបឹងទំនប់កុមារបានឱ្យដឹងថា៖ លោកមិនទាន់មានច្បាប់ធ្វើអាជីវកម្មបូមខ្សាច់នៅឡើយទេ ថ្វីបើលោកដាក់គ្រឿងចក្របូមខ្សាច់រយៈពេលជា១ខែទៅហើយក្តី តែពេលនេះលោកបានសុំច្បាប់ទៅមន្ទីររ៉ែ និងថាមពល និងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តរួចហើយ តែមិនទាន់ឃើញច្បាប់នេះធ្លាក់មកទេ ។
មានន័យថា រយៈពេលជាង១ខែនេះ លោកបានបូមខ្សាច់លក់អត់ទាន់មានច្បាប់អាជីវកម្មនោះទេ ប៉ុន្តែមានច្បាប់ជួសជុលទំនប់ និងស្តារបាតអាង ។ ចំណែកអ្នកកាសែតអាចចេញចូលថតបាន។
ចែករំលែកព័តមាននេះ