ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី១៤ មីនា វេលាម៉ោង៦និង៥០នាទី ត្រង់ចំណុចមុខផ្លូវចូលទីលានវាយកូនហ្គោល ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង រវាងរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ដែលបើកបញ្ច្រាសទិសគ្នាហើយបុកគ្នាបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង និងអ្នកជិះពីក្រោយរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ទាក់ទិននឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ លោកនាយរងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងធុនទេសចរណ៍ ពាក់ស្លាកលេខភ្នំពេញ 2B-3371 ពណ៌សំបកឪឡឹក បើកបរក្នុងទិសដៅពីកំពង់ស្ពឺទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចមុខផ្លូវចូលទីលានវាយកូនហ្គោលខាងលិចផ្សារថ្នល់ទទឹងក៏បុកជាមួយម៉ូតូមួយគ្រឿងធុនសេ១២៥ ជិះគ្នាពីរនាក់ បើកបញ្ច្រាសទិសគ្នាពីផ្សារថ្នល់ទទឹងមកកាន់ខេត្តកំពង់ស្ពឺ ។
លោកនាយរងការិយាល័យចរាចរណ៍រូបនោះបានបន្តថា ការបុកគ្នានេះបណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះវ៉ាន់ សៅ ភេទប្រុស អាយុ២២ឆ្នាំ ជាជាងជួសជុលទូរស័ព្ទ រស់នៅក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ស្លាប់នៅនឹងកន្លែង ឯអ្នកជិះពីក្រោយឈ្មោះឆេង ស្រី ណៃ ភេទស្រី អាយុ២២ឆ្នាំ រស់នៅក្នុងភូមិព្រៃជ្រៅ ឃុំរកាកោះ ស្រុកមុខកំពូល ខេត្តកណ្តាល រងរបួសធ្ងន់ ត្រូវបានដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ សពជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូដែលរងការខូចខាតត្រូវបានមន្ត្រីប៉ូលិសចរាចរជើងគោកខេត្តដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ