ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​តំណែង​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ឌិន ស៊ី​វុ​ទ្ធី ប្រធាន​សាលាដំបូង​ខេត្តក្រចេះ បាន​ផ្ទេរ​ភារកិច្ច​មក​កាន់​មុខ​តំណែង ជា​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង ជំនួស​លោក ប៊ិ​ច…

ខេត្តស្វាយរៀង ៖ លោក ឌិន ស៊ី​វុ​ទ្ធី ប្រធាន​សាលាដំបូង​ខេត្តក្រចេះ បាន​ផ្ទេរ​ភារកិច្ច​មក​កាន់​មុខ​តំណែង ជា​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង ជំនួស​លោក ប៊ិ​ច ឈឿ​ត ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​មុខ​តំណែង​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​។ ក្នុង​ឱកាស​នោះ​ដែរ លោក ព្រហ្ម សិទ្ធ​ត្រា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ ជា​អធិបតី​នៅ​ក្នុង ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែង​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង​។

ដែល​ពិធី​នេះ​បាន ប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ​ធំ​អគារ​(​ឃ​)​សាលា​ខេត្តស្វាយរៀង ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី សំណាក់​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ អភិបាលខេត្ត ស្វាយ​រៀង លោក អ៊ុ សា​រិ​ទ្ធ លោក ប្លង់ ឆ្លាម សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម លោក លោកស្រី ជា​ប្រតិភូ​ក្រសួងយុត្តិធម៌ និង​ឧត្ដម​ក្រុមប្រឹក្សា​នៃ អង្គចៅក្រម​ព្រះរាជអាជ្ញា​ព្រះរាជអាជ្ញា​រង​ចៅក្រម តុលាការ​ចៅក្រម អយ្យការ និង​មន្ត្រីរាជការ​នៃ​សាលាដំបូង​ខេត្ត​លោក​មេបញ្ជាការ មេបញ្ជាការ​រង កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ – អង្គភាព អភិបាលក្រុង​ស្រុក​ជា​ច្រើន​កុះករ​។

លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ អភិបាល​ខេត្តស្វាយរៀង​បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​ថ្លែង​នូវ​ការ អរគុណ​ចំពោះ លោក​ប្រធាន​សាលាដំបូង​ខេត្ត​ចាស់​ដែល​នា​ពេល​កន្លង​មកនេះ​បាន​សហការ និង​មាន​ទំនាក់ទំនង​យ៉ាង ល្អ​ប្រសើរ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ការ​ដឹកនាំ អនុវត្ត​វិស័យ​ច្បាប់ និង​វិស័យ​តុលាការ​ដោយ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល កម្ពុជា​ដែល​មាន​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ជា​ពិសេស​បាន​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ខេត្តស្វាយរៀង​ធានា​បាន​នូវ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​សង្គម​ល្អ​ប្រសើរ និង​សម្រេច​បាន​នូវ​សមិទ្ធផល​ល្អ​ៗ​ជា​បន្តបន្ទាប់​។

ជាមួយ​នេះ​លោក​អភិបាលខេត្ត​ក៏​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់​ថា​លោក​ប្រធាន​សាលាដំបូង​ខេត្ត​ដែល ត្រូវ​ចូល​កាន់​តំណែង​ថ្មី​នៅ​ថ្ងៃនេះ​នឹង​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ និង លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ជា​ធរមាន​ប្រកបដោយ​ការ​សហការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់​មន្ទីរ – អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់ ប្រភេទ​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោះស្រាយ​រាល់​បញ្ហា​បណ្តឹង​ផ្សេង​ៗ ឬ​សំណុំរឿង​ដែល នៅ​សេសសល់​មិន​ទាន់​បាន​ដោះស្រាយ ដោយ​ឈរ​លើ​គោលការណ៍​តម្លាភាព និង​ភាព​យុត្តិធម៌​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​ប្រជាពលរដ្ឋ​រង​គ្រោះ​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក ព្រហ្ម សិទ្ធ​ត្រា រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​លើក​ឡើង​ថា ក្រសួងយុត្តិធម៌​មាន​ចក្ខុវិស័យ​រួម​មួយ​អំពី វិស័យ​យុត្ដិធម៌​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​រដ្ឋធម្មនុញ្ញ​ដែល ការពារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​សេរី នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យ​ដើម្បី​ធានា​ឱ្យ​មាន ក្រប​ខណ្ឌ​ច្បាប់ និង​យុត្ដិធម៌​មួយ ដែល​អាច​ជឿ​ទុកចិត្ដ​បាន​មាន​ស្ថិរភាព និង​ប្រតិបត្ដិ​តាម​នីតិរដ្ឋ​។ ដូច្នេះ ស្ថាប័ន​ទាំងឡាយ​នៃ​វិស័យ យុត្ដិធម៌​ត្រូវធ្វើ​ឱ្យ​ទំនើប និង​មាន​ប្រសិទ្ធភាព​មាន​មន្ដ្រី​បម្រើ​ការ​មាន លក្ខណៈសម្បត្ដិ​ល្អ​ប្រសើរ និង​មាន​ធនធាន​គ្រប់គ្រាន់​ព្រមទាំង​ដំណើរការ​ត្រឹមត្រូវ​តាម​ការ​កំណត់​នៃ ច្បាប់​ក្នុង​ការ​ដោះស្រាយ​វិវាទ គ្រប់​ប្រភេទ​ទាំងអស់​ដែល​កើតឡើង​រវាង​បុគ្គល និង​បុគ្គល ឬ​បុគ្គល និង​រដ្ឋ ជាដើម​។

លោក​រដ្ឋលេខាធិការ ក៏​បាន​ណែនាំ និង​ផ្តាំផ្ញើ​ដល់​ប្រធាន​សាលាដំបូង​ខេត្ត​កាន់​តំណែង​ថ្មី ក៏​ដូច​ជា​មន្ត្រី​ចំណុះ​សាលាដំបូង​ខេត្ត ទាំងអស់​ត្រូវ បង្កើន​ការ​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ដើម្បី​សម្រេច​កិច្ច​ការងារ​ស្វែងរក យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ជន​រង​គ្រោះ​ទូទៅ​ជា​ពិសេស ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ ផ្នែក​ពាក់ព័ន្ធ​ទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ ថ្នាក់​។ សូម​បញ្ជាក់​ថា យោង​តាម​ព្រះរាជក្រឹត្យ​លេខ​ន​ស​/ រក​ត​/១០១៨/១១៤០​ចុះ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ ២០១៨ លោក ឌិន ស៊ី​វុ​ទ្ធី ប្រធាន​សាលាដំបូង​ខេត្តក្រចេះ ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង ជំនួស​លោក ប៉ិច ឈឿ​ត ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ