ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​រះ​ជា​ច្រើន​គ្រឿង​នៅ​ចំណុច​ភ្លើងស្តុប ខណៈសិស្សសាលា​ម្នាក់​បាត់បង់​ជីវិតយ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបរ​រថយន្ត​ធុន​ធំ​ម្នាក់​ទំនងជា​បែក​ថ្នាំ ក្រោយ​ពី​បុក​រះ​រថយន្ត និង​ម៉ូតូ​ដែល​ឈប់​នៅ​កន្លែង​ភ្លើងស្តុប បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ស្លាប់ និង​បុរស​​ម្នាក់​ទៀត​រង​របួសធ្ងន់ ​ចំណែក​​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើកទ្វារ​រថយន្ត​បំរុង​រត់គេច​ខ្លួន​ទាំង​ញញឹម តែ​ត្រូវ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដេញចាប់​បាន​។…

ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបរ​រថយន្ត​ធុន​ធំ​ម្នាក់​ទំនងជា​បែក​ថ្នាំ ក្រោយ​ពី​បុក​រះ​រថយន្ត និង​ម៉ូតូ​ដែល​ឈប់​នៅ​កន្លែង​ភ្លើងស្តុប បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ស្លាប់ និង​បុរស​​ម្នាក់​ទៀត​រង​របួសធ្ងន់ ​ចំណែក​​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើកទ្វារ​រថយន្ត​បំរុង​រត់គេច​ខ្លួន​ទាំង​ញញឹម តែ​ត្រូវ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដេញចាប់​បាន​។

ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្លើងស្តុប ស្ថិត​ក្នុងភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឡាយ គឹ​ម​កៅ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន ។

ចំណែក​រថយន្ត​បង្ក​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ស ទ្រុង​ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ៣A-២៣៦៤ បើកបរ​ដោយ​ឈ្មោះ ច្រឹ​ក រតនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​ដី ឃុំរ​ម្មណី ស្រុក​រវៀង ខេត្តព្រះវិហារ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។

លោកនាយ​រង​ការិយាល័យ​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បើកបរ​ដោយ​បុរស​ម្នាក់ បាន​បើ​របរ​ពី​ទិស​ខាង​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ភ្លើងស្តុប បាន​បត់​ទៅ​ទិស​ខាងជើង ពេល​ដែល​សញ្ញា​ភ្លើង​ខៀវ​ជិត​អស់​នាទី ចូល​ដល់​ភ្លើង​ក្រហម ស្រាប់តែ​រថយន្ត​បង្ក​បាន​បើក​ទៅ​មុខ​ទាំង​បង្ខំ​ដើម្បី​ឲ្យ​ផុត កុំ​ឲ្យ​ភ្លើង​ក្រហម​ទាន់ រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឆ្លាម ពណ៌​ខ្មៅ ហើយ​បន្ត​ទៅ​បុក​រះ​ម៉ូតូ​ចំនួន​៣​គ្រឿង​ទៀត បណ្តាល​ឲ្យ​បុរស​​​ម្នាក់ និង​ក្មេង​ប្រុស​ជា​សិស្សសាលា​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក្មេង​ប្រុស​ជា​សិស្សសាលា​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ជា​អ្នកបើកបរ​ម៉ូតូ និង​ជា​អ្នកបើកបរ​រថយន្ត​ដែលរងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​បាន​និយាយ​ថា មុន​ពេល​កើត ពួក​គាត់​និង​ជន​រង​គ្រោះ​ផ្សេង​ទៀត​បាន​ឈប់​នៅ​កន្លែង​ភ្លើងស្តុប​ដើម្បី​រង់ចាំ​ឆ្លងផ្លូវ ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​បាន​បើក​យ៉ាង​លឿន​ពី​ទិស​ខាងលិច​មក​ដល់​ចំណុច​ភ្លើងស្តុប​រួច​​បត់​មក​ខាងឆ្វេង​ដៃ​ទៅ​ទិស​ខាងជើង បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​បុក​រះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើកទ្វារ​រថយន្ត​រត់គេច​ទាំង​សើច ទំនងជា​មនុស្ស​បែក​ថ្នាំ ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​បាន​។

ក្រោយ​ចាប់​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត​បង្ក​បាន​និយាយ​ថា ខ្លួន​បាន​ស៊ីឈ្នួល​បើកបរ​រថយន្ត​ឲ្យ​ឈ្មោះ នី ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ចំនួន​៣​ខែ​មក​ហើយ ។ មុន​ពេល​កើតហេតុ ខ្លួន​បាន​បើករថយន្ត​មក​ពី​ដឹក​ដំឡូង​មី​ទៅ​ស្រុក​ម៉ា​ឡៃ ហើយ​ប្រញាប់​ដឹក​ដំឡូង​មីនោះ​បន្ត​ទៅ​ស្រុក​ស្វាយចេក​ទៀត តែ​ដោយ​រថយន្ត​ដែល​ខ្លួន​បើក​ហ្វ្រាំង​មិន​ស៊ី ក៏​បណ្តាល​ឱ្យ​បុក​រះ​តែ​ម្តង ។

លោកនាយ​ការិយាល័យ​នគរបាល​ចរាចរ​បាន​បញ្ជាក់​ថា រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ