រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកហុងដា Zoomer-X មួយគ្រឿងបានបើកបរបោះពួយក្នុងល្បឿនយ៉ាលឿន ហើយបានជ្រុលទៅបុកពីក្រោយម៉ូតូស៊ីទីសេ១០០កូរ៉េ សណ្ដោងរ៉ឺម៉កលក់ពងទាកូន បណ្ដាលឲ្យក្រឡាប់បះជើង និងរងរបួសទាំងសង្ខាង២នាក់ ។
បន្ទាប់មកជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗលុះមួយសន្ទុះក្រោយមក ខណៈម៉ូតូបង្ក និងម៉ូតូរ៉ឺម៉កលក់ពងទា កំពុងស្ថិតនៅលើផ្លូវមិនទាន់ត្រូវបាននគរបាលយកចេញនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៅបុកថែមមួយតង់ផងដែរ ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើមហាវិថីសហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ម៉ូតូម៉ាក ZOOMER -X ១គ្រឿងនោះពណ៌ស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 1FD-9476 ចណែកម៉ូតូស៊ីទីសេ១០០កូរ៉េ ពណ៌ក្រហមសណ្ដោងរ៉ឺម៉ក លក់ពងទាកូន បានក្រឡាប់បះជើង ហើយអ្នកបើកបរម៉ូតូទាំងសង្ខាងបានរងរបួសដូចគ្នា និងមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ។
តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុម៉ូតូស៊ីទីសេ១០០កូរ៉េសណ្ដោងរ៉ឺម៉កលក់ពងទាកូន និងម៉ូតូហុងដា Zoomer-X បានបើកបរធ្វើដំណើរក្នុងទិដៅស្របគ្នាពីកើតទៅលិច ។ លុះពេលទៅដល់ត្រង់ចំណុចខាងលើម៉ូតូ ZOOMER បោះពួយជ្រុលទៅបុកម៉ូតូរ៉ឺម៉កពីក្រោយពេញទំហឹង បណ្តាលឲ្យក្រឡាប់បះជើង និងរងរបួសសង្ខាងតែម្ដង ។ បន្ទាប់មកជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ចំណែកម៉ូតូបង្ក និងម៉ូតូសណ្ដោងរ៉ឺម៉កលក់ពងទាកូន ស្ថិតនៅកណ្ដាលផ្លូវ ។
ខណៈនោះនគរបាលមិនទាន់ទៅដល់ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក១គ្រឿងបើកជ្រុលទៅបុកថែមមួយតង់ទៀត ។ ប៉ុន្តែមិនបណ្ដាលឲ្យរថយន្តខូចខាតធ្ងន់ធ្ងរទេ ហើយក៏បានបើកបន្តដំណើរទៅបាត់ ក្រោយមកនគរបាលបានចុះទៅវាស់វែង និងនាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយ ៕
ចែករំលែកព័តមាននេះ