ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​-​កម្មការិនី​ជាង​២​ពាន់​នាក់​ផ្ទុះ​ការ​តវ៉ា​ទាំង​ព្រឹក​រឿង​ដូរ​ថៅកែ​ថ្មី​ ហើយប្រើ​អំណាច​គំរាមទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ​«​ខ្វាន់​ទុម ក្លូ​ស៊ី​ង​»​ជាង​២​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​សុំ​ឲ្យ​ទូទាត់​ប្រាក់​អតីតភាព​ការងារ ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ ជូន​ពួក​គាត់ បន្ទាប់​ពី​ពួក​គាត់​បានដឹង​ថា រោងចក្រ​ខាងលើ​បាន​ផ្លាស់​ប្ដូរ​ថៅកែ​ថ្មី ហើយ​បើ​តាម​ច្បាប់​ការងារ​ត្រូវ​តែ​ទូទាត់​ប្រាក់​ខាងលើ​ជូន​ពួក​គាត់​ជា​មុន​សិន​ទើប​អាច​ផ្លាស់​ប្ដូរ​បាន…

រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ​«​ខ្វាន់​ទុម ក្លូ​ស៊ី​ង​»​ជាង​២​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​សុំ​ឲ្យ​ទូទាត់​ប្រាក់​អតីតភាព​ការងារ ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ ជូន​ពួក​គាត់ បន្ទាប់​ពី​ពួក​គាត់​បានដឹង​ថា រោងចក្រ​ខាងលើ​បាន​ផ្លាស់​ប្ដូរ​ថៅកែ​ថ្មី ហើយ​បើ​តាម​ច្បាប់​ការងារ​ត្រូវ​តែ​ទូទាត់​ប្រាក់​ខាងលើ​ជូន​ពួក​គាត់​ជា​មុន​សិន​ទើប​អាច​ផ្លាស់​ប្ដូរ​បាន ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​រោងចក្រ​មួយ​នេះ​មិន​បាន​គោរព​ច្បាប់​ការងារ​ហើយ​ថែម​ទាំង​ប្រើប្រាស់​អំណាច​មេធាវី​មក​ធ្វើការ​គំរាមកំហែង​ដល់​កម្មករ​ទៀត​ទើប​ពួក​គាត់​នាំ​គ្នា​ផ្ទុះ​ការ​តវ៉ា​បែប​នេះ​។

ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រោងចក្រ​កាត់ដេរ​យីហោ​«​ខ្វាន់​ទុម ក្លូ​ស៊ី​ង​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

កម្មករ​បាន​និយាយ​ថា ពួក​គាត់​មាន​គ្នា​ចំនួន​សរុប​២៤៨៣​នាក់ ហើយ​បាន​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ខាងលើ​នោះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន ដោយ​កន្លង​មក​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ពួក​គាត់​ខិតខំ​ធ្វើការ​ទៅ​តាម​មុខព្រួញ​រៀង​ៗ​ខ្លួន​ដើម្បី​ជួយ​ដល់​ថៅកែ​ក្នុង​ទិស​ដៅ​មួយ​មិន​ចង់​ឲ្យ​រោងចក្រ​ជួប​ការ​ការ​លំបាក​ឈាន​ដល់​ការ​ក្ស័យ​ធុន​នាំ​ឲ្យ​បាត់បង់​ការងារ​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​ថ្មី​ៗ​នេះ​ពួក​គាត់​ទទួល​ដំណឹង​ថា រោងចក្រ​ត្រូវ​ផ្លាស់​ប្ដូរ​ថៅកែ​ថ្មី​ដោយ​ស្ងាត់​ៗ​មិន​បាន​ជូនដំណឹង​ឲ្យ​ពួក​គាត់​បានដឹង​ជា​មុន​ឡើយ ព្រោះ​បើ​តាម​ច្បាប់​មុន​នឹង​ដូរ​ថៅកែ​ឬ​អ្នកគ្រប់គ្រង​ថ្មី​រោងចក្រ​ត្រូវ​ជូនដំណឹង​ដល់​កម្មករ​មុន មិនតែប៉ុណ្ណោះ​ត្រូវ​តែ​ទូទាត់​ប្រាក់​អតីតភាព​ការងារ ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ជូន​កម្មករ​សិន​ទើប​ដូរ​បាន ។

ចំណែក​រោងចក្រ​នេះ​មិន​គោរព​ច្បាប់​ការងារ​ទើប​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ពួក​គាត់​បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ប្រាក់​ទាំងអស់​ខាងលើ ប៉ុន្តែ​ដោយសារ​តែ​គ្មាន​ដំណោះស្រាយ​ទើប​ការ​តវ៉ា​អូស​បន្លាយពេល​រហូត​មក ។

កម្មករ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មិនតែប៉ុណ្ណោះ​រោងចក្រ​មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​ជាមួយ​ពួក​គាត់​នោះ​ទេ​ថែម​ទាំង​បាន​ប្រើប្រាស់​អំណាច​មេធាវី​មក​គាបសង្កត់ និង​គំរាមកំហែង​កម្មករ​ថែម​ទៀត​ផង ។

ដូច្នេះ​ហើយ​ទើប​ពួក​គាត់​មិន​អាច​សម្ងំ​ស្ងៀម​បាន​នាំ​គ្នា​តវ៉ា​ដើម្បី​សេរីភាព និង​ផលប្រយោជន៍​ដែល​ត្រូវ​ទទួល​បាន​តាម​ច្បាប់​ការងារ ហើយ​ក៏​ប្រឆាំង​ដាច់ខាត​ទៅ​នឹង​សកម្មភាព​របស់​មេធាវី​ដែល​ខាង​រោងចក្រ​ជួល​មក​គាបសង្កត់ និង​គំរាមកំហែង​កម្មករ​ផង​ដែរ ។

ទាន់​ទិន​ទៅ​នឹង​ហេតុការណ៍​ខាងលើ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេ​ហើយ​កម្មករ​កំពុង​ស្វែងរក​ដំណោះស្រាយ​ពី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ