ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំលាស់​ទីផ្ទះ​បណ្តែត​ទឹក​របស់​វៀតណាមត្រូវ​ឱ្យអស់ពីផ្ទៃបឹង​ទន្លេ​សាប…

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖​ រហូត​មក​ដល់​ពេល​នេះ ផ្ទះ​បណ្តែត​ទឹក​ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណា​ម​រស់នៅ ស្ថិត​នៅ​ក្នុងភូមិ​ចុង​កោះ សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ចាកចេញ​ផុត​ពីទន្លេ​ឡើង​មក​លើគោក​ជា​បណ្ដើរ​ៗ​ហើយ ។ នេះជា​ការ​បញ្ជាក់​របស់​លោក…

ខេត្តកំពង់ឆ្នាំង ៖​ រហូត​មក​ដល់​ពេល​នេះ ផ្ទះ​បណ្តែត​ទឹក​ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណា​ម​រស់នៅ ស្ថិត​នៅ​ក្នុងភូមិ​ចុង​កោះ សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ចាកចេញ​ផុត​ពីទន្លេ​ឡើង​មក​លើគោក​ជា​បណ្ដើរ​ៗ​ហើយ ។ នេះជា​ការ​បញ្ជាក់​របស់​លោក យិ​ន សា​វ៉េ​ន អភិបាល​ក្រុង​កំពង់ឆ្នាំង ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព
កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ។

​លោក​អភិបាលក្រុង​ថ្លែង​ថា មក​ដល់​ពេល​នេះ​ផ្ទះ​បណ្ដែត​ទឹក​នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង បាន​ឡើង​មក​លើគោក​ជា​បណ្ដើរ​ៗ​ហើយ ដែល​ផ្ទះ​ខ្លះ​ទឹក​នៅ​មាន​ជម្រៅ​ត្រឹម​ចង្កេះ និង​កន្លែង​ខ្លះ​ទៀត​ទឹក​រាក់​ត្រឹម​ស្មងជើង ។ បញ្ហា​ប្រឈម​ចំពោះ​មុខ ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​នោះ មាន​៤​សំខាន់​ៗ ៖ទី​១-​​ទឹក​ស្អាត គឺ​ត្រូវ​តែ​ដោះស្រាយ​ឲ្យ​បាន​លឿន​បំផុត ដោយ​ឲ្យ​ក្រុមហ៊ុន​ប្រញាប់​រៀប​ប្រព័ន្ធ​ទឹក​ស្អា​តទៅ​ដល់​ពួក​គាត់​បាន​ប្រើប្រាស់ ។ ទី​២-​ភ្លើង ទី​៣-​ផ្លូវ នៅ​មិន​ទាន់​អាច​ធ្វើ​បាន​នៅឡើយ​ទេ លុះត្រា​ណា​តែ​ទឹក​ស្រក​អស់​ទើប​ធ្វើ​ទៅ​បាន ។ ទី​៤-​បង្គន់​អនាម័យ​ក៏​ត្រូវ​តែ​បន្ទាន់​ដែរ ព្រោះថា​ពួក​គាត់​មិន​ទាន់​មាន​កន្លែង​បន្ទោបង់​នៅឡើយ តែ​អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​គាត់​រៀបចំ​បង្គន់​អ​នាម័​យ​នៅ​លើគោក មិន​ឲ្យ​បន្ទោបង់​នៅ​ក្នុង​ទឹក​នោះ​ទេ ។

លោក​អភិបាលក្រុង​កំពង់ឆ្នាំងថ្លែង​ទៀត​ថា ផ្ទះ​មួយ​ចំនួន​ទៀត​ដែល​នៅ​សេសសល់​មិន​ទាន់​ចេញពី​ទន្លេ​មក​លើគោក​នៅឡើយ គឺ​ដោយសារ​តែ​ផ្ទះ​ពួក​គាត់​ទាំងនោះ​ជា​ផ្ទះ​នៅ​ពីលើ​បែ​ចិញ្ចឹម​ត្រី​។ នៅ​ពេល​ពួក​គាត់​ចាប់​ត្រី​អស់ ក៏​ត្រូវ​រុះរើ​ទៅ​នៅ​លើគោក​ដូច​គ្នា​ដែរ ។ សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​២.៣៩៥​ខ្នង​ផ្ទះ ហើយ​ស្ទើរតែ​ទាំងអស់​ជា​ជនជាតិ​វៀតណាម​ដែល​មាន​ចំនួន​១​ម៉ឺន​៨៧​នាក់ រស់នៅ​តាម​បណ្តា​ស្រុក​មាន​ដូច​ជា ក្រុង​កំពង់ឆ្នាំង ឃុំ​តា​ជេស ស្រុក​កំ​ពង​ត្រឡាច ស្រុក​ជល​គិរី ស្រុក​កំពង់លែង និង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​។ ផ្ទះ​ទាំង​អស់នេះ​កំពុង​ឡើងគោក​ជា​បណ្តើរ​ៗ​ហើយ ។

ថ្លែង​នៅ​ក្នុង​ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ ដែល​ឡើងកាន់​តំណែង​ជំនួស​លោក លី ឡេ​ង នា​ព្រឹក​ថ្ងៃ​ទី១៥ ខែវិច្ឆិកា សម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​នាម​នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​ទាក់ទិន​នឹង​បំ​លាស់​ទី​អ្នក​រស់នៅ​លើ​ទឹក​នៅ​បឹង​ទន្លេសាប​ក្នុង​ខេត្តកំពង់ឆ្នាំង​ថា រហូត​មក​ដល់​ពេល​នេះ​នៅ​សល់​តែ​ជនជាតិ​វៀតណាម​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​ទៅ​អនាគត​យើង​នឹង​រៀបចំ​ឲ្យ​ពួក​គាត់​ឡើង​លើគោក​ទាំងអស់ ។

សម្តេច​ក្រឡាហោម ស ខេ​ង បន្ត​ថា ចាប់​តាំង​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨​មក ខេត្តកំពង់ឆ្នាំង​ជា​ខេត្ត​ដែល​ចាប់ផ្តើម​ធ្វើ​មុនគេ​ក្នុង​ការ​រៀបចំ​បំ​លាស់​ទី​អ្នក​រស់នៅ​លើ​ទឹក​ឲ្យ​ឡើង​លើគោក ។ ពេល​ធ្វើ​ទៅ​មានការ​ប្រឈម ហើយ​ដំណាក់កាល​អន្តរកាល​នេះ ចៀស​មិន​ផុត​ពី​បញ្ហា​ទេ ។ សំខាន់​យើង​ធ្វើ​ដើម្បី​លើក​ស្ទួយ​បរិស្ថាន​ទឹកទន្លេ​សាប​ឡើង​វិញ ។ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ប្រកាស​ថា «​យើង​ធ្វើ​ដោយ​ស្ម័គ្រចិត្ត​ទេ ។ នៅ​ទីនោះ​មាន​ខ្មែរ ខ្មែរ​អ៊ិ​ស្លា​ម និង​មាន​អាណិកជន ឬ​ជនអន្តោប្រវេសន៍​វៀតណាម ។ ខ្មែរ​និង​ខ្មែរ​អ៊ិ​ស្លា​ម
ចេញ​អស់ហើយ នៅ​មួយ​ចំនួន​ទៀត​ជា​ជនជាតិ​វៀតណាម​ដែល​ជា​អ្នកមាន​មុខរបរ​ធ្វើ​បែ​ត្រី ។ សម្តេច​ក្រឡា​ហោម​បាន​បញ្ជាក់​ថា ទី​១-​យើងដាច់ខាត​មិន​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​បរទេស ដែល​មក​រស់នៅ​កម្ពុជា និង​ទី​២-​យើង​ក៏​មិន​ចាប់​បញ្ជូន​ជនបរទេស​ទាំងនោះ​ចេញ​ទៅ​វិញ​ទេលើកលែងតែ​ជនបរទេស​នោះ ប្រព្រឹត្ត​ល្មើស​ឬ​ក៏​រស់នៅ​ខុសច្បាប់ ទើប​យើង​ចាប់​បញ្ជូន​ចេញពី​កម្ពុជា ។

ទាក់ទិន​នឹង​និគមជន​វៀតណាម​រស់នៅ​លើ​បឹង​ទន្លេសាប​នេះ​ដែរ ប្រមុខ​ការទូត​កម្ពុជា លោក​ឧប​នាយក​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​គូសបញ្ជាក់​ប្រាប់​សម​ភាគី​វៀតណាម​ថា រាជរ​ដ្ឋាភិ​បាល​កម្ពុជា​នឹង​ជួយ​សហគមន៍​វៀតណាម​ដែល​រស់នៅ​លើ​បឹង​ទន្លេសាប ដើម្បី​ពួក​គេ​ឡើង​មករស់នៅ​លើគោក​ឱ្យ​បាន​ត្រឹមត្រូវ ។ ការ​អះអាង​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​កន្លងទៅ ក្នុង​កិច្ចប្រជុំ​ក្រៅ​ក្រប​ខណ្ឌ ៅ​ប្រទេស​សិង្ហ​បុរី រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន និង​រដ្ឋមន្ដ្រី​ការ​បរទេស​វៀតណាម លោក ផា​ម ប៊ិ​ញ​មិ​ញ ។

លោក ផា​ម ប៊ិ​ញ​មិ​ញ បាន​ទទួលស្គាល់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​កម្ពុជា ដែល​បានជួយ​ដល់​ការ​ផ្លាស់​ទីលំនៅ​របស់​សហគមន៍​ជនជាតិ​វៀតណាម​នៅ​លើ​បឹង​ទន្លេសាប ។ ជុំវិញ​ការ​តាំងទី​លំនៅ​ថ្មី​របស់​ជនជាតិ​វៀតណាម​នៅ​លើគោក​នេះ លោក ផា​ម ប៊ិ​ញ​មិ​ញ ប្រមុខ​ការទូត​វៀតណាម បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​ប្រឈម​នានា​ក្នុង​ការ​រស់នៅ​របស់​គ្រួសារ​ជនជាតិ​វៀតណាម​នៅ​ទីតាំង​ថ្មី ។ មន្ដ្រី​ការទូត​វៀត​ណាម បាន​រំឭក​ឡើង​វិញ​ពី​សំណើ​របស់​នាយក​រដ្ឋមន្ដ្រី​វៀតណាម ទៅ​កាន់​នាយក​រដ្ឋមន្ដ្រី​កម្ពុជា ដែល​ជា​សំណើ​ផ្ដាំផ្ញើ​ឲ្យ​មើលថែ​សហគមន៍​ជនជាតិ​វៀតណាម​ដែល​ផ្លាស់​ពី​បឹង​ទន្លេសាប​ទៅ​នៅ​លើគោក ធ្វើ​យ៉ាងណា​បង្ក​ភាព​ងាយស្រួល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ទាំងនោះ ។

ជា​ការ​ឆ្លើយ​តប ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​គូសបញ្ជាក់​ថា ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​នឹង​បង្កើត​នូវ​លក្ខខណ្ឌ​ល្អ​ប្រសើរ​សម្រាប់​សហគមន៍​វៀតណាម ដែល​ចាក​ចេញពី​បឹង​ទន្លេ​សាប​ទៅ​រស់នៅ​លើគោក ។គួរ​ជម្រាប​ថា ការ​ផ្លាស់​ទី​ជនជាតិ​វៀតណាម​ចេញពី​បឹង​ទន្លេសាប ស្ថិត​នៅ​ក្នុង​ផែនការ​របស់​អាជ្ញាធរ​តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ។ ជនជាតិ​វៀតណា​ម​ដែល​រស់នៅ​លើ​បឹង​ទន្លេសាប ធ្លាប់​តវ៉ា​ជំទាស់​នឹង​ផែនការ​នេះ ប៉ុន្តែ​នៅ​ទីបំផុត​ក្រោម​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​យ៉ាង​ម៉ឺងម៉ាត់ ដោយ
សហការ​ជាមួយ​សមាគម​វៀតណាម​នៅ​កម្ពុជា គ្រួសារ​ជនជាតិ​វៀតណាម​ជាង​២.០០០​គ្រួ​សារបាន​យល់ព្រម​ផ្លាស់​ទៅ​នៅ​លើគោក ។ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​អះអាង​ថា កំពុង​បន្ត​សហការ​ជាមួយ​សមាគម​វៀតណាម​នៅ​កម្ពុជា រៀបចំ​រចនាសម្ព័ន្ធ​បណ្ដើរ​ៗ​នៅ​កន្លែង​រស់នៅ​ថ្មី រួម​មាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ទឹក​ស្អាត បណ្ដាញ​អគ្គិសនី និង​ផ្លូវថ្នល់ តែ​ពេល​នេះ​អ្វី​ៗ​ហាក់​មិន​ទាន់​បាន​ធ្វើ​នៅឡើយ
​ទេ ៕

អត្ថបទសរសេរ ដោយ