ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ស្ត្រី​ពពោះ​១១​នាក់ បន្ទាប់​ពី​ឃុំ​មេការ និង​អ្នកចាត់ការ​៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ វិច្ឆិកា នេះ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១១​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ វិច្ឆិកា នេះ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១១​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​លើ​សំណុំរឿង​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លង​ដែន និង​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ ។ បានជា​មានការ​ឃុំខ្លួន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១១​នាក់​នេះ ព្រោះ​កាលពី​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៨ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​មនុស្ស​៤​នាក់​ដាក់​ពន្ធនាគារ​រួច​ហើយ​ដែរ ដែល​ក្នុង​នោះ​មាន​ស្ត្រី​២​នាក់ ជា​មេការ និង​បុរស​២​នាក់​ជា​អ្នកចាត់ការ​។ មនុស្ស​៤​នាក់​មាន​ម្នាក់​ឈ្មោះ ខៀវ ផល្លា អាយុ​៣២​ឆ្នាំ និង​ម្នាក់​ឈ្មោះ សុខ អឿ​ន អាយុ​៤០​ឆ្នាំ ជា​មេការ ត្រូវ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​(​មណ្ឌល​កែប្រែ​ម​២)​។

ចំណែក​បុរស​២​នាក់ ជា​អ្នកចាត់ការ​ទូទៅ​ម្នាក់​ឈ្មោះ ចេ​ង សំ​អុល អាយុ​៥០​ឆ្នាំ និង​ម្នាក់​ឈ្មោះ អ៊ា ម៉ា​ន់ អាយុ​៤២​ឆ្នាំ មុខរបរ​រត់​ឡាំ​ប្រឺ​តា​កង់​បី​ឥណ្ឌា សម្រេច​ដាក់​ពន្ធនាគារ​(​មណ្ឌល​កែប្រែ​ម​១)​ព្រៃ​ស​។ ក្រោយ​ពី​ឃុំខ្លួន​មនុស្ស​៤ នាក់​នោះ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ទៅ​ដឹក​ជញ្ជូន​ស្ត្រី​ពពោះ​ចំនួន​១១​នាក់ តាម​រថយន្ត​ទូ​រី​ស​១២​កៅអី ១​គ្រឿង មក កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ លើ​សំណុំរឿង​.​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន និង អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​។

ស្ត្រី​ទាំង​១១​នាក់ ត្រូវ​បាន​នាំ​ទៅ​ឃាត់​ទុក​អស់​រយៈពេល​១​ស​ប្តា​ហ៍​ហើយ នៅ​មន្ទីរពេទ្យ​១៦ ឧសភា ដែល​ជា​មន្ទីរពេទ្យ​នគរបាល​ជាតិ ស្ថិត​នៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ក្រោម​ការ​គ្រប់គ្រង​ដែន​សមត្ថកិច្ច​ជា​អ្នក​បង្ក្រាប ដែល​មិន​ទាន់​បាន​ដល់​ដៃ​តុលាការ​នៅឡើយ​នោះ ។ ស្ត្រី​ជាប់​សង្ស័យ​លើ​ករណី​ពពោះ​១១​នាក់ ពេល​នេះ​បាន​ស្ថិត​ដល់​ដៃ​លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ ដោយ​មិន​ចំ​បាច់​ឆ្លងកាត់​ស្ថាប័ន​អយ្យការ​នោះ​ទៀត​ទេ ព្រោះ​សំណុំរឿង​តែ​មួយ ដែល​តំណាង​អយ្យការ​បាន​ចោទ ប្រកាន់​រួច​ហើយ ដូច​ជនសង្ស័យ​៤​នាក់​ខាងលើ​នេះ​ដែរ​។ គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បញ្ជូន​ជនសង្ស័យ​៤​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ​។

ស្ត្រី​ជា​មេការ​ម្នាក់​ឈ្មោះ ខៀវ ផល្លា អាយុ​៣២​ឆ្នាំ និង​ម្នាក់​ឈ្មោះ សុខ អឿ​ន អាយុ​៤០ ឆ្នាំ ចំណែក​អ្នកចាត់ការ​ទូទៅ​ម្នាក់​ឈ្មោះ ចេ​ង សំ​អុល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​ម្នាក់​ឈ្មោះ អ៊ា ម៉ា​ន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទាំង​ពីរ​នាក់​មុខរបរ​រត់​ឡាំ​ប្រឺ​តា​កង់​បី​ឥណ្ឌា​។ រីឯ​ស្ត្រី​ពពោះ​១១​នាក់ និង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​ដែរ ក្រោយ​ពេល​សាកសួរ មេការ និង​អ្នកចាត់ការ​៤​នាក់​រួចរាល់​។ គួ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​ចុះ​សហការ​ជាមួយ​នគរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ពាក់ព័ន្ធ​ករណី​អំពើ​លក់ដូរ មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន និង​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​។

កិច្ចសហការ​បង្ក្រាប​នោះ​សមត្ថកិច្ច​បាន ធ្វើ​ឡើង នៅ​ចំណុច​ចំនួន​៣​កន្លែង ក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១៥​នាក់ ក្នុង​នោះ​មាន​អ្នក​មើល​ការ​ខុស​ត្រូវ​(​មេការ​ស្ត្រី​)២​នាក់ អ្នក​រត់​ម៉ូតូ​កង់​បី ២​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ (​ស្ត្រី​ពពោះ​)​ចំនួន​១១​នាក់​។ វត្ថុ​តាង​ដកហូត​មាន​លិខិតឆ្លងដែន​១​ក្បាល ឯកសារ​ពេទ្យ​មួយ​ចំនួន​.(​ស៊ី​រ៉ាំ​ង និង​ថ្នាំពេទ្យ​.​ប្រើ​រួច និង​មិន​ទាន់​ប្រើ​) និង​ម៉ូតូ​កង់​បី ចំនួន​២​គ្រឿង​។ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច នាំ​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕
https://youtu.be/eB833Li–Lo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ