ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​បាន​ភរិយា​ជា​ចៅសង្កាត់​រង​ទី​1 កីឡាករ នួន ភារ​ក្ស នៅ​តែ​ប្រឡូក​ការ​ប្រដាល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា នួន ភារ​ក្ស ជា​កីឡាករ​ដែល​មានសំណាង​មិន​អន់​នោះ​ទេ បន្ទាប់​ពី​បាន​រៀប​ការ​ជាមួយ​នារី​ស្រស់​ស្អាត ដែល​មានទ្រព្យ​សម្បត្តិ​គួរសម និង​មាន​ទាំង​តួនាទី​ជា​ចៅសង្កាត់​រង​ទី​១​នៅ​សង្កាត់​កា​កាប​២ ដែល​ជា​តួនាទី​ក្នុង​ជួរ​គណ​បក្ស​កាន់អំណាច​។…

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា នួន ភារ​ក្ស ជា​កីឡាករ​ដែល​មានសំណាង​មិន​អន់​នោះ​ទេ បន្ទាប់​ពី​បាន​រៀប​ការ​ជាមួយ​នារី​ស្រស់​ស្អាត ដែល​មានទ្រព្យ​សម្បត្តិ​គួរសម និង​មាន​ទាំង​តួនាទី​ជា​ចៅសង្កាត់​រង​ទី​១​នៅ​សង្កាត់​កា​កាប​២ ដែល​ជា​តួនាទី​ក្នុង​ជួរ​គណ​បក្ស​កាន់អំណាច​។

យ៉ាងណាមិញ កីឡាករ​វ័យក្មេង នួន ភារ​ក្ស បាន​អះអាង​ថា លោក​មិន​បោះបង់​ការ​ប្រដាល់​​នោះ​ទេ បើ​ទោះជា​ក្រោយ​រៀប​ការ​គ្រួសារ​ខាង​ភរិយា​បាន​រៀប​គម្រោង​ឱ្យ​លោក​ធ្វើការ ឬ​បើក​ជំនួញ​ដែល​ជួយ​ឱ្យ​លោក​មានមុខ​មាន​កិត្តិយស​ជាង​តំណែង​ជា​កីឡាករ​ដែល​មាន​បច្ចុប្បន្ន​ក្តី ។

គ្មាន​អ្នក​ណា​មិន​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​លោក នួន ភារ​ក្ស ត្រូវ​គេ​ស្គាល់​គ្រាន់តែ​ជា​កីឡាករ​ដែល​មាន​ជីវភាព​សាមញ្ញ ស្រាប់តែ​មានសំណាង​បាន​រៀប​អា​ពា​ហ៍​អា​ពា​ហ៍​ជាមួយ​អ្នក​នាង សាយ សុនី​តា ដែល​ត្រូវ​គេ​ស្គាល់​ជា​ចៅសង្កាត់​រង​ទី​១​ប្រចាំ​សង្កាត់​កា​កាប​២ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ មុន​នេះ ដោយ​អាពាហ៍ពិពាហ៍​របស់​លោក​ត្រូវ​គេ​ឃើញ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់ ក្នុង​នោះ​អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ទាំង​ធ្វើ​មេបា​ឱ្យ​លោក​នោះ​ផង ដើម្បី​បំពេញមុខ​ឱ្យ​ខាង​លោក និង​ខាង​ស្រី ក្នុង​ពេល​ដែល​កីឡាករ នួន ភារ​ក្ស ត្រូវ​គេ​ដឹង​ថា មិនមែន​ជា​កីឡាករ​ដែល​មាន​ជីវភាព និង​ឋានៈ​សម​នឹង​ចៅសង្កាត់​រង​ទី​១ ដែល​ជា​ភរិយា ។

ស្នេហា​របស់​អ្នក​ទាំង​ពីរ​មិនមែន​ទើបតែ​បាន​កើតឡើង​នោះ​ទេ គឺ​បាន​លេចឡើង​យូរ​ហើយ ហើយដោយ​សារ​តែ​គ្មាន​ការ​បង្ខិតបង្ខំ ឬ​គំនាប​ពី​ចាស់ទុំ​ទើប​ស្នេហា​ខុស​ឋានៈ​រវាង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​កីឡាករ​មួយ​នេះ​ត្រូវ​បាន​កើតឡើង ។ អ្នក​ទាំង​ពីរ​បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​ធ្វើ​ឱ្យ​មានការ​កោតសរសើរ​ពី​សំណាង​របស់​ខាង​ប្រុស​នោះ​ផង ជា​ពិសេស​នៅ​ពេល​ដែល​គេ​ធ្លាប់តែ​ឃើញ​កីឡាករ​រូប​នេះ​ឡើង​ប្រដាល់​យ៉ាង​សាមញ្ញ​ដើម្បី​រក​ប្រាក់​យ៉ាង​លំបាក ស្រាប់តែ​អាច​ប្រារព្ធ​ពិធី​មង្គលការ​បាន​យ៉ាង​ធំដុំ​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ដែល​មាន​អាជីព​ដូច​លោក​សរសើរ​មិន​ដាច់​ពីមាត់ ។

លោក​ត្រូវ​គេ​អះអាង​ថា នឹង​មានឱកាស​ទទួល​បានការ​ងារ​ដោយ​មិន​លំបាក​នោះ​ទេ ដោយ​ភាគី​ខាង​មេបា​ខាង​ស្រី​ក៏​មាន​គម្រោង​ឱ្យ​រកស៊ី​បើ​លោក​ចង់រក ឬ​ឱ្យធ្វើ​ការ​តាម​ជំនាញ​ដែល​អាច​រុញ​បាន ដើម្បី​ឱ្យ​លោក​កាន់តែ​ស័​កិ្ដ​សម​នឹង​កិត្តិយស​ជា​ស្វាមី​របស់​ចៅសង្កាត់​រង​ទី​១​ផង​ដែរ ដើម្បី​កុំឱ្យ​មានមុខ​របរ​តែ​ជា​កីឡាករ​តែ​មួយ​មុខ ។ យ៉ាង​ណា​មិញ កីឡាករ​រូប​នេះ បាន​អះអាង​ថា លោក​មិន​បោះបង់​ការ​ប្រដាល់​នោះ​ទេ គឺ​នៅ​តែ​ទទួល​យក​ការ​ប្រដាល់ ដោយសារ​តែ​ភរិយា​របស់​លោក ក៏​មិន​បាន​ស្អប់ខ្ពើម​វិស័យ​កីឡា​នោះ​ផង​។

កីឡាករ នួន ភារ​ក្ស និយាយ​ថា លោក​មិន​អាច​គ្រាន់តែ​មាន​ភរិយា​ជា​ចៅសង្កាត់​ដែល​មាន​កិត្តិយស ហើយ​សម្រេចចិត្ត​បោះបង់​ការ​ប្រដាល់​បាន​ទេ ដោយសារ​តែ​ការ​ប្រដាល់​គឺជា​អ្វី​ដែល​លោក​ស្រឡាញ់ និង​តស៊ូ ដោយ​បាន​ទាំង​ចាត់​ទុក​ថា បើ​គ្មាន​ការ​ប្រដាល់ ក៏​លោក​មិន​បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​ភរិយា​ដូច​ការ​ចង់បាន​។

លោក​ថា សប្បាយចិត្ត​ណាស់​ដែល​បាន​ភរិយា​មិន​ប្រកាន់​ពី​អាជីព និង​ស្ថានភាព​របស់​ខ្លួន ដោយ​បាន​ទាំង​ផ្ដល់​ក្ដី​ស្រឡាញ់ និង​ភាព​កក់ក្ដៅ​ធ្វើ​ឱ្យ​លោក​មាន​សង្ឃឹម​កាន់តែ​ខ្ពស់​ក្នុង​ការ​រស់នៅ​។ ក្នុង​នោះ​លោក​ក៏​បាន​ប្រកាស​ថា នឹង​ស្វែង​យល់​ចំណេះដឹង​តាម​ការ​ចង្អុលបង្ហាញ​របស់​ភរិយា​និង​គ្រួសារ​ឪពុក​ម្ដាយក្មេក ដែល​ចង់ឱ្យ​លោក​ធ្វើការ ឬ​ចង់​បើក​ឱ្យ​រកស៊ី​ដើម្បី​ឱ្យ​កាន់តែ​អាច​រឹង​មាំ​នៅ​ក្នុង​ការ​រស់នៅ​ផង​ដែរ ។

លោក​នៅ​តែ​មាន​គម្រោង​ប្រឡូក​ការ​ប្រដាល់​ឱ្យ​ពេញទំហឹង​ដូច​អ្វី​ដែល​ធ្លាប់​បាន​ធ្វើ​កាល​ពី​ពេល​មុន​ការ ដោយ​ក្នុង​ពេល​ខាង​មុខ​លោក​នឹង​ទទួល​ចេញ​ប្រកួត​តាម​ការ​ផ្គូផ្គង​គ្រប់​ប៉ុស្ដិ៍ ក្នុង​នោះ​លោក​ក៏​នឹង​រៀបចំ​ផែនការ​ចេញ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ពាន ឬ​ខ្សែក្រវាត់ ប្រសិនបើ​មានការ​ជ្រើសរើស​នោះ​ផង ។ លោក​ថា ខ្លួន​នៅ​តែ​ចំណាយពេល​ហ្វឹកហាត់​ជា​ប្រចាំ ជា​ពិសេស​ឱ្យ​តែ​មាន​ដំណឹង​ប្រកួត​លេចឡើង គឺ​មិនសូវ​បាន​រយាល​ពី​ការ​ហ្វឹកហាត់​ទេ បើ​ទោះជា​មុន​រៀប​ការ និង​ក្រោយ​រៀប​ការ​លោក​ក៏​មមាញឹក​ខុស​ពី​មុន ។ លោក​មាន​គម្រោង​យក​កូន​ឆាប់​ៗ​តែ​សម្រាប់​គម្រោង​បើក​ជំនួញ​នៅ​មិន​ទាន់​ច្បាស់​ទេ ដរាបណា​លោក​មិន​ទាន់​មានការ​ស្វែង​យល់​ពី​ការ​រកស៊ី​ដិត​ដល់ ។

យ៉ាងណាមិញ លោក​ថា​ក្រោយ​ពី​បាន​ភរិយា​ជា​ចៅសង្កាត់​រង​ទី​១ លោក​ហាក់​ទទួល​បាន​ឱកាស​ការងារ និង​ការ​រាប់អាន​ជាង​មុន ជា​ពិសេស​សូ​ម្បី​តែ​មន្ត្រី​មួយ​ចំនួន​ក្នុង​សង្កាត់ និង​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ក៏​ហៅ​លោក​ឱ្យ​ជួយ​ធ្វើការ​ដើម្បី​ទទួល​បាន​ថវិកា​ផង​ដែរ​។

ជាមួយនឹង​ជំហរ​មិន​ព្រម​បោះបង់​ការ​ប្រដាល់​នេះ បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​សរសើរ​ចំពោះ​កីឡា​ករ នួន ភារ​ក្ស មិន​ដាច់​ពី​មាត់​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ដែល​លោក​កំពុង​ឡើង​កូដ និង​ទទួល​បានការ​ចាប់អារម្មណ៍ ប្រសិនបើ​បាន​ភរិយា​ជា​មនុស្ស​មានមុខមាត់​ហើយ​ឈប់ គឺ​ពិតជា​រឿង​គួរ​ឱ្យ​ស្ដាយ ។ លោក​ថា មិន​បោះបង់​ការ​ប្រដាល់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បើ​មានឱកាស​លោក​អាច​នឹង​បន្ត​ដល់​តំណែង​ជា​គ្រូបង្វឹក​ផង ប្រសិនបើ​លោក​មាន​ពេល ដោយសារ​តែ​ការ​ស្រឡាញ់ និង​ដិតអារម្មណ៍​ជាមួយនឹង​វិស័យ​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ