ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និបាត​បញ្ញា​វន្ត​ពិភពលោក​លើក​ទី​៤ ស្វា​គម​ន៍​អ្នកចូលរួម​ជាង ២,៥០០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សិស្ស​និស្សិត អាណាព្យាបាល បុគ្គលិក និង​ថ្នាក់ដឹកនាំ​ស្ថានទូត មន្ត្រី​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន ជាង​២,៥០០​នាក់​បាន​មក​ចូលរួម​កម្មវិធី​សន្និបាត​បញ្ញា​វន្ត​ពិភពលោក​លើក​ទី​៤ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ ១០-១២…

រាជធានី​ភ្នំពេញ​៖ សិស្ស​និស្សិត អាណាព្យាបាល បុគ្គលិក និង​ថ្នាក់ដឹកនាំ​ស្ថានទូត មន្ត្រី​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន ជាង​២,៥០០​នាក់​បាន​មក​ចូលរួម​កម្មវិធី​សន្និបាត​បញ្ញា​វន្ត​ពិភពលោក​លើក​ទី​៤ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ ១០-១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​សូ​ហ្បី​តែ​ល​ភ្នំពេញ​។

សន្និបាត​បញ្ញវន្ត​ពិភពលោក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥ ដោយ IDP Education ដែល​ជា​ស្ថាប័ន​ផ្តល់​សេវាកម្ម​ការ​អប់រំ​អន្តរជាតិ​ឈានមុខ​គេ​នៅ​ក្នុង​ពិភពលោក​។ បច្ចុប្បន្ន សន្និបាត​បញ្ញា​វន្ត​ពិភពលោក GAC ត្រូវ​បាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ ដែល​ជា​វេទិកា​ដ៏​មាន​សារ​សំខាន់​បំផុត​មួយ​សម្រាប់​ឱកាស​នៃ​ការ​អប់រំ​អន្តរជាតិ និង​ការ​កសាង​បណ្តាញ​ធុរកិច្ច និង​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សន្និបាត​បញ្ញា​វន្ត​ពិភពលោក រួម​មាន​កម្មវិធី​សំខាន់​ៗ​ចំនួន​បី​ ​៖ ការ​តាំង​ពិ​ព័រ​ណ៍​​ការងារ និង​ការ​អប់រំ​សាកល (​ចូលរួម​ដោយ​សេរី​) វេទិកា​ធុរកិច្ច និង​ការ​អប់រំ​សាកល (​ចូលរួម​ដោយ​សេរី​) និង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​បញ្ញវន្ត​ពិភពលោក (​ទិញ​សំបុត្រ​ចូលរួម​)​។ អ្នក​​ឧបត្ថម្ភ​សម្រាប់​សន្និបាត GAC លើក​ទី ៤ រួម​មាន ធនាគារ​ព្រី​ន​ស៍ និង IELTS ឧបត្ថម្ភ​កម្រិត Platinum, សាលា ACE ឧបត្ថម្ភ​កម្រិត Gold និង NERA Telecommunications និង​ធនាគារ​ស្ថាបនា ឧបត្ថម្ភ​កម្រិត Silver​។

នៅ​ក្នុង​កម្មវិធី​អាហារ​ពេល​ល្ងាច​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក៏​ជា​កិច្ច​បើក​ទំព័រ​កម្មវិធី​សន្និបាត​បញ្ញា​វន្ត​ពិភពលោក ក្រោម​អធិបតីភាព ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក George Edgar ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប លោក Luke Arnold តំណាង​ស្ថានទូត​អូស្ត្រាលី និង​លោក​ម៉ៅ ស្រេង នាយក​ស្ថាប័ន IDP Education ប្រចាំ​ប្រទេស​កម្ពុជា​។

ឯកឧត្តម George Edgar, អគ្គរាជទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា «​កម្មវិធី​សន្និបាត​បញ្ញា​វន្ត​ពិភពលោក​នេះ​មាន​សារសំខាន់​ ពីព្រោះ​កម្មវិធី​នេះ​បាន​ផ្តល់​ឱកាស​អោយ​សាធា​រណ​ជន​​ទាំងឡាយ មានឱកាស​ក្នុង​ការ​ស្វែង​យល់​ពី​ការ​សិក្សា​នៅ​ជុំវិញ​ពិភពលោក និង​សម្រាប់​សិស្ស និស្សិត​ដែល​ទទួល​បាន​ឱកាស​ទៅ​សិក្សា​នៅ​ក្រៅប្រទេស ដោយ​បាន​ផ្លាស់​ប្តូរ​ចំណេះដឹង ចែករំលែក​បទ​ពិសោធន៍ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សិស្ស និស្សិត​ដទៃ​ៗ​ទៀត​» ។

នៅ​ក្នុង​កម្មវិធី​អាហារ​ពេល​ល្ងាច លោក​ឯកឧត្តម វេ​ង សុ​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​បើក​កម្មវិធី​ថា «​កម្មវិធី​ដែល​មាន​លក្ខណៈ​ដូច​កម្មវិធី​សន្និបាត​បញ្ញា​វន្ត​ពិភពលោក​នេះ គឺ​បាន​ជួយ​ជម្រុញ​ដ៏​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រមូលផ្តុំ​អតីត​និស្សិត​ក្នុងស្រុក និង​អន្តរជាតិ និង​ស្ថាប័ន​អប់រំ​ដែល​នៅ​ជុំវិញ​ពិភពលោក ព្រមទាំង​សិស្ស និស្សិត អាណាព្យាបាល ឪពុក​ម្តាយ និង​សាធារណជន​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​បន្ត​ការ​សិក្សា​របស់​ខ្លួន​នៅ​បរទេស ដើម្បី​អោយ​មក​សិក្សា​ស្វែង​យល់​អំពី​ឱកាស​សិក្សា និង​ការងារ​ជុំវិញ​ពិភពលោក​។ ខ្ញុំ​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការ​ជម្រុញ​ទឹកចិត្ត​និស្សិត​ខ្មែរ​យើង​អោយ​ជ្រើសរើស​សិក្សា​នៅ​មុខ​វិជ្ជា​ជំនាញ​ពាក់ព័ន្ធ​នឹង​ផ្នែក​កសិកម្ម និង​ត្រលប់​មក​ផ្តល់​នៅ​សក្តានុពល​ទៅ​វិស័យ​នេះ​នៅ​ប្រទេស​របស់​យើង​»​។

កម្មវិធី​អាហារ​ពេល​ល្ងាច​នេះ​មាន​វត្តមាន អ្នកចូលរួម​ជាង​៤០០​នាក់​ដែល​បាន​បង្ហាញ​អោយ​ឃើញ​ពី​សារ​សំខាន់​នៃ​កម្មវិធី​សន្និបាត​បញ្ញា​វន្ត​ពិភពលោក​ទាំងមូល​ផង​ដែរ​។ កម្មវិធី​នេះ បាន​ផ្តល់​នូវ​ឱកាស​ដល់​អ្នកចូលរួម​ក្នុង​ការ​បង្កើត​ធុរកិច្ច បង្កើត​ភាព​ជា​ដៃគូ ក៏​ដូច​ជា​អបអរសាទរ​នូវ​ការ​ចូលរួម​ចំណែក​របស់​ការ​អប់​រំជា​អន្ដរជាតិ​។

ជា​ផ្នែក​មួយ​នៃ​សន្និបាត GAC ពិ​ព័រ​ណ៍​ការងារ និង​ការ​អប់រំ​សាកល​នៅ​ថ្ងៃ​ទី​១១-១២ ខែវិច្ឆិកា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​បាន​ផ្តល់​ជូន​ព័ត៌មាន​លម្អិត​ពេញលេញ​ពី​ស្ថាប័ន​អប់​រំជា​ច្រើន ដែល​បង្ហាញ​ពី​ជម្រើស​នៃ​ការ​អប់រំ​លំដាប់​អន្តរជាតិ​ទៅ​ដល់​សិស្ស​ និស្សិត ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​នៅ​ក្រៅប្រទេស ដែល​មាន​ចំនួន​សរុប​ជាង ៥០ ស្ថាប័ន​ផង​ដែរ​។

លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន IDP Education ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្មវិធី​សន្និបាត​បញ្ញា​វន្ត​ពិភពលោក​លើក​ទី​៤ គឺជា​ព្រឹត្តិការណ៍​ដែល​មាន​លក្ខណៈ «​ទូលំទូលាយ​» រហូត​មក​ដល់​បច្ចុប្បន្ន​ជាមួយនឹង​សមាស​ភាគ​សំខាន់​ៗ​បី​របស់​កម្មវិធី​ទាំងមូល​។

មន្ត្រី​ផ្នែក​អាជីវកម្ម​ប្រចាំ​ធនាគារ ព្រី​ន​ស៍ លោក Bin Devin បា​នប​ញ្ជេ​ញ​មតិ​ថា «​ការ​អប់រំ​គឺជា​ឆ្អឹងខ្នង​ដែល​គាំទ្រ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស ដូច្នេះ​ហើយ​ទើប​ផ្តល់​អាទិភាព​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​យើង​» ។

លោក David Ng មក​ពី​ក្រុមហ៊ុន Nera Telecommunications ដែល​ជា​អ្នក​ឧ​បត្ថម្ភ​ប្រាក់​របស់​កម្មវិធី ក៏​មាន​ប្រសាសន៍​ថា «​យើង​មក​ចូលរួម​កម្មវិធី​សន្និបាត​បញ្ញា​វន្ត​ពិភពលោក​លើក​ទី​៤​នេះ ពីព្រោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ផ្តោត​ទៅ​លើ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​ច្រើន​» ។

លោកស្រី គី សុ​ម៉ា​ណា ប្រធាន​ផ្នែក​ទីផ្សារ និង​ទំនាក់ទំនង​សាធារណៈ ប្រចាំ​ធនាគារ​ស្ថាបនា បាន​មាន​ប្រសាសន៍​ថា «​ធនាគារ ស្ថាបនា​ពេញចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​គាំទ្រ និង​ឧ​បត្ត​ម្ហ​ដល់​កម្មវិធី សន្និបាត​បញ្ញា​វន្ត​ពិភពលោក​លើក​ទី​៤​នេះ​។ មួយ​ក្នុង​ចំណោម​គម្រោង​ការងារ​សង្គម​របស់​ពួក​យើង គឺ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​អប់រំ ដែល​ធ្វើ​អោយ​យើង​បាន​សម្រេចចិត្ត​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ កម្មវិធី​នេះ គឺជា​វេទិកា​ខ្នាត​អន្តរជាតិ​មួយ ដែល​អាច​អោយ​សិស្ស និស្សិត អាណាព្យាបាល ឪពុក​ម្តាយ មន្ត្រីរាជការ និង​បុគ្គលិក​តាម​ស្ថាប័ន​នានា បាន​ចែករំលែក និង​យល់​ដឹង​បន្ថែម​អំពី​ចំណេះដឹង​នានា នឹង​ជា​ពិសេស​បាន​បង្កើត​ទំនាក់ទំនង​ថ្មី​ៗ​ផង​ដែរ​»​។

វេទិកា​ជជែក​ទៅ​លើ​ធុរកិច្ច និង​ការ​អប់រំ​សាកល​ត្រូវ​បាន​ធ្វើ​ឡើង ស្រប​ជាមួយនឹង​ការ​តាំង​ពិ​ព័រ​ណ៍​ការងារ និង​ការ​អប់រំ​សាកល​ផង​ដែរ ដែល​មានការ​ជជែក​វែកញែក​អំពី​ប្រធានបទ​ធំ​ៗ​ចំនួន ៧ និង​វេទិកា​ពិសេស​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ភ្ញៀវ​កិត្តិយស មក​ពី​ស្ថាប័ន​ធំ​ៗ​ផ្សេង​ៗ ប្រចាំ​ប្រទេស​កម្ពុជា និង​ទូ​ទាំង​សកល​លោក​។

កម្មវិធី​សន្និបាត​បញ្ញវន្ត​ពិភពលោក​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សហ​ពាណិជ្ជកម្ម​អន្តរជាតិ និង​សមាគមនិស្សិត​អន្តរជាតិ​ធំ​ៗ ចំនួន ១៨ ដែល​នេះ​បង្ហាញ​អោយ​ឃើញ​ថា​ គុណ​តម្លៃ​នៃ​កម្មវិធី​សន្និបាត​បញ្ញា​វន្ត​ពិភពលោក មាន​ភាព​ទូលំទូលាយ​យ៉ាង​ខ្លាំង​។

លោក Bretton G. Sciaroni ប្រធាន​សភាពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «​យើង​រីករាយ​ដែល​ឃើញ ស្ថាប័ន​ IDP Education បន្ត​បង្កើន​ទំហំ​នៃ​វេទិកា​ពាណិជ្ជកម្ម និង​បញ្ចូល​ការ​អប់រំ​និង​ការងារ​សម្រាប់​លទ្ធផល​នា​ពេល​អនាគត​»​។

«​ខ្ញុំ​តែងតែ​ចូល​ចិត្ត​ចូលរួម​កម្មវិធី​សន្និបាត​បញ្ញា​វន្ត​ពិភពលោក​»​។ អ្នកស្រី អ៊ុំ ស៊ី​វ៉ា​ន ដែល​ជា​អតីត​ប្រធាន​សមាគម​អតីត​និស្សិត​អាហារូបករណ៍ Chevening បាន​បន្ត​ថា «​កម្មវិធី​នេះ​តែងតែ​នាំ​អោយ​ខ្ញុំ​បាន​ជួប​ជាមួយ​មនុស្ស​ដ៏​អស្ចារ្យ​, ឱកាស​ដ៏​មាន​តម្លៃ និង បទ​ពិសោធន៍​ដែល​មិន​អាច​បំភ្លេច​» ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ