ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​នឹង​កា្ល​យ​ជា​មហាអំណាច សេដ្ឋកិច្ច​ធំ​ទី​៤ នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ​២០៣០

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាស៊ាន គឺជា​តួអង្គ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ជាមួយនឹង​កំណើន​យុវជន​វ័យ​កណ្ដាល និង​យុវជន​វ័យ​ពេញ​ធ្វើការ អាស៊ាន​នឹង​កា្ល​យ​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី​៤ នៅ​លើ​ពិភពលោក នៅ​ឆ្នាំ​២០៣០ ពោល គឺ​អនាគត​អាស៊ាន​កំពុង​មាន​ភាព​ភ្លឺស្វាង…

រាជធានី​ភ្នំពេញ ៖ អាស៊ាន គឺជា​តួអង្គ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ជាមួយនឹង​កំណើន​យុវជន​វ័យ​កណ្ដាល និង​យុវជន​វ័យ​ពេញ​ធ្វើការ អាស៊ាន​នឹង​កា្ល​យ​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី​៤ នៅ​លើ​ពិភពលោក នៅ​ឆ្នាំ​២០៣០ ពោល គឺ​អនាគត​អាស៊ាន​កំពុង​មាន​ភាព​ភ្លឺស្វាង ។

នេះ​តាម​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លោក​លី ស៊ា​ន​ឡុ​ង​ជា​ប្រធាន​អាស៊ាន​បាន​លើក​ឡើង​នៅ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៣ នៅ​ប្រទេស​សិង្ហ​បុរី ។ យោង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា លោក​លី ស៊ា​ន​ឡុ​ង នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​អាស៊ាន​ដែល​មាន​សមត្ថភាព​ចូលរួម និង​សហការ​ជាមួយ​បណ្ដា​ប្រទេស​ធំ​ៗ និង​អង្គការ​អន្តរជាតិ​នានា​រួម​ទាំង​ការ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​នានា​ដូច​ជា អាស៊ាន​បូក​បី និង EAS ជាដើម ។

លោក លី ស៊ា​ន​ឡុ​ង​បាន​បញ្ជាក់​ថា​«​នៅ​ថ្ងៃនេះ​អាស៊ាន គឺជា​តួអង្គ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ពិភពលោក ។ ជាមួយនឹង​កំណើន​យុវជន​វ័យ​កណ្ដាល និង​យុវជន​វ័យ​ពេញ​ធ្វើការ​អាស៊ាន​នឹង​កា្ល​យ​ជា​មហាអំណាច សេដ្ឋកិច្ច​ធំ​ទី​៤ នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ​២០៣០ ពោល គឺ​អនាគត​អាស៊ាន​កំពុង​មាន​ភាព​ភ្លឺស្វាង ។ នៅ​ពេល​នេះ គឺ​យើង​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មី​ៗ ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ថ្មី និង​ការ​ផ្លាស់​ប្ដូរ​សំខាន់​ៗ​តាម​រយៈ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ។ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​បាន​រំខាន​ដល់​សេដ្ឋកិច្ច​របស់​យើង និង​បាន​ផ្លាស់​ប្ដូរ​ទម្លាប់​ការ​រស់នៅ​ការ​ធ្វើការ និង​ការ​ទំនាក់ទំនង​របស់​យើង រួម​មាន​ទាំង​ការ​វាយប្រហារ​តាម​ព័ត៌មានវិទ្យា​ទៀត​ផង​» ។

ភេរវកម្ម គឺ​មិនមែន​ត្រឹមតែ​គំរាមកំហែង​ដល់​សន្តិសុខ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ក​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ជាតិ​សាសន៍​នានា និង​សាសនា​ជា​ច្រើន​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ។ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​រូប​នេះ​បាន​បន្ត​ថា បម្រែបម្រួល​អាកាសធាតុ​កំពុង​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ងាយ​រង​គ្រោះ​នឹង​ការ​កើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​។ ការ​កើនឡើង​សីតុណ្ហភាព និង​កំ​ដៅ​ផែនដី​កំពុង​បង្ក​ផល​ប៉ះពាល់​ជាមួយនឹង​ការ​បង្ក​ជា​ជំងឺ​តំបន់​ត្រូពិច​ដែល​គំរាមកំហែង​ដល់​អាយុជីវិត និង​ការ​រស់នៅ​របស់​ប្រជាជន ។ ទាំង​អស់នេះ​មាន​ន័យ​ថា កិច្ច​សហប្រតិបត្តិការ​ពហុភាគី គឺ​មាន​សារៈសំខាន់ និង​ជា​បន្ទាន់​បំផុត​ជាង​ពេល​ណា​ៗ​ទាំងអស់ ។ ការ​ប្រឈម​មុខ​នឹង​បញ្ហា​រួម​នេះ គឺ​មាន​ភាព​ស្មុគស្មាញ​នឹង​មិន​ធ្លាប់​មាន ហើយ​ដំណោះស្រាយ​ក៏​មិន​មាន​ប្រទេស​ណា​ដោះស្រាយ​បញ្ហា​ទាំងនេះ​តែ​ម្នាក់ឯង​បាន​នៅឡើយ​ដែរ ។

លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បូ​រី​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង ដែល​ក្នុង​អាណត្តិ​ជា​ប្រធាន គឺ​ប្រទេស​សមាជិក​ទាំងអស់​បាន​អនុវត្តន៍​ទ្វេ​ឡើង​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​បាន​សម្រេច​ចេញ​នូវ​ដំណោះស្រាយ​ដ៏​ល្អ​ប្រសើរ​នានា​ដែល​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​រួបរួម​ប្រសិទ្ធភាព និង​សម្ព័ន្ធភាព ក្នុង​នាម​ជា​អាស៊ាន ។ ទន្ទឹម​នឹង​នោះ​ដែរ​អាស៊ាន​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ធ្វើ​ពាណិជ្ជកម្ម​ពហុភាគី និង​បោះ​ជំហាន​ទៅ​មុខ​ឲ្យ​បាន​លឿន​ឆ្ពោះទៅ​រក​ការ​បញ្ចប់​កិច្ចចរចា​នានា ទៅ​លើ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​ប្រកបដោយ​ផ្លែផ្កា ។ បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​របស់​អាស៊ាន (ASCN) នឹង​ក្លាយជា​វេទិកា​សម្រាប់​ទីក្រុង​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ធ្វើការ​ផ្សាយ​ភ្ជាប់​គ្នា​ចែករំលែក​បទ​ពិសោធន៍ និង​ធ្វើ​ការងារ​រួម​គ្នា ដើម្បី​លើក​ស្ទួយ​គុណភាព​រស់នៅ​ដែល​ជា​ប្រយោជន៍​របស់​ប្រជាជន ។

លោក​លី ស៊ា​ន​ឡុ​ង ឲ្យ​ដឹង​បន្ថែម​ថា​«​យើង​បាន​ពង្រឹង​មូលដ្ឋាន​សម្រាប់​បរិស្ថាន​តំបន់​ដែល​យក​ច្បាប់​ជា​មូលដ្ឋាន​ជាមួយនឹង​ការ​សន្និដ្ឋាន​នៃ​សន្ធិសញ្ញា​បណ្តោះអាសន្ន​ជា​គំរូ​របស់​អាស៊ាន ។ លទ្ធផល​ទាំងនេះ​បង្ហាញ​ពី​ជំនឿ​យ៉ាង​រឹង​មាំ​របស់​អាស៊ាន​ចំពោះ​គំនិត​បែប​ពហុភាគី​និយម គឺជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​សម្រាប់​ការ​រីក​ចំរើន និង​ស្ថេ​រ​ភាព​នៃ​តំបន់​» ។ នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​នោះ​ដែរ លោក​លី ស៊ា​ន​ឡុ​ង នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ បាន​អញ្ជើញ​ជូន​រង្វាន់​ដល់​ជ័យ​លា​ភី​តម្លៃ​ប្រមាណ​២​ម៉ឺន​៥​ពាន់​ដុល្លារ​ដល់​តំណាង​អង្គការ​ថែរក្សា​កុមារ​អន់​សតិ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ។ បន្ទាប់​មក​មេដឹកនាំ​អាស៊ាន​ទាំងអស់​ក៏​បាន​ថតរូប​អនុស្សាវរីយ៍​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​ថ្ងៃនេះ ។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ ក្រោម​ប្រធានបទ «​ការ​កសាង​នវានុវត្តន៍ និង​ភាពរឹងមាំ​របស់​អាស៊ាន​» ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​ស​ន្និ​សិ​ទ​អន្តរជាតិ​សាន់​តិច​សាធារណរដ្ឋ​សិង្ហ​បុរី​ដែល​មានការ​ចូលរួម​ពី​បណ្តា​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​ក្រោម​កិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រាក់ទាក់​បំផុត​ពី​លោក លី ស៊ា​ន​ឡុ​ង នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ