ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​វិស័យ​សំណង់​ថមថយ តែ​សក្ដានុពល​សម្រាប់​ជំនាញ​នៃ​វិស័យ​នេះ​នៅ​តែ​មាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​រយៈពេល​៣​ត្រីមាស​ឆ្នាំ ២០១៨​នេះ​ហាក់​មាន​កំណើន​ថមថយ​បន្តិច​ក្ដី ប៉ុន្តែ​បើ​មើល​ពី​សក្ដានុពល និង​ឱកាស​វិនិយោគ​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដដែល ធៀប​នឹង​ប្រទេស​ជិតខាង ដែល​ធ្វើ​ឲ្យ​តម្រូវការ​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​នៅ​តែ​មាន​សម្រាប់​ការ​អភិវឌ្ឍ​។ បើ​តាម​លោក គុយ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​រយៈពេល​៣​ត្រីមាស​ឆ្នាំ ២០១៨​នេះ​ហាក់​មាន​កំណើន​ថមថយ​បន្តិច​ក្ដី ប៉ុន្តែ​បើ​មើល​ពី​សក្ដានុពល និង​ឱកាស​វិនិយោគ​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដដែល ធៀប​នឹង​ប្រទេស​ជិតខាង ដែល​ធ្វើ​ឲ្យ​តម្រូវការ​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​នៅ​តែ​មាន​សម្រាប់​ការ​អភិវឌ្ឍ​។

បើ​តាម​លោក គុយ វ៉ា​ត អ្នកជំនាញ​អចលនទ្រព្យ បាន​មាន​ប្រសាសន៍​ថា ចង់​ឲ្យ​មានការ​វិនិយោគ​ដោយ​យូរអង្វែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាំបាច់​ត្រូវ​មានការ​ផ្ដល់​សេវាកម្ម​ល្អ​ប្រសើរ​ទៅ​កាន់​វិនិយោគិន​ដែល​បាន​ឈាន​ជើង​ដល់​កម្ពុជា ដូច្នេះ​សក្ដានុពល​នៃ​អ្នកជំនាញ ដែល​មានចំណេះ​ដឹង​ក្នុង​វិស័យ​អចលនទ្រព្យ គឺជា​រឿង​ចាំបាច់​ណាស់​ដែល​ត្រូវ​តែ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត​ដល់​ធនធានមនុស្ស​កម្ពុជា ។ លោក​បន្ត​ថា ៖« ដើម្បី​ផ្ដល់​សេវាកម្ម​ជូន​ទៅ​វិនិយោគិន​ឲ្យ​បាន​ល្អ​បំផុត​នោះ គឺ​ត្រូវការ​ឲ្យ​ធនធានមនុស្ស​របស់​កម្ពុជា​យើង​ចូលរួម​ធ្វើ​ការងារ​ជា​ក្រុម ក្នុង​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អ​លន​ទ្រព្យ សំណង់​ឲ្យ​កាន់តែ​ល្អ​ប្រសើរ នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ » ។

លោក ខន គង្គា អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនទ្រព្យ អុ​ី​អរ​អេ ( ERA ) បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវការ​ធនធាន​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​រាប់​ម៉ឺន​នាក់​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លក់ និង​ប្រឹក្សា​យោបល់​ទៅ​អ្នក​អភិវឌ្ឍន៍​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​អ្នក​អភិវឌ្ឍន៍​ដែល​មក​ពី​បណ្ដា​ប្រទេស​នានា​ជុំវិញ​សាកលលោក ព្រោះថា​កាលណា​អ្នកជំនាញ និង​ធនធានមនុស្ស​នៅ​ក្នុង​វិស័យ​នេះ​កាន់តែ​ច្រើន វា​កាន់តែ​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស ។
លោក​បន្ដ​ថា ៖« សក្ដានុពល​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា យើង​មើលឃើញ​ថា នៅ​មាន​ភាព​ទូលំទូលាយ​ណាស់ បើ​ធៀប​នឹង​ប្រទេស​ជិតខាង ដូចនេះ ធនធានមនុស្ស​ក្នុង​វិស័យ​នេះ ត្រូវការ​ច្រើន​ទៀត មិន​ថា​តែ​ក្រុមហ៊ុន​យើង​មួយ ឬ​ក្រុមហ៊ុន​អចលនទ្រព្យ​ផ្សេង​ៗ ក៏​ត្រូវការ​ពង្រីក​បន្ថែម​ដែរ »​។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ មាន​មនុស្ស​ជា​ច្រើន​បាន​តាំងខ្លួន​ជា​អ្នកជំនាញ ឬ​ជា​ភ្នាក់ងារ​អចលនទ្រព្យ ក៏​ដូច​ជា​អ្នក​វាយតម្លៃ​អចលនទ្រព្យ ទាំង​ដែល​ខ្លួន​មិន​ធ្លាប់​មានបទពិសោធន៍ មិន​ធ្លាប់​បាន​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ ដូចនេះ បើសិនជា​បែប​នេះ​កាន់តែ​ច្រើន នឹង​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​មាន​បញ្ហា ព្រោះតែ​ជំនាញ​មិន​ពិតប្រាកដ ហើយ​វាយតម្លៃ​មិន​ត្រូវ​នឹង​ស្ថានការណ៍​អចលនទ្រព្យ​នៅ​ពេល​បច្ចុប្បន្ន ។
លោក​បន្ដ​ថា ៖« អ្នកជំនាញ មិន​ពិតប្រាកដ និង​មិន​មានបទពិសោធន៍​ច្បាស់លាស់ ហើយ​តាំងខ្លួន​ជា​អ្នកជំនាញ​និង​អ្នក​វាយតម្លៃ នឹង​ធ្វើ​ឲ្យ​វិនិយោគិន​អស់ជំនឿ ពេល​នោះ​គេ​អាច​នឹង​បាត់បង់​ទំនុកចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា យើង » ។

យោង​តាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៣​ត្រីមាស​កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​សរុប​ជាង​៤.៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​អាជ្ញាធរ​បាន​ផ្ដល់​សិទ្ធិ​ក្នុង​ការ​វិនិយោគ​ចំនួន​ជាង​២.៥០០​គម្រោង ដែល​មាន​ផ្ទៃក្រឡា​ជាង​១០​លាន​ម៉ែត្រការ៉េ​។ ក្នុង​ចំណោម​គម្រោង​ទាំងនោះ មាន​៣៣​គម្រោង​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៤៨០​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ