ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​គាំទ្រ​គម្រោង​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ពាក់មួក​សុវត្ថិភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​ស៊ី​ហ​នុ ៖ រាជ​ដ្ឋា​ភិ​បាល​ប្រកាស​គាំទ្រ​គម្រោង​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការ​ពាក់មួក​សុវត្ថិភាព​ព្រមទាំង​ការ​ចុះ​អប់រំ​អំពី​ការ​ពាក់មួក​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំ ណើ​រ ។ ​នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។ លោកស្រី​មឹន…

ខេត្ត​ព្រះ​ស៊ី​ហ​នុ ៖ រាជ​ដ្ឋា​ភិ​បាល​ប្រកាស​គាំទ្រ​គម្រោង​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការ​ពាក់មួក​សុវត្ថិភាព​ព្រមទាំង​ការ​ចុះ​អប់រំ​អំពី​ការ​ពាក់មួក​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំ ណើ​រ ។ ​នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោកស្រី​មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​ក្នុង​កម្មវិធី​មួក​សុវត្ថិភាព​សម្រាប់​គ្រួសារ និង​ការ​ចែក​ជូន​ជា​មួក​សុវត្ថិភាព​ចំនួន​ជាង​១ ០០០​មួក​ទៅ​ដល់​សិស្សានុសិស្ស​លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល​សិស្ស​នៃ​សាលា​បឋម​សិក្សា ហ៊ុន សែន ក្រុង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា​ថា មានការ​ផ្សារ​ភ្ជាប់​គ្នា​ជា​វិជ្ជមាន​រវាង​ចំណេះដឹង​របស់​មាតាបិតា​អំពី​ការ​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ និង​ចំណេះដឹង​របស់​កុមារ​អំពី​ការ​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ ។

លោកស្រី​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​ពិតជា​មានការ​គាំទ្រ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជា​ពិសេស​ការ​ពាក់មួក​សុវត្ថិភាព​ក្នុង​ចំណោម​សិស្សានុសិស្ស​សំដៅ​កាត់​បន្ថយ និង​បង្ការ​ការ​ស្លាប់ និង​ការ​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​» ។ លោក​ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា «​ខេត្ត​របស់​យើង​មានការ​កើនឡើង​នូវ​ចំនួន​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់ ហើយ​ជា​លទ្ធផល​មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើងជា​បន្តបន្ទាប់ ។ ហើយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនោះ​មួយ​ចំនួន​ជា​កុមារ ។

យើង​បាន​ប្តេជ្ញា​ចិត្ត​កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​គាំទ្រ​ដល់​កិច្ចសហការ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត និង​ដៃគូ​ពាក់ព័ន្ធ​ដូច​ជា អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ដែល​ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កុមារ​» ។ លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ក៏​បាន​លើក​ឡើង​ថា​៖ «​យើង​ប្តេជ្ញា​ធ្វើការ​ជាមួយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី និង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់​នូវ​អនាគត​ល្អ​ប្រសើរ​សម្រាប់​ក្រុម​គ្រួសារ​នៅ​ក្នុង​សហគមន៍​ដែល​យើង​ប្រតិបត្តិការ​អាជីវកម្ម ។ ចាប់តាំងពី​ឆ្នាំ​២០១២ មក​កម្មវិធី​មួក​សុវត្ថិភាព​សម្រាប់​គ្រួ​សារបាន​ផ្តល់​នូវ​ការ​អប់រំ និង​ជំនាញ​អំពី​សុវត្ថិភាព​ចរាចរណ៍​ដល់​សិស្សានុសិស្ស​ចំនួន​ជាង​៤០០០​នាក់ និង​មាតាបិតា​សិស្ស​ចំនួន​ជាង​៨០០០​នាក់ ។ តាម​រយៈ​ការ​អប់រំ​នេះ​យើង​បាន​ជួយ​ដល់​ក្រុម​គ្រួសារ​រាប់​ពាន់​គ្រួសារ​ឱ្យ​មាន​ជម្រើស​សុវត្ថិ​ភាពល្អ​ៗ និង​បាន​ចូលរួម​កសាង​សហគមន៍​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព​ជាង​មុន​» ។

លោក​គឹ​ម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា «​សាលា​បឋម​សិក្សា​ហ៊ុន សែន ក្រុង​ត្រូវ​បាន​ជ្រើសរើស​មក​អនុវត្ត​កម្មវិធី​ដោយសារ តែ​ទីតាំង​ជា​តំបន់​ដែល​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់ ហើយ​សិស្សានុសិស្ស​ត្រូវធ្វើ​ដំណើរ​ទៅ​មក​សាលារៀន តាម​ផ្លូវ​ដែល​មាន​ចរាចរណ៍​មមាញឹក​នៅ​ក្នុង​ខេត្ដ ។ សិស្សានុសិស្ស​របស់​សាលារៀន​នេះ​ប្រមាណ​៩០​ភាគរយ​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​ជិះ​កង់ ឬ​តាម​ម៉ូតូ​ជាមួយ​អាណាព្យាបាល ។ លោក​បាន​បញ្ជាក់​ទៀត​ថា​« កាលពី​ឆ្នាំ​កន្លង​មកនេះ​មាន​សិស្ស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ហើយ​យ៉ាង​ហោច​ណាស់​មាន​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​ចំនួន​ប្រាំពីរ​នាក់ ទទួល​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។ កម្មវិធី​មួក​សុវត្ថិភាព​សម្រាប់​គ្រួសារ​នឹង​ផ្តល់​នូវ​មួក​សុវត្ថិភាព​ដែល​មានគុណ​ភាព និង​ការ​បណ្តុះបណ្តាល​សុវត្ថិភាព​ចរាចរណ៍​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​មាតាបិតា​អាណាព្យាបាល​សិស្ស​ដែល​រស់នៅ​ក្នុង​សហគមន៍​ដែល​ងាយ​រង​គ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ »​។

កម្មវិធី​មួក​សុវត្ថិភាព​សម្រាប់​គ្រួសារ​នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ពេញ​មួយ​ឆ្នាំ​សិក្សា​២០១៨ ដល់​២០១៩ ។ ការ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ប្រមាណ​ជិត​១០% នៅ​ក្នុង​ខេត្ត កាលពី​ឆ្នាំ​២០១៧ ហើយ​បាន​ធ្វើ​ឱ្យ​ខេត្ត​ព្រះ​សីហ​នុ​ក្លាយជា​ខេត្ត​ដែល​មាន​កម្រិត​គ្រោះថ្នាក់​ចរាចរណ៍​ទី​១១​ខ្ពស់​ជាងគេ ។ គោលដៅ​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី គឺ​បន្ត​បង្កើន​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ពាក់មួក​សុវត្ថិភាព​សម្រាប់​ប្រជាជន​ទាំងអស់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ