ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំណត់​បើក​ប្រជុំ​ពេញអង្គ​ពិភាក្សា និង​អនុម័ត​ច្បាប់​សម្រាប់​ឆ្នាំ២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​បាន​កំណត់​ថ្ងៃ​ទី​១៥ វិច្ឆិកា ឆ្នាំ​២០១៨ បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​រដ្ឋសភា​បាន​កំណត់​ថ្ងៃ​ទី​១៥ វិច្ឆិកា ឆ្នាំ​២០១៨ បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩ និង​របៀបវារៈ​មួយ​ចំនួន​ទៀត ។ នេះ​បើ​តាម​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា ។

លោក​ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​ឲ្យ​ដឹង ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា​បាន​គណៈកម្មាធិការ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​សម្ដេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​និង​មានការ​ចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍​ទាំងអស់ ។ អង្គប្រជុំ​បាន​ធ្វើការ​ពិភាក្សា និង​អនុម័ត​តាម​របៀបវារៈ​ដោយ​មាន​លទ្ធផល​ដូច​ខាងក្រោម ១- អង្គប្រជុំ​បាន​អនុម័ត​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​១ នីតិកាល​ទី​៦​នូវ​ទី​១- សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩ ។ ទី​២ – សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៧ ។ ទី​៣ – សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ ១- កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល ។ ២- កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល ។ ទី​៤ – សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម លើ​សិ​ន្ធិ​សញ្ញា​ស្តី​ពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុ​ស្ស៊ី ។

សូម​ជម្រាប​ថា បើ​តាម​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកាជាតិ​ចំនួន​២៧១៦៤ ៩៩៦ លាន​រៀល​ស្មើនឹង​២៤,៧២% នៃ ផសស និង​មាន​កំណើន ១១,៤% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៨ ខណៈ​ចំណូល​ថវិកាជាតិ​មាន​ចំនួន​២១១៨៦ ២២៨ លាន​រៀល ស្មើនឹង​១៩,២៨% នៃ ផសស និង​មាន​កំណើន ១៤,០% បើ​ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៨ ។

យោង​តាម​ខ្លឹមសារ​សង្ខេប​ស្តី​ពី​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល​អតិរេក​ថវិកា​ចរន្ត​អាច​រក្សា​បាន​ក្នុង​កម្រិត​ប្រមាណ ២,៨១% នៃ ផសស នៅ​ឆ្នាំ​២០១៩ និង​មាន​ឱនភាព​ថវិកា​សរុប​ស្មើនឹង​-៥,៤៤% ផសស ស្រប​តាម​គោលនយោបាយ​ពង្រឹង​ការ​គ្រប់គ្រង​ថវិកា (Fiscal Consolidation) ។

ឱនភាព​នេះ​ត្រូវ​បាន​បំពេញបន្ថែម ដោយ​ហិរញ្ញប្បទាន ក្រៅប្រទេស​ក្នុង​ទំហំ ៤,៨៤%​នៃ ផសស មូលនិធិ​ទ្រទ្រង់​ថវិកា​ប្រមាណ ០,២៣% នៃ ផសស និង​ប្រាក់​បញ្ញើ​រាជរដ្ឋាភិបាល​ក្នុង​ទំហំ ០,៣៧% នៃ ផសស ស្មើនឹង​៤០៥ ០០០​លាន​រៀល ឬ​សម​មូល​នឹង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ត្រូវ​បាន​គ្រោង​យក​មក​ប្រើប្រាស់​សម្រាប់​ផ្ដល់​ទុក​ដល់​ការ​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម (SMEs Bank) របស់​រដ្ឋ ។
ដូច្នេះ​បើ​មិន​គិត​អំពី​តម្រូវការ​ទុន​សម្រាប់​បង្កើត​ធនាគារ​ធុន​តូច និង​មធ្យម​នេះ​ទេ គឺ​ថវិកា​ឆ្នាំ​២០១៩ មាន​តុល្យភាព​ដោយ​មិន​ចាំបាច់​ប្រើ​ប្រាក់​បញ្ញើ ឬ​ហៅ​ថា​«​ប្រាក់​សន្សំ​» របស់​រាជរដ្ឋាភិបាល​នោះ​ទេ ។

សូម​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែ ន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា​នេះ បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ទំហំ​នៃ​ការ​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០១៩ ក្នុង​កម្រិត​១៤០០​លាន​អេស​ដេ​អ៊ែ​រ (SDR) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ