ទីក្រុងបាងកក ៖ អ្នកនាំចេញអង្ករក្នុងប្រទេសថៃអាចនឹងជួបប្រទះការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅឆ្នាំក្រោយ ខណៈដែលប្រទេសទិញអង្ករធំៗកាត់បន្ថយការនាំចូល និងប្រទេសនាំចេញអង្ករបង្កើនការនាំចេញ ។
លោក Charoen Laothammatas ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ប្រទេសឥណ្ឌានឹងរក្សាតំណែងលេខមួយក្នុងការនាំចេញអង្ករប្រចាំឆ្នាំ២០១៩ បន្ទាប់ពីនោះគឺប្រទេសថៃ វៀតណាម ប៉ាគីស្ថាន មីយ៉ាន់ម៉ា និងសហរដ្ឋអាមេរិក ។
លោកបានបន្តថា ប្រទេសចិនក៏អាចនឹងក្លាយជាតួអង្គដ៏សំខាន់ក្នុងទីផ្សារអង្ករពិភពលោកដែរនៅប៉ុន្មានឆ្នាំខាងមុខនេះ ព្រោះប្រទេសនេះមានអង្ករស្តុកទុកជាច្រើន ។
លោក Charoen បាននិយាយថា ៖« ក្នុងឆ្នាំនេះ ប្រទេសហ្វីលីពីននិងឥណ្ឌូណេស៊ីបាននាំចូលជាច្រើនដើម្បីផ្គត់ផ្គង់តាមតម្រូវការនិងបញ្ឈប់កំណើនតម្លៃអង្ករ ។ ប្រទេសឥណ្ឌូណេស៊ី ត្រូវបានព្យាករណ៍ថា នឹងនាំចូលអង្ករមិនតិចជាង៣លានតោនទេក្នុងឆ្នាំនេះ ខណៈដែលហ្វីលីពីននឹងនាំចូលច្រើនជាង ២.៥លានតោន ព្រោះតែអាកាសធាតុមិនល្អ ។ ពួកយើងគិតថាប្រទេសទាំងពីរ នឹងកាត់បន្ថយការទិញអង្ករនៅឆ្នាំក្រោយ »។
យោងតាមលោក Charoen ប្រទេសចិននឹងគ្រប់គ្រងអង្ករស្តុកទុកដល់ទៅ៩៦លានតោនក្នុងឆ្នាំនេះ ឬច្រើនជាងឆ្នាំមុន១,៦% ដែលស្មើ ៩៤,៥លានតោន ។ ជាមួយគ្នានេះដែរ ប្រទេសចិនបាននាំចេញអង្ករស និងអង្ករស្ងោរជាច្រើនទៅកាន់អាហ្វ្រិកកាលពី៩ខែដំបូងនាឆ្នាំនេះ ក្នុងតម្លៃ៣២៥ដុល្លារក្នុង១តោន ឬទាបជាងតម្លៃងង្ករស្ងោរថៃដែលមានតម្លៃ ៣២៩ដុល្លារក្នុង១តោន ។ កាលពី៩ខែដំបូងនាឆ្នាំនេះ ការនាំចេញអង្ករស្ងោររបស់ប្រទេសថៃបានធ្លាក់ចុះ ១០,៩% បើធៀបនឹងឆ្នាំមុនមកស្មើ ១,៩៥លានតោន ។
លោកCharoen បាននិយាយថា ៖« ប្រសិនបើប្រទេសចិនបង្កើនការនាំចេញក្នុងឆ្នាំ២០១៩ នោះប្រទេសនេះនឹងក្លាយជាដៃគូប្រកួតប្រជែងដ៏សំខាន់សម្រាប់ប្រទេសថៃ »។
យោងតាមនាយកដ្ឋានកសិកម្មរបស់អាមេរិកបានឲ្យដឹងថា ប្រទេសឥណ្ឌានឹងនាំចេញអង្ករប្រមាណ១៣លានតោននៅឆ្នាំ២០១៩ បន្ទាប់ពីនោះគឺប្រទេសថៃដែលនឹងនាំចេញ១១លានតោន វៀតណាម៧លានតោន ប៉ាគីស្ថាន៤,៣លានតោន មីយ៉ាន់ម៉ា៣លានតោន សហរដ្ឋអាមេរិក៣,២លានតោន ចិន១,៩លានតោន និងកម្ពុជា១,៣លានតោន ។
ប៉ុន្តែសមាគមខាងលើព្យាករណ៍ថា ប្រទេសថៃ នឹងនាំចេញអង្ករប្រមាណ១០លានតោន បន្ទាប់ពីនាំចេញបាន១១លានតោនក្នុងឆ្នាំនេះ ៕
ចែករំលែកព័តមាននេះ