ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បញ្ហា​ច្រើន​ពេក ឌី លី​ណា តារា​កំពុង​ល្បី​ចង់​បោះបង់​សិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​ឌី លី​ណា ហៅ​ពី​យ៉ា បាន​ប្រកាស​ដើរ​ចេញពី​ពិភព​សិល្បៈ​ពាក់​កណ្តាល​ទី ក្នុង​ពេល​ដែល​វត្តមាន​សម្តែង​របស់​នាង​បាន​លេច​ឡើងជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​រយៈ​ទាំង​រឿង​ភាគ​ទូរទស្សន៍ និង​រឿង​ដុំ ។ ឌី លី​ណា…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​ឌី លី​ណា ហៅ​ពី​យ៉ា បាន​ប្រកាស​ដើរ​ចេញពី​ពិភព​សិល្បៈ​ពាក់​កណ្តាល​ទី ក្នុង​ពេល​ដែល​វត្តមាន​សម្តែង​របស់​នាង​បាន​លេច​ឡើងជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​រយៈ​ទាំង​រឿង​ភាគ​ទូរទស្សន៍ និង​រឿង​ដុំ ។

ឌី លី​ណា បាន​ប្រកាស​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នេះ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ នាង​បញ្ជាក់​ថា បន្ទាប់​ពី​នាង​ថត​បញ្ចប់​ខ្សែភាពយន្ត​ចំនួន​បួន​រឿង​ហើយ​នោះ​នាង​នឹង​ឈប់​ពី​សិល្បៈ​ហើយ ។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​គាំទ្រ​ភ្ញាក់ផ្អើល ។ គេ​ចង់​ដឹង​ពី​មូលហេតុ​យ៉ាងណា​ដែល​ធ្វើ​ឲ្យ​នាង​សម្រេ​ចចិត្ត​បែប​នេះ ព្រោះ​នាង​កំពុង​តែ​មានឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។ បើ​ទោះបីជា​ការ​ប្រកាស​របស់​ពី​យ៉ា វា​ជា​ចេតនា​ពិត ឬ​គ្រាន់តែ​ជា​ការ​និយាយ​ចោល​ក៏​ដោយ ប៉ុន្តែ​ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង​មួយ​ចំនួន​មិន​ចង់​ឲ្យ​នាង​ដើរ​ចេញពី​សិល្បៈ​ទាំង​ពាក់កណ្តាល​ទី​ដូច្នេះ​ឡើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​តារា​សម្តែង​នៅ​ក្នុង​រឿង​«​ភរិយា​ឥត​ខាន់ស្លា​» នាង​ពី​យ៉ា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា នាង​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​នៅ​ក្នុង​វិស័យ​សិល្បៈ​។ នាង​បញ្ជាក់​ថា «​ដោយសារ​តែ​បញ្ហា​ច្រើន​ពេក​ទើប​នាង​ខ្ញុំ​មាន​បំណង​ចង់​ដើរ​ចេញពី​សិល្បៈ ដើម្បី​បាន​ធូរស្រាល​អារម្មណ៍ និង​រំសាយ​ភាព​ស្មុគស្មាញ​ចេញ »​។  ពី​យ៉ា មិន​អាច​រៀបរាប់​ឲ្យ​លម្អិត​ពី​បញ្ហា​ដែល​ធ្វើ​ឲ្យ​នាង​ចង់​ដើរ​ចេញពី​សិល្បៈ​ឡើយ ខណៈ​ពេល​ដែល​ការ​សម្រេចចិត្ត​នេះ​នាង​ក៏​មិន​ទាន់​ប្រាកដ​ច្បាស់​នៅ​ក្នុង​ចិត្ត​នៅឡើយ​ទេ ។

កញ្ញា​ពី​យ៉ា គឺជា​តារា​ស្រី​មួយ​រូប​កំពុង​ទទួល​គាំទ្រ និង​លេចធ្លោ​ក្នុង​រឿង​ភាគ​ជា​ច្រើន ហើយ​ជា​ពិសេស​នាង​ទើប​លេចមុខ​ក្នុង​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​លេខ​៥​គឺ​រឿង​«​ភូមិ​គ្រឹះ​មួយ​រយ​ល្បិច​» ដោយ​ជា​នាង​តួ​នាង​ខ្មោច​សាហាវ​គួរ​ឲ្យ​ខ្លាច ។

កន្លង​មក​ពី​យ៉ា បាន​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ពិភព​សិល្បៈ បន្ទាប់​ពី​នាង​ត្រូវ​គេ​សង្ស័យ​ថា បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​លោក សុវណ្ណ មក​រា ។ បញ្ហា​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អតីត​ភរិយា​របស់​លោក​សុវណ្ណ មក​រា គឺ​អ្នក​នាង​ឈិ​ន សុធា​រី ខឹង​យ៉ាង​ខ្លាំង រហូត​បង្ហោះ​សារ​ដៀមដាម​ជា​បន្តបន្ទាប់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ពី​យ៉ា បាន​បដិសេធ ដោយ​នាង​ថា​មិន​មាន​អ្វី​លើស​ពី​ការ​រាប់អាន​គ្នា​ជា​បងប្អូន​ទេ​ជាមួយ​សុវណ្ណ មក​រា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ